ក្រុមហ៊ុនអេសឺរបស់តៃវ៉ាន់ ប្រកាសចេញក្ដាបញ្ជា ដំណើរការជាមួយវីនដូវ៨ (VDO)
ក្រុមហ៊ុនដែលនាំមុខគេក្នុងការលក់កុំព្យូទ័ររបស់ប្រទេសតៃវ៉ាន់ អេសឺ (Acer) បានប្រកាសបង្ហាញ ជាផ្លូវការមួយ នូវ ថេបប្លិត (tablet) ទំហំអេក្រង់៨.១អ៊ីញ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨ (Windows 8 ) របស់ ក្រុមហ៊ុន មីក្រូសូហ្វ (Microsoft) ជាលើកដំបូងរបស់ខ្លូន កាលពីថ្ងៃច័ន្ទកន្លងទៅ។
ការប្រកាសនេះ ត្រូវបានធ្វើឡើងក្នុងឱកាសប្រារព្ធខួបលើកទី៣៣ របស់ក្រុមហ៊ុនកុំព្យូធីច (Computex) នៅក្នុងទីក្រុងតៃប៉ិ (Taipei) ដែលជាក្រុមហ៊ុនពាណិជ្ជកម្ម ផ្នែកពត៌មានវិទ្យាមួយ ឈានមុនគេនៅក្នុង តំបន់អាស៊ី។
ថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺនេះ មានឈ្មោះថា អាយខុនៀ ដិប័លយូ៣ (Iconia W3) ដែលមានទម្ងន់ ៥៤០ក្រាម និងមានកម្រាស់ប្រមាណ ១១.៣៥មីលីម៉ែត្រ។ វាមានបន្ទះក្តាចុចប្រភេទប្លូធូស (Bluetooth) ដែលមានភាពរហ័សជាងមុន និងងាយស្រួលក្នុងការវាយអក្សរ។
បន្ទាប់ពីមានការនាំមុខក្នុងទីផ្សារទៅលើកុំព្យូទ័រយួដៃ និងកុំព្យូទ័រលើតុរួចមក ក្រុមហ៊ុនមីក្រូសូហ្វ មានវិបត្តិយ៉ាងខ្លាំង ដែលមិនអាចប្រកួតប្រជែងជាមួយនឹង អេនដ្រយ (Android) របស់ក្រុមហ៊ុនហ្គូហ្គ័ល (Google) និងអាយអូអេស (iOS) របស់ក្រុមហ៊ុនអ័បផល (Apple) បាននោះទេ នៅក្នុងទីផ្សារថេប្លិត។
ឆ្លើយតបទៅនឹងចំណុចនេះ ឃើញថាថ្មីៗនេះក្រុមហ៊ុនមីក្រូសូហ្វ អាចទទួលកំរ៉ៃពីការលក់អាជ្ញាប័ណ្ណ ដែលដំណើរការនៅលើពពួកថេប្លិតនេះ បានត្រឹមតែ៣០%តែប៉ុណ្ណោះ។
លោកម៉ាក អេចស៊ូ (Mars Hsu) នាយកមូលបត្ររបស់ក្រុមហ៊ុនហ្គ្រែន កាថាយ (Grand Cathay) បានប្រាប់ដល់ទីភ្នាក់ងារសារព័ត៌មានបារាំង អាអេហ្វប៉េ ថា «ការបង្ហាញខ្លួនថេប្លិតថ្មីរបស់ក្រុមហ៊ុនអេសឺ ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការវីនដូ៨នេះ វាបង្ហាញឲ្យឃើញយ៉ាងច្បាស់ថា ក្រុមហ៊ុនមីក្រូសូហ្វ កំពុងតែ ចង់ចាប់យកទីផ្សារដ៏ធំមួយផ្នែកទៀតរបស់ថេប្លិត។»
ថេប្លិតម៉ូដែលថ្មីនេះ នឹងចេញលក់ជាផ្លូវការនៅពាក់កណ្តាលខែមិថុនានេះ ដែលមានតម្លៃប្រមាណ ៣៥០ដុល្លាអាមេរិក (តម្លៃដែលក្រុមហ៊ុនអេសឺ បង្ហាញប្រាប់)៕
រូបថត និងវីដេអូ របស់ផលិតផលថ្មីនេះ ៖
----------------------------------------------------
