ទីបំផុត Sony ពិតជាប្រកាសចេញទូរស័ព្ទអេក្រង់ធំហើយ
ទីបំផុតទូរស័ព្ទ Sony Xperia Z Ultra (ZU) ត្រូវបានក្រុមហ៊ុន Sony ប្រកាសចេញជាផ្លូវការហើយ ជាមួយនឹងលក្ខណសម្បត្តិពិសេសមានអេក្រង់ទំហំ 6.4-inch កម្រិតភាពច្បាស់ Full HD ស្តង់ដារទូរស័ព្ទ Sony Xperia Z និងកុំព្យូទ័របន្ទះស្ដើង Sony Xperia Tablet Z ដែលអាចការពារបានទាំងទឹកនិងធូលី ។
ទូរស័ព្ទដំបូងដែលជាប្រភេទ Phablet របស់ក្រុមហ៊ុន Sony មិនត្រឹមតែមាននូវលក្ខណសម្បត្តិពិសេសអាចការពារបានទាំងទឹកនិងធូលីប៉ុណ្ណោះទេ តែទូរស័ព្ទនេះត្រូវបានរចនាឡើងជាមួយបច្ចេកវិទ្យាខ្ពស់ដែលអាចឲ្យគេអាចប្រើបានទាំងប៊ិក និងខ្មៅដៃធម្មតា ។ តាមរយៈការបន្ថែមនូវលក្ខណសម្បត្តិដែលអាចឲ្យគេអាចប្រើទាំងប៊ិក និងខ្មៅដៃធម្មតា បានធ្វើឲ្យ Sony Xperia Z Ultra មានភាពខុសគ្នាដាច់ទៅនឹងទូរស័ព្ទប្រភេទដូចគ្នាផ្សេងៗទៀតដែលអាចប្រើបានត្រឹមតែប៊ិក ដែលគេហៅថា S Pen ។
លក្ខណសម្បត្តិបែបបច្ចេកទេសរបស់ Sony Xperia Z Ultra ៖
- អេក្រង់ 6.4-inch
- កម្រិតភាពច្បាស់ 1080p (Full HD) (1,920 x 1,080)
- កាមេរ៉ាមុខ 2MP ក្រោយ 8MP Exmor RS sensor
- CPU ជំនាន់ចុងក្រោយរបស់ Qualcomm 2.2GHz quad-core Snapdragon 800
- RAM 2GB
- បំពាក់ដោយ 4G LTE, NFC
- ទម្ងន់ 212 grams (ធ្ងន់ជាង Xperia Z ចំនួន 50 grams)
- កម្រាស់ 6.5mm
- អង្គផ្ទុកទិន្នន័យជាប់ម៉ាស៊ីនទំហំ 16GB ប្រើបាន 11GB និងមានបន្ថែម microSD card
- ថាមពលថ្ម 3,000mAh (អាចនិយាយបានពី ១៤ ទៅ ១៦ម៉ោង ស្ដាប់តន្ត្រីបាន ១២០ម៉ោង)
- ប្រព័ន្ធប្រតិបត្តិការ Android Jelly Bean 4.2
ទស្សនាវីឌីអូពីភាពស្រស់ស្អាតរបស់ Sony Xperia Z Ultra ៖
សូមបញ្ជាក់ថា ទូរស័ព្ទទំនើប Sony Xperia Z Ultra ដែលមានអេក្រង់ធំ និងជាគូប្រកួតយ៉ាងពិសេសទៅនឹងស្រឡាយ Galaxy Note និង Galaxy Mega របស់ក្រុមហ៊ុន Samsung ក្នុងពេលខាងមុខដ៏ខ្លី ទូរស័ព្ទនេះមិនទាន់ត្រូវបានក្រុមហ៊ុនបញ្ចេញឲ្យដឹងពីតម្លៃនូវឡើយទេ ហើយវានឹងត្រូវចេញលក់ជាផ្លូវការនៅក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ី នាខែកក្កដាខាងមុខ ៕
[Update ] ទូរស័ព្ទ Sony Xperia Z Ultra នឹងត្រូវប្រកាសចេញលក់នៅទីផ្សារអឺរ៉ុបក្នុងតម្លៃ €719 ឬ ប្រហែល $941.17 នាត្រីមាសទី៣ ។