វេទិកាការងារលើកទី៩ នៅកោះពេជ្រ នឹងជួយបង្កើនការងារ ដល់យុវជនកម្ពុជា កាន់តែច្រើនឡើង

6/26/2013 0 Comments A+ a-

ភ្នំពេញៈ វេទិកាការងារ លើកទី៩ ដែលរៀបចំ ដោយ សភាពពាណិជ្ជកម្មបារាំង-កម្ពុជា(CCFC) រយៈពេល២ ថ្ងៃ នៅមជ្ឈមណ្ឌល កោះពេជ្រ ត្រូវបានគេ រំពឹងថា នឹងជួយបង្កើនការងារ យ៉ាងច្រើន ដល់យុវជនខ្មែរ តាមរយៈ ការជួបផ្ទាល់ជាមួយ និយោជក ឬ ថ្នាក់ដឹកនាំ នៃក្រុមហ៊ុនប្រមាណ ៦០ នៅក្នុងប្រទេសកម្ពុជា។
វេទិកា ការងារ ប្រចាំឆ្នាំ២០១៣នេះ បានចាប់ផ្តើម នៅថ្ងៃទី២២-២៣ ខែមិថុនា កន្លងទៅ ដោយមាន ការចូលរួមពី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ឹម សិទ្ធី និង លោកម៉ៅថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម និង ឯកអគ្គរដ្ឋទូត ប្រទេសបារាំង ប្រចាំនៅកម្ពុជា។
លោក អ៊ឹម សិទ្ធី បានថ្លែងថា វេទិកានេះ នឹងផ្តល់ឱកាសដល់ យុវជនខ្មែរ ក៏ដូចជា សិស្ស-និស្សិត ទទួលបាន ការងារត្រឹមត្រូវមួយ តាមរយៈការជួបផ្ទាល់ ជាមួយនិយោជក ក៏ដូចជា ថ្នាក់ដឹកនាំ តាមក្រុមហ៊ុន ដែលពួកគេ ចង់ធ្វើការ ស្របទៅតាម គោលដៅរបស់គេ ។
លោកបានបន្ថែមថា សហគ្រាស នឹងបានបើកបង្ហាញនូវ យុទ្ធសាស្រ្ត នៃការវិវត្ត របស់ខ្លួន ដែលទាមទារនូវ កម្លាំងពលកម្មថ្មីៗ ប្រកបទៅដោយចំណេះដឹងខ្ពស់រួមគំនិត ច្នៃប្រឌិត មានភាពសមរម្យ តាមកាលៈទេសៈនិង ទាន់ពេលវេលា ជាមួយតម្រូវការ ទីផ្សារពលកម្ម ហើយក៏ជាឱកាស សម្រាប់សហគ្រាស និយោជកទាំងឡាយ ក្នុងការស្វែងរក និងជួបប្រទះនូវបេក្ខជន ដែលមាន សក្តានុពល វិជ្ជាជីវៈ ពិតប្រាកដ ដែលជាប្រភពនៃកម្លាំងចលករ ក្នុងសហគ្រាសរបស់ខ្លួនទៅថ្ងៃខាងមុខ។
លោក ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម បានលើកឡើងថា ទន្ទឹមនឹង សមាហរណកម្ម អាស៊ាន ជិតចូលមកដល់ យុវជនកម្ពុជា គួរតែកសាងសមត្ថភាព ដើម្បីប្រកួតប្រជែង នឹងកម្លាំងយុវជន នៃប្រទេស ដ៏ទៃ ។ លោកបានជំរុញ ឱ្យយុវជនទាំងអស់ ជាពិសេសយុវជន ដែលបញ្ចប់ថ្នាក់ឧត្តមសិក្សា ដែលចូលរួម ក្នុងវេទិការនេះ ដើម្បីទទួលបានបទពិសោធន៍ នៃការសាកសួរ សម្ភាសផ្ទាល់ ជាមួយនិយោជក ក៏ដូចជា ថ្នាក់ដឹកនាំ នៃក្រុមហ៊ុន នីមួយៗ ។
ប្រធានសភាពាណិជ្ជកម្ម បារាំង-កម្ពុជា លោក អីរិច ម៉ាសហ្សេត បានឱ្យដឹងថា សម្រាប់វេទិកាស្វែងរក ការងារធ្វើ នៅប្រទេសកម្ពុជា ឆ្នាំនេះ ទទួលបានការគាំទ្រ យ៉ាងខ្លាំង ពីសំណាក់យុវជន សិស្ស-និស្សិត កម្ពុជា ដែលលោករំពឹងថា នឹងនាំមកនូវ ការងារយ៉ាងច្រើន ដល់យុវជន ។
គួរបញ្ជាក់ថា វេទិកា ការងារ ដែលរៀបចំដោយ សភាពាណិជ្ជកម្ម បារាំង-កម្ពុជា បានចាប់ផ្តើមឡើង តាំងឆ្នាំ២០០៤ មកម្ល៉េះ ដែលវេទិកានេះ បានចូលរួម ចំណែកយ៉ាងសំខាន់ ក្នុងការផ្តល់ឱកាស ការងារយ៉ាងច្រើន ដល់យុវជន កម្ពុជា ៕ Via: lookingtoday
Looking Today
Photo by DAP-NEWS
Photo by DAP-NEWS
Photo by DAP-NEWS