Samsung នឹងផ្គត់ផ្គង់អេក្រង់ Retina ទៅឲ្យ Apple ?
មានសេចក្ដីរាយការណ៍ថ្មីមួយថាក្រុមហ៊ុន Samsung នឹងផ្គត់ផ្គង់អេក្រង់ Retina សម្រាប់ផលិត iPad mini 2 ឬ iPad mini ជំនាន់ថ្មី និង iPad 5 នេះបើយោងតាមប្រភពពីគេហទំព័រ ElectronicTimes ។ កាលពីចុងឆ្នាំ២០១២ កន្លងទៅធ្លាប់មានពាក្យចចាមអារ៉ាមថា Apple ត្រៀមនឹងផលិត iPad mini 2 ដែលមានអេក្រង់ Retina ។ សូមបញ្ជាក់ផងដែរថា Retina Display គឺជាបច្ចេកវិទ្យាអេក្រង់ដ៏ទំនើបនិងចុងក្រោយរបស់ក្រុមហ៊ុន Samsung ដែលមានភាពម៉ដ្ឋខ្លាំងនិងច្បាស់ល្អ ។ បញ្ជាក់ Retina Display ជាបច្ចេកវិទ្យាអេក្រង់ដែលក្រុមហ៊ុន Apple ធ្លាប់បានប្រើរួចមកហើយនៅលើ iPad 3 និង iPad 4 ។
ប្រភពដដែលខាងលើបានបន្ថែមថាក្រុមហ៊ុន Apple នឹងបញ្ចេញ iPad mini 2 ដែលបំពាក់ដោយអេក្រង់ Retina ក្នុងកម្រិតភាពច្បាស់ QXGA នៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៣ ។ តាមរយៈការបន្តប្រើនូវបច្ចេកវិទ្យាអេក្រង់របស់ Samsung នេះមានន័យថាទំនាក់ទំនងរវាងក្រុមហ៊ុនទាំងពីរកំពុងតែមានភាពប្រសើរឡើងបើទោះបីជាប្រិយមិត្តធ្លាប់ឮជារឿយៗនូវសង្គ្រាមប៉ាតង់រវាងក្រុមហ៊ុនទាំងពីរ ។ ហើយក៏សូមបញ្ជាក់ផងដែរថាក្រុមហ៊ុនផ្សេងៗទៀតដែលផ្គត់ផ្គង់អេក្រង់ឲ្យ Apple មាន Sharp និង AUO ប៉ុន្តែក្រុមហ៊ុនដែលផ្គង់ផ្គង់អេក្រង់ឲ្យ Apple ធំជាងគេនោះគឺ LG ។
ទាំងនេះគឺគ្រាន់តែជាការសន្និដ្ឋានរបស់ប្រភពចចាមអារ៉ាមតែប៉ុណ្ណោះ ចំពោះព័ត៌មានពិតទាក់ទងនឹងលក្ខណសម្បត្តិបច្ចេកទេសរបស់ iPads ទាំងពីរ សូមប្រិយមិត្តរង់ចាំការបង្ហាញដោយផ្ទាល់ពីក្រុមហ៊ុន Apple ថាតើក្រុមហ៊ុន Apple នៅតែបន្តប្រើអេក្រង់ Retina របស់ក្រុមហ៊ុន Samsung នៅលើខ្សែស្រឡាយ iPad ឬក៏បញ្ឈប់ ៕