iPhone តម្លៃទាបអាចនឹងប្រកាសចេញមុន iPhone 5S ជាមួយពណ៌ផ្សេងៗគ្នា
ទាក់ទងទៅនឹងទូរស័ព្ទ iPhone ដែលមានតម្លៃទាបយើងធ្លាប់ទទួលបានព័ត៌មានជាច្រើនដែលសុទ្ធសឹងតែ ជាពាក្យចចាមអារ៉ាម និងជាការនិយាយរបស់អ្នកវិភាគ គឺសុទ្ធតែអះអាងថា ក្រុមហ៊ុន Apple នឹងផលិតចេញនូវ iPhone ដែលមានតម្លៃទាប ។ ប៉ុន្តែស្របពេលដែលព័ត៌មាន iPhone មានតម្លៃទាបត្រូវបានលេចចេញជាលើកដំបូង លោក Phil Schiller ដែលជាអគ្គនាយករងផ្នែកទីផ្សារទាំងមួលរបស់ក្រុមហ៊ុន Apple ក៏បានចេញមុខបំភ្លឺតាមរយៈការសម្ភាសន៍ជាមួយនឹងកាសែតចិនមួយ ឈ្មោះ សៀងហៃអ៊ីវិននីងញ៉ូ (Shanghai Evening News) ផងដែរថា ក្រុមហ៊ុន លោកនឹងមិនមានគម្រោងក្នុងការផលិតនូវទូរស័ព្ទទំនើប (smartphones) ដែលមានតម្លៃទាបដើម្បីធ្វើការពង្រីកឧត្ដមភាពទីផ្សារនោះឡើយ ។ថ្វីបើមានការអះអាងយ៉ាងនេះក្ដីតែការលេចចេញនូវព័ត៌មាន iPhone ដែលមានតម្លៃទាបគឺនូវតែបន្តចេញឥតឈប់ឈរ និងកំពុងតែជាព័ត៌មានដែលពេញនិយមជាខ្លាំងនៅក្នុងព័ត៌មាន ទូរស័ព្ទទំនើប ។ ដោយឡែកពេលនេះយើងទើបតែទទួលបាននូវព័ត៌មានថ្មីថា ទូរស័ព្ទទំនើប iPhone ដែលមានតម្លៃទាប នឹងត្រូវប្រកាសចេញមុន iPhone 5S ដែលជាជំនាន់ក្រោយ iPhone យ៉ាងពិតប្រាកដរបស់ក្រុមហ៊ុន Apple ។
លោក Brian White ជាអ្នកវិភាគម្នាក់នៅ Topeka Capital បានអះអាងថា ក្រុមហ៊ុន Apple នឹងប្រកាសចេញនូវ iPhone មានតម្លៃទាបជាមួយនឹងពណ៌ចំនួន ៥ ផ្សេងៗគ្នា មុនពេល iPhone 5S ត្រូវប្រកាសចេញនាខែ កញ្ញា ។ CEO របស់ Apple លោក Tim Cook ធ្លាប់បាននិយាយរួចហើយថា ផលិតផលថ្មីរបស់ក្រុមហ៊ុន នឹងត្រូវប្រកាសចេញនាដើមខែកញ្ញា នេះ ប៉ុន្តែផលិតផលនោះជាអ្វីគឺលោកមិនបានបញ្ជាក់នោះទេ ។ ដោយឡែកព្រឹត្តិការណ៍ WWDC របស់ក្រុមហ៊ុន Apple កំពុងតែកៀកមកដល់ហើយ គឺនៅសល់តែពីរថ្ងៃទៀតប៉ុណ្ណោះ ដូច្នេះតើក្រុមហ៊ុន អាចនឹងបញ្ចេញឲ្យដឹងពី iPhone ថ្មីរបស់គេដែរឬទេ ស្របពេលដែលកម្មវិធីនេះត្រូវបានគេរាយការណ៍ថាបង្ហាញពី iOS 7 ។
សូមបញ្ជាក់ថា អ្វីគ្រប់យ៉ាងដែលនិយាយពី iPhone មានតម្លៃទាបនឹងត្រូវប្រកាសចេញមុន iPhone 5S គឺគ្រាន់តែជាការគិតរបស់អ្នកវិភាគប៉ុណ្ណោះ ដូច្នេះអ្វីដែលជាការពិតគឺមានតែជាការបញ្ជាក់ឲ្យដឹងពី CEO Tim Cook តែមួយគត់ ៕

