“GEMS ON THE RUN” រឿង​ខ្មែរ​បាញ់​ប្រហារ​ កណ្តាល​ទី​ក្រុង ថត​​បាន ៧០% ហើយ!

6/26/2013 0 Comments A+ a-


ខ្សែ​ភាពយន្ត​ខ្មែរ​វណ្ណកម្ម​ដំបូង​របស់​ផលិតកម្ម ៣៩១ ដែល​ចម្រុះ​ដោយ​អ្នក​ជំនាញ​ខ្មែរ និង​បរទេស សម្រេច​បាន ៧០% ភាគ​រយ​ហើយ បន្ទាប់​ពី​បាន​ចាប់​ផ្តើម​ដំណើរ​ការ​ថត​ប្រមាណ​ជាង​១​ខែ​កន្លង​មក។ នេះ​បើ​តាម​ការ​អះអាង​របស់​លោក តេត ណាន អ្នក​គ្រប់​គ្រង​ការ​ផលិត​នៃ​ខ្សែ​រឿង​នេះ។


រូប​ទី​១
លោក តេត ណាន បាន​ប្រាប់​បន្ត​ជា​មួយ​ការ​អះអាង​ថា “Gems on the Run” នឹង​ក្លាយ​ជា​ខ្សែ​រឿង​ដំបូង​របស់​កម្ពុជា​ដែល​មាន​ឈុត​ឆាក​បាញ់​ប្រហារ​គ្នា​យ៉ាង​កក្រើក ក្នុង​ករណី​ឧក្រិដ្ឋ​ជន​ប្លន់​ឡាន​ដឹក​លុយ និង​គ្រាប់​ពេជ្រ នៅ​កណ្តាល​រាជធានី​ភ្នំពេញ រួម​ទាំង​ការ​ឆ្លុះ​បញ្ចាំង​ពី​ជន​សង្គម​ងងឹត​ផង។ លោក ថ្លែង​ថា “ពេល​ដល់​ត្រូវ​ថត​ឈុត​នេះ នឹង​មាន​ការ​បិទ​ផ្លូវ​ណា​ដែល ត្រូវ​ថត​តាម​ពេល​វេលា​ខ្លះ​ៗ ហើយ​ត្រូវ​ចំណាយ​ច្រើន”។ ទាំង​នេះ គឺ​ជា​ទិដ្ឋភាព​ប្លែក​មួយ ស្រប​ពេល​ដែល​ខ្សែ​រឿង​ក្នុង​ស្រុក​ជា​ច្រើន ច្រើន​និយាយ​ពី​ស្នេហា​យុវវ័យ​ជា​ធំ​នោះ។
ទោះ​យ៉ាង​នេះ​ក្តី “Gems on the Run” ក៏​មិន​ចេញ​ឆ្ងាយ​ពី​យុវវ័យ​ដែរ។ អតីត​អ្នក​គ្រប់​គ្រង​ការ​ផលិត​របស់​កម្មវិធី “ឡូយ៩” លោក តេត ណាន ថ្លែង​ថា រឿង​នេះ និយាយ​ភក្តី​ភាព មិត្តភាព​ជា​អមតៈ ដែល​សូម្បី​តែ​ទ្រព្យ​សម្បត្តិ​មាន​តម្លៃ​រាប់​លាន​ដុល្លារ ក៏​មិន​ស្មើ។

រូប​ទី​២ (រូប​ទី​១ និង​ទី​២ លោក Cheky សម្តែង​ជា​តួ រិទ្ធ ពេល​​កំពុង​សម្តែង)
អ្នក​នាង សោម ម៉ាល័ក្ខ តួ​ឯក​ស្រី​ក្នុង​រឿង​នេះ បាន​ប្រាប់​ថា មាន​ទិដ្ឋភាព​ថ្មី​ៗ​ជា​ច្រើន ដែល​អ្នក​នាង​ទើប​បាន​ជួប​ក្នុង​ជីវិត​ជា​តារា​សម្ដែង ក្នុង​នោះ​មាន​ទាំង​បាញ់​ប្រហារ វាយ​តប់​ជា​ដើម ឯ​ការ​ថត​ទៀត​សោត បាន​ចុះ​ទៅ​ថត​ដល់​ព្រៃ​ជ្រៅ ជ្រោះ​ជ្រង​ជ្រលង​ដង​អូរ និង​រូង​ភ្នំ​ជា​ច្រើន​ផង។ អ្នក​នាង ថ្លែង​ថា “ខ្ញុំ​មាន​ជំនឿ​ចិត្ត​ថា រឿង​នេះ​នឹង​ជោគជ័យ ហើយ​ខ្ញុំ​មាន​អារម្មណ៍​កក់​ក្តៅ​មែន​ទែន!”។
លោក តេត ណាន បាន​សង្ខេប​ពី​សាច់​រឿង “Gems on the Run” ថា នៅ​ក្នុង​សាច់​រឿង​មាន តួ​អង្គ​សំខាន់ៗ​បី​នាក់ គឺ​លីយ៉ា សម្ដែង​ដោយ​អ្នក​នាង សោម ម៉ាល័ក្ខ លោក រិទ្ធ សម្ដែង​ដោយ លោក Cheky និង​សុវណ្ណ សម្ដែង​ដោយ លោក វ៉ាន់ឌី ពិសិដ្ឋ អ្នក​សម្ដែង​ទទួល​ការ​ចាប់​អារម្មណ៍​នៅ​ក្នុង​ខ្សែ​រឿង​របស់​កម្មវិធី “ឡូយ​៩”។
លោក បន្ត​ថា លីយ៉ា គឺ​ជា​គូ​ដណ្តឹង​របស់​ជន​សង្គម​ងងឹត ប៉ុន្តែ លីយ៉ា អត់​ស្រឡាញ់​គូ​ដណ្តឹង​នោះ​ទេ។ ឯ រិទ្ធ គឺ​មន្ត្រី​ប៉ូលីស សុវណ្ណ ជា​និស្សិត​មក​សហរដ្ឋ​អាមេរិក និង​តួអង្គ​ម្នាក់​ទៀត ឈ្មោះ តារា ជា​អ្នក​ជំនួញ​នៅ​ខេត្ត ពួក​គេ​ទាំង​បី ជា​មិត្ត​ជិត​ស្និទ្ធ​នឹង​គ្នា។ តែ​ក្រោយ​មក តារា បាន​ស្លាប់ ហើយ​ដើម្បី​បាន​ទៅ​ចូល​រួម​បុណ្យ​សព​មិត្តភ័ក្ដិ សុវណ្ណ ដែល​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​សង្គម​ងងឹត ព្រោះ​តែ​រឿង​គ្រាប់​ពេជ្រ​មួយ​ថង់ រួម​ជាមួយ រិទ្ធ បាន​រំដោះ​ខ្លួន​យ៉ាង​លំបាក​ទើប​បាន​ទៅ​ដល់​កន្លែង​បុណ្យ​សព​របស់​មិត្ត។
មិន​អស់​នៅ​ឡើយ ព្រោះ​តែ​ចំណង​មិត្តភាព​ដដែល សុវណ្ណ បាន​លះបង់​លាភ​សំណាង​ដ៏​ធំ​ម្តង​ទៀត ដើម្បី​ទៅ​ជួយ រិទ្ធ ដែល​ត្រូវ​ដែល​ជន​សង្គម​ងងឹត​មួយ​ក្រុម​ទៀត ចាប់​ជា​ជន​ចំណាប់។

តួ​សម្តែង​មួយ​ចំនួន​ក្នុង​សាច់​រឿង​
ការ​ប្រថុយ​ខ្លួន​ទៅ​ជួយ​មិត្តភ័ក្ដិ​លើក​នេះ សុវណ្ណ ត្រូវ​គេ​បាញ់​ឲ្យ​ស្លាប់ តែ​តាម​ពិត​រូប​គេ​អត់​ស្លាប់​ទេ ព្រោះ​បាន​ពាក់​អាវ​ក្រោះ ប៉ុន្តែ​បាន​ធ្វើ​ឲ្យ លីយ៉ា និង រិទ្ធ យល់​ថា​ច្រឡំ​ថា​ស្លាប់​ពិត​មែន។ ចុង​ក្រោយ  លីយ៉ា ដែល​បាន​ដាក់​ចិត្ត​ស្រឡាញ់​គ្នា​ជាមួយ សុវណ្ណ បាន​បាក់​ទឹក​ចិត្ត ព្រោះ​ព្រាត់​គូស្នេហ៍ ប៉ុន្តែ​ពេល លីយ៉ា កំពុង​បង្ហើរ​អារម្មណ៍​កណ្ដោចកណ្ដែង​នៅ​ឆ្នេរ​សមុទ្រ សុវណ្ណ ក៏​បាន​បង្ហាញ​ខ្លួន​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ហើយ​ចុង​ក្រោយ ពួក​គេ​បាន​រួម​រស់​ជាមួយ​គ្នា​ក្នុង​ជីវភាព​សាមញ្ញ​មួយ។
រឿង “Gems on the Run” នឹង​បញ្ចប់​ការ​ថត​នៅ​ថ្ងៃ​ទី ០៤ ខែ​កក្កដា ខាង​មុខ។ ហើយ​បន្ទាប់​ពី​ចំណាយ​ពេល​កាត់​ត និង​សម្រួល​បច្ចេកទេស​មួយ​ចំនួន រឿង​នេះ គ្រោង​ដាក់​ឲ្យ​ប្រិយមិត្ត​ទស្សនា​នៅ​រង្វង់​ខែ​តុលា ឆ្នាំ​២០១៣ នេះ។
លោក តេត ណាន បញ្ជាក់​ថា បច្ចុប្បន្ន “Gems on the Run” មាន​ចំណង​ជើង​បណ្ដោះ​អាសន្ន​មួយ​ជា​ភាសា​ខ្មែរ​ថា“គ្រាប់​ពេជ្រ​នៃ​ស្នេហ៍”។ ប៉ុន្តែ​ក្រុម​ការងារ កំពុង​ពិភាក្សា​គ្នា​រក​ចំណង​ជើង​ថ្មី​មួយ ដែល​ទាក់​ទាញ និង​ស៊ីជម្រៅ​ជាង​នេះ៕

ប្រភព : ​សប្បាយ