ព្រះវិហារអ៊ីស្លាម ម៉ារ៉ុហ្សនិមិត្ត ត្រូវបានសម្ពោធ ដាក់ឲ្យប្រើប្រាស់ហើយ
បន្ទាយមានជ័យ ៖ ព្រះវិហារអ៊ីស្លាម ម៉ារ៉ុហ្សនិមិត្ត នៅសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ត្រូវបាន សម្ពោធដាក់ឲ្យប្រើប្រាស់ហើយ កាលពីព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ ២០១៣ ក្រោមអធិបតីភាព លោកឧបនាយក រដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានក្រុមការងារ ចុះជួយខេត្ត បន្ទាយមានជ័យ ។
ពិធីនេះក៏មានការអញ្ជើញចូលរួម ពីលោក ទ្រី ណារិន អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុង អឿន ទីប្រឹក្សា សម្តេចតេជោ ហ៊ុន សែន និងលោក ប៉ុក សាលុយ ប្រធានក្រុមប្រឹក្សា ខេត្តបន្ទាយមានជ័យ លោក ង៉ោ ម៉េង ជ្រួន អភិបាលក្រុងប៉ោយប៉ែត ក្រៅពីនេះ ក៏មានលោក លោកស្រី មន្ត្រីរាជការ មកពីស្ថាប័នពាក់ព័ន្ធនានា សិស្សានុ សិស្ស កម្លាំងប្រដាប់អាវុធ និងបងប្អូនខ្មែរអ៊ីស្លាម ជាច្រើននាក់ ។
លោក ទ្រី ណារិន អភិបាលខេត្តបន្ទាយមានជ័យ បានថ្លែងថា ព្រះវិហារម៉ារ៉ុហ្សនិមិត្តនេះ គឺសម្រាប់ឥស្លាម សាសនា មានប្រជាពលរដ្ឋ ជាសានិកជនឥស្លាម សរុប ១០៥ គ្រួសារ ស្មើនឹង ៤១៨ នាក់ (ស្រី ២០៣នាក់) ។ ព្រះវិហារនេះ ត្រូវបានគេសាងសង់លើផ្ទៃដីសរុប ៧,៦០០ម៉ែត្រក្រឡា មានទំហំ១៥ គុណ២០ ម៉ែត្រសង់ពីបេតុង អាមេ ចាប់ផ្តើមសាងសង់ កាលពីថ្ងៃទី ១២ ខែតុលា ឆ្នាំ១៩៩៩ រហូតដល់ឆ្នាំ ២០០៧ ទើបរួចរាល់ជាស្ថាពរ ។ ក្រៅពីនេះ ក៏បានសាងសង់ ដូចជា សាលាររៀន អាងទឹក បង្គន់អនាម័យ របង និងចាកដីបំពេញ ទីធ្លាចំនួន ១០.៥០០ ម៉ែត្រក្រឡា បន្ថែមផងដែរ ។
លោក ទ្រី ណារិន បានបន្តថា ការសាងសង់នេះ ត្រូវបានចំណាយថវិកាសរុបចំនួន ១២៥.២៣០ដុល្លារ ដែលជា ថវិកាជំនួយសប្បុរស របស់លោកឧកញ៉ា ម៉ក់ ពីតូ និងលោកស្រី អ៊ុង ណាពី បានចំនួន ៤២.៣០០ដុល្លារ ចំនួន សប្បុរសពីបងប្អូនសាសនិកឥស្លាម ប្រទេសម៉ាឡេស៊ី បានចំនួន ៦១.២៣០ដុល្លារ និងជំនួយសប្បុរស បងប្អូន សាសនិកឥស្លាម ក្នុងប្រទេសបានចំនួន ១៦.៥០០ដុល្លារ ។
លោកឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន បានថ្លែងថា ក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត ប្រជាពលរដ្ឋទាំងអស់ រួមទាំងបងប្អូន ខ្មែរឥស្លាមផងដែរ ត្រូវសម្លាប់រង្គាល រហូតដល់ថ្ងៃ ៧ មករា ឆ្នាំ១៩៧៩ ទើបអ្វីៗ ត្រូវបានសាងសង់ ឡើងវិញ ដែលផ្តើមចេញពីលេខសូន្យ ។ ក្នុងតំណាក់កាលដំបូង នៃការស្តារ និងកសាងប្រទេសជាតិឡើងវិញ ក្រោមការដឹកនាំ ប្រកបដោយស្មារតី សេ្នហាជាតិមាតុភូមិ ស្រលាញ់ប្រជាពលរដ្ឋ របស់រដ្ឋាភិបាល (រដ្ឋកម្ពុជា) និង រាជរដ្ឋាភិបាល (ព្រះរាជាណាចក្រទី២) ដែលដឹកនាំដោយ គណបក្សប្រជាជនកម្ពុជា ទើបសាសនាឥស្លាម បាន ចាប់កំណើតជាលើកទី២ លើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា ។
លោក កែវ កឹមយ៉ាន ក៏បានអំពានាវ ដល់ប្រជាពលរដ្ឋ ដែលជាបងប្អូនខ្មែរឥស្លាម ទាំងអស់ ត្រូវទៅចូលរួមបោះ ឆ្នោតនៅថ្ងៃទី ២៨ ខែកក្កដា ឆ្នាំ ២០១៣ខាងមុខ ឲ្យបានគ្រប់ៗគ្នា កុំបីអាក់ខាន គឺយើងបោះឆ្នោតជូនគណបក្ស ប្រជាជនកម្ពុជា ដើម្បីគាំទ្រសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី និងដើម្បីរស់ដោយសុខសន្តិភាព និងអភិ វឌ្ឍន៍គ្មានដែនកំណត់ ៕
Resource by : dap-news.com