ពុលស្លាប់ម្នាក់ បញ្ជូនទៅសង្រ្គោះ ៤នាក់ ក្រោយ ដុតសត្វគីង្គក់ ស៊ីពង នៅស្រុកព្រះនេត្រព្រះ
ខេត្តបន្ទាយមានជ័យ ៖ ក្មេង តូចៗមានគ្នា៥នាក់ បាននាំគ្នាដុតសត្វគីង្គក់ ហើយហូបពង រួចពុលស្លាប់ម្នាក់ ចំណែក០៤នាក់ទៀតពុល ក្អួតចង្អោរ ត្រូវបានក្រុមគ្រួសារ ដឹក យកសង្គ្រោះ នៅមន្ទីរពេទ្យជួយ សង្គ្រោះជីវិត កាលពីវេលា៤និង៣០នាទីល្ងាច ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ ស្ថិតនៅភូមិស្មាច់ ឃុំទឹកជោ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយ មានជ័យ ។
មន្រ្កីនគរបាល ប៉ុស្តិ៍ឃុំទឹកជោ បាន ឲ្យដឹងថា ក្មេងប្រុសរងគ្រោះ មានឈ្មោះ ឆាម វណ្ណី ភេទប្រុស អាយុ១៨ខែ កុមាររងគ្រោះស្នាក់នៅ ជាមួយជូនដូនជីតាចាស់ជរា ស្នាក់នៅភូមិឃុំខាងលើ កុមាររងគ្រោះជាកូនទី០៣ គ្រួសារនេះ មានកូនប្រុសស្រីចំនួន០៤នាក់ ហើយ ឳពុកម្តាយរបស់ក្មេងប្រុស ទៅធ្វើការចំណាក ស្រុកនៅប្រទេសថៃ ។
ប្រភពព័ត៌មាន ដដែលបានបន្តឲ្យដឹងទៀតថា មុនពេលកើតហេតុមាន កុមារតូចៗជា អ្នករស់ជិតខាង និងគ្នាមានចំនួន០៥នាក់បាននាំគ្នាចាប់សត្វ គីង្គក់ដុតស៊ីនៅ ក្បែរផ្ទះកុមាររង គ្រោះឈ្មោះ ឆាម វណ្ណី ។ បន្ទាប់មកពួក គេទាំង០៥នាំគ្នាស៊ីគីង្គក់ ដោយកុមារខ្លះស៊ី សាច់និងកុមារខ្លះទៀតស៊ីពង ។ លុះមួយសន្ទុះមក ស្រាប់តែគេឃើញកុមាររងគ្រោះ ឆាម វណ្ណី បែក ពពុះមាត់ ប្រកាច់នៅនឹងដី និងកុមារមួយចំនួនទៀត បានពុលក្អួតចង្អោរ ខណៈនោះក៏មាន ប្រជាពលរដ្ឋជិតខាង នាំគ្នាដឹកកុមារទាំងនោះយកទៅសង្គ្រោះនៅមន្ទីរពេទ្យ បង្អែកស្រុកមកដល់ពាក់កណ្តាលផ្លូវ កុមារឈ្មោះ ឆាម វណ្ណី បានដាច់ខ្យល់ស្លាប់ ចំណែកកុមារ០៤នាក់ ទៀតបញ្ជូនមកដល់មន្ទីរពេទ្យ ត្រូវបានក្រុមគ្រូពេទ្យ ជួយសង្គ្រោះរួចផុត ពីគ្រោះថ្នាក់ដល់អាយុ ជីវិត ។
ប្រភពព័ត៌មាន ដដែលបានបន្តឲ្យទៀតថា បានជាកុមារ រងគ្រោះរហូតដល់ដាច់ខ្យល់ស្លាប់ ដោយសារតែកុមាររូបនេះ បានស៊ីពងគីង្គក់ អស់ច្រើនជាងគេ ។
បច្ចុប្បន្ន សពកុមាររងគ្រោះ ត្រូវបានបងប្អូនសាច់ញាតិ បានរៀបចំចាត់ចែង ធ្វើបុណ្យ តាមប្រពៃណីផងដែរ ៕
Resource by : dap-news.com