សម្តេចតេជោ សែន នឹងបង្ហាញមុខ ជាសាធារណៈឡើងវិញ នៅអំឡុងខែសីហា

6/24/2013 0 Comments A+ a-


កំពង់ចាម៖ ប្រមុខរាជរដ្ឋាភិបាល កម្ពុជា បានប្រកាសនៅ ក្នុងពិធីបញ្ចុះខណ្ឌសីមា វត្ដគិរីមុន្នី សារវ័នជើងព្រៃ ក្នុងឃុំ ជើងព្រៃ ស្រុកបាធាយ នៃខេត្តកំពង់ចាម នាព្រឹកថ្ងៃទី២៤ ខែមិថុនា ថា សម្តេច នឹងផ្អាកសកម្មភាពជា បណ្តោះអាសន្ន ក្នុងការចូលរួមវេទិកា សាធារណៈ នាអំឡុងពេលឃោសនា បោះឆ្នោត ដូចអ្វីដែលសម្តេច ធ្វើនាពេលកន្លងមក ជាមួយ នឹងការអះអាងថា សម្តេចនឹងបង្ហាញមុខសាជាថ្មីវិញ នៅពេលដែលការបោះឆ្នោត ត្រូវបានបញ្ចប់រួចរាល់។
នាយករដ្ឋមន្រ្តីសម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តថា “ខ្ញុំនឹងផ្អាកសកម្មភាពមួយរយៈពេល សិនហើយ នឹងចូលរួម ក្នុងវេទិកាសាជាថ្មីវិញ នៅពេលណាមួយវិញបន្ទាប់ពី ការបោះឆ្នោតរួចនៅ ថ្ងៃទី២៨ កក្កដា ប្រហែលជា នៅក្នុងអំឡុងខែ៨ ខាងមុខនេះហើយ”។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួចិនរាយការណ៍នៅថ្ងៃចន្ទនេះផងដែរថា យ៉ាងណាក៏ដោយសម្តេចតេជោ នឹងបន្តតាមដានយ៉ាងយកចិត្តទុកដាក់ ពីស្ថានភាព នៃដំណើរការបោះឆ្នោតដដែល។
ទីភ្នាក់ងារដដែលបន្តថា ចាប់តាំងពីឆ្នាំ១៩៩៨មក សម្តេចតេជោ បានដាក់ខ្លួនឯងនៅក្នុងគោលការណ៍របស់សម្តេច ផ្ទាល់ថា នឹងមិនធ្វើសង្កថាជាសាធារណៈ នៅក្នុងអំឡុងពេលយុទ្ធនាការបោះឆ្នោតរយៈពេលមួយខែ មុនថ្ងៃបោះឆ្នោត។
ស៊ិនហួ បានរាយការណ៍ផងដែរថា អ្នកវិភាគនយោបាយនានា ក៏បានព្យាករណ៍ផងដែរថា គណបក្សរបស់សម្តេច តេជោ នឹងឈ្នះការបោះឆ្នោតយ៉ាងភ្លូកទឹកភ្លូកដី នាការបោះឆ្នោតខាងមុខនេះ។ សម្តេច តេជោសែន ដែលមានអាយុ ៦១ឆ្នាំ បានកាន់អំណាចអស់ រយៈពេល ២៨ឆ្នាំ ហើយប្តេជ្ញាថា នឹងបន្តកាន់អំណាច រហូត ដល់អាយុ៧៤ឆ្នាំ ៕
Resource by : dap-news.com