នគរបាល ការិយាល័យ ប្រឆាំងគ្រឿងញៀន ខេត្តព្រះសីហនុ បង្ក្រាបករណី ចែកចាយគ្រឿងញៀន ពីរករណី

6/24/2013 0 Comments A+ a-



ព្រះសីហនុៈ ជនសង្ស័យ ៣ នាក់ ដែលបានជាប់ចោទ ពីបទ ប្រើប្រាស់ និងចែកចាយគ្រឿងញៀន ត្រូវបានសមត្ថ កិច្ចការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ ឃាត់ខ្លួននៅ ២ កន្លែង ផ្សេងគ្នា បន្តបន្ទាប់ កាលពីថ្ងៃទី២២ និងថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ ។
ប្រភពព័ត៌មាន ពីលោកវរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យ នគរបាល ប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាន នគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា ក្រោមការដឹកនាំបញ្ជាផ្ទាល់ របស់លោកឧត្តមសេនីយ៍ត្រី តាក វណ្ណថា ស្នងការនគរបាល ខេត្តព្រះសីហនុ បានដាក់បញ្ជា ឱ្យលោកធ្វើការបង្ក្រាប ករណីចែកចាយ និងប្រើប្រាស់ គ្រឿងញៀនចំនួន ២ករណីផ្សេងគ្នា ដោយឃាត់ខ្លួន មនុស្សចំនួន ៣ នាក់ ក្នុងនោះករណីទី១ សមត្ថកិច្ចជំនាញ សហការជាមួយ សមត្ថកិច្ចមូលដ្ឋាន បានធ្វើការបង្ក្រាបបាន កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ២១ និង ០០ នាទី ត្រង់ចំណុច ក្រុម១ ភូមិ៣ ឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ ឃាត់ខ្លួនជនសង្ស័យ ម្នាក់ឈ្មោះ វេង កុកហេង ភេទប្រុស អាយុ ២១ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្ន កន្លែងឃាត់ខ្លួន វត្ថុតាង រួមមានៈ ថ្នាំញៀនប្រភេទ មេតំហ្វេតាមីន (ICE) ចំនួន ៤ កញ្ចប់តូច លុយរៀលចំនួន ៣០០,០០០រៀល ប្រាក់ ដុល្លារ ចំនួន ១០ ដុល្លាអាមេរិក ទូរស័ព្ទដៃ (NOKIA អ៊ិនចុចពិល) ចំនួន ៤ គ្រឿង និងករណីទី២ សមត្ថកិច្ចធ្វើ ការសហការ ជាមួយសមត្ថកិច្ច នគរបាលចរាចរណ៍ផ្លូវគោក ឃាត់ខ្លួន មនុស្សបានចំនួន ២ នាក់ កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ វេលាម៉ោង ១៥ និង ៤៦នាទី ត្រង់ចំណុចក្រុមទី៨ ភូមិ៤ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ខណដែលនគរបាល ចរាចរណ៍ កំពុងធ្វើការត្រួតពិនិត្យ យានយន្តគ្រប់ប្រភេទតាមផ្លូវ ក៏បានឆែកឆេរម៉ូតូ ១ គ្រឿង នេះ ក៏បានរកឃើញវត្ថុតាង លាក់ទុកក្នុងអាវភ្លៀងក្រោមកែបម៉ូតូ បន្ទាប់មកនគរបាលចរាចរណ៍ ក៏បានបញ្ជូនជន សង្ស័យ និងវត្ថុតាង មកឱ្យសមត្ថកិច្ចជំនាញ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូង ចាត់ការតាមច្បាប់។
ក្នុងនោះជនសង្ស័យទាំង ២ នាក់ មានឈ្មោះ រឹម រស់មាន់ ភេទប្រុស អាយុ ១៩ ឆ្នាំ ជនជាតិខ្មែរឥស្លាម មានទីលំ នៅបច្ចុប្បន្ន ភូមិបត់គគីរ ឃុំអូចំណារ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ ផ្សព្វផ្សាយ ចែកចាយផលិតផល ក្នុង ស្រុក និងឈ្មោះ ងួន ស៊ីណាត ភេទប្រុស អាយុ ២២ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅបច្ចុប្បន្នភូមិបត់គគីរ ឃុំបឹងតា ព្រហ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មុខរបរ បើកបររថយន្ត ដោយរឹបអូសបាន នូវវត្ថុតាងមួយចំនួន រួមមាន ថ្នាំ ញៀនប្រភរទមេតំហ្វេតាមីន ចំនួន ៧ កញ្ចប់ ម៉ូតូចំនួន ១ គ្រឿង ។
វរសេនីយ៍ទោ សាន់ ប៊ុនថន នាយការិយាល័យ នគរបាលប្រឆាំងគ្រឿងញៀន បញ្ជាក់ថា ជនសង្ស័យទាំង ៣ នាក់ នេះ ជាប់ចោទពីបទ ចែកចាយ-ប្រើប្រាស់ កាន់កាប់ រក្សាទុក គ្រឿងញៀនខុសច្បាប់ ។ បច្ចុប្បន្នជនសង្ស័យទាំង ៣ នាក់ ត្រូវបានសមត្ថកិច្ច នគរបាលកសាងសំណុំរឿង នឹងត្រូវបញ្ជូនទៅកាន់ សាលាដំបូង ខេត្តព្រះសីហនុ នៅ រសៀលថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ នេះ ដើម្បីវិនិច្ឆ័យទោសតាមច្បាប់ ៕
Resource by : dap-news.com