ខេត្តមណ្ឌលគិរី ប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំង គ្រឿងញៀន

6/24/2013 0 Comments A+ a-



មណ្ឌលគិរី ៖ ថ្នាក់ដឹកនាំ មន្រ្តីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស ប្រជាពលរដ្ឋជាច្រើននាក់ នៅព្រឹកថ្ងៃ២៤ ខែមិថុនា ឆ្នាំ២០១៣ បានរួមគ្នាប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន (២៦ មិថុនា ២០១៣) ក្រោមប្រធានបទ «សកម្មភាពជាសកល ដើម្បីសុខភាព និងសហគមន៍គ្មានគ្រឿងញៀន» នៅនៅទីធ្លាសួនច្បារ ក្បែររង្វង់មូលគោព្រៃ ។
លោក ញែម វ៉ាននី ស្នងការខេត្តមណ្ឌលគិរី បានមានប្រសាសន៍ ការប្រារព្ធទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿង ញៀននេះ ដើម្បីចូលរួមប្រឆាំង និងការដាំដុះ ការផលិត ការរក្សាទុក ការជួញដូរ ការចែកចាយ និងការប្រើប្រាស់ គ្រឿងញៀនខុសច្បាប់។
លោកស្នងការ បានបន្តទៀតថា ទិវាអន្តរជាតិ ប្រយុទ្ធប្រឆាំងគ្រឿងញៀន ពិតជាមានសារៈសំខាន់ណាស់ ដើម្បី សម្តែងនូវឆន្ទៈ និងការយកចិត្តទុកដាក់ខ្ពស់ ពីសំណាក់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តន៍ ខ្លឹមសារ នៃសេចក្ដី ថ្លែងការណ៍រួមរបស់អាស៊ាន ដែលបានដាក់ចេញ ក្នុងកិច្ចប្រជុំថ្ងៃទី៣-៤ ខែមេសា ឆ្នាំ២០១២ នៅរាជធានីភ្នំពេញ ស្តីពី «អាស៊ានគ្មានគ្រឿងញៀននៅឆ្នាំ ២០១៥» ។
លោក យីម លុច្ស អភិបាលរងខេត្តមណ្ឌលគិរី បានធ្វើផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ក៏ដូចប្អូនៗ ក្មួយៗ សិស្សានុសិស្ស មេត្តាជួយសហការរួមគ្នា លុបបំបាត់នូវការជួញដូរ ការចែកចាយ និងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ ពីព្រោះអំពើទាំងនេះ ជាអំពើដែលសង្គមគ្រួសារ និងសង្គមជាតិស្អប់ខ្ពើម និងនាំឲ្យអន្តរាយដល់ខ្លួនអ្នកប្រើប្រាស់ សង្គមគ្រួសារ និងសង្គមជាតិ៕


Resource by : dap-news.com