ស្ថានីយបូមទឹកសម្ដេចតេជោ ហ៊ុន សែន ភូមិសូ ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់សម្រាប់ប្រជាកសិករ

ស្វាយរៀង ៖ ស្ថានីយបូមទឹកធុនធំមួយកន្លែងរបស់សម្ដេចតេជោ ហ៊ុន សែន ត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់សម្រាប់បម្រើផលប្រយោជន៍ជូនប្រជាពលរដ្ឋធ្វើស្រែចម្ការបង្កបង្កើនផល កាលពីថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៣ ក្រោមអធិបតីលោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានក្រុមការងារគណៈកម្មាធិការកណ្ដាលចុះជួយខេត្តស្វាយរៀង ដែលស្ថានីយបូមទឹកនោះមានទីតាំងនៅភូមិសូ ឃុំដូនស ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
តាមការបញ្ជាក់ឲ្យដឹងរបស់លោក សុទ្ធ គឹមច័ន្ទ អភិបាលស្រុកស្វាយជ្រំបានរាយការណ៍ថា ស្ថានីយបូមទឹកសម្ដេចតេជោ ហ៊ុន សែន ភូមិសូ បានដំណើរការសាងសង់រយៈពេលជាង១ឆ្នាំមកនោះ ទើបតែរួចរាល់ជាស្ថាពរកាលពីថ្មីៗនេះ ហើយស្ថានីយបូមទឹកនេះមានផលប្រយោជន៍យ៉ាងខ្លាំងសម្រាប់បម្រើស្រូវប្រាំង ស្រូវវស្សា និងដំណាំដាំដុះរបស់ប្រជាពលរដ្ឋគ្រប់រដូវ ដែលអាចស្រោចស្រពលើផលដំណាំជាង១ពាន់ហិកតា ពិសេសគឺបម្រើប្រជាពលរដ្ឋគ្រប់ៗភូមិឃុំនៅស្រុកស្វាយជ្រុំ។ លោកអភិបាលស្រុកបានបន្តថា ស្ថានីយបូមទឹកសម្ដេចតេជោ ភូមិសូនេះ មានប្រឡាយបង្ហូរទឹកសម្រាប់ស្រោចស្រពលើផលដំណាំកសិកម្ម ដោយមានប្រឡាយមេប្រវែង៣០០ម៉ែត្រ ជម្រៅ៣ម៉ែត្រ មាត់ប្រឡាយទំហំ៤.៥ម៉ែត្រ ដើម្បីនាំទឹកចិត្តពីអាងកំពង់សូ មកស្ថានីយដែលមានបំពាក់ម៉ាស៊ីនចំនួន២គ្រឿង មានបំពង់បូមមុខកាត់កន្លះម៉ែត្រ និង ប្រឡាយបណ្ដែតធ្វើអំពីបេតុង ប្រវែង២៦០ម៉ែត្រ បាតក្រោម១ម៉ែត្រ មាត់លើ២ម៉ែត្រ កម្ពស់១ម៉ែត្រ ដើម្បីបង្ហូរទឹកចែកចាយទៅតាមប្រឡាយនានាក្នុងភូមិសូ និងភូមិដទៃទៀតក្នុងឃុំដូនសនេះ និងអាចជួយសង្គ្រោះ និងស្រោចស្រពលើផ្ទៃដីស្រែប្រមាណជាង១ពាន់ហិកតា។ ការកសាងស្ថានីយនេះបានចំណាយថវិកាអស់ជាង៨ម៉ឺនដុល្លារ ដែលថវិកាទាំងនេះមកពីការចូលរួមចំណែកពីលោកជំទាវម៉ែន សំអន លោកជំទាវ ដួង វណ្ណា តំណាងរាស្ត្រខេត្តស្វាយរៀង និង លោក គឹម ងួន ប្រធានក្រុមការងារចុះជួយឃុំដូនស និង សហការី ព្រមទាំងសប្បុរសជនជាច្រើនចូលរួមផងដែរ។ ក្នុងនាមអភិបាលស្រុកស្វាយជ្រុំ និងក្នុងនាមប្រជាពលរដ្ឋទាំងអស់សូមថ្លែងនូវការអរគុណចំពោះសម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលបានផ្ដល់អំណោយដ៏ថ្លៃថ្លានូវស្ថានីយបូមទឹក ដែលកំពុងត្រូវបានសម្ពោធនេះ។
លោកជំទាវម៉ែន សំអន ក្នុងនាមសម្ដេចតេជោ សែន និងក្នុងនាមសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានថ្លែងនូវការអរគុណ ចំពោះសមិទ្ធផលដែលកំពុងត្រូវបានសម្ពោធនេះ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្ដេច តេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ដែលមានអត្ថប្រយោជន៍យ៉ាងធំធេង ចំពោះដំណាំកសិកម្ម និងដំណាំស្រូវរាប់សិបពាន់ហិកតា របស់ប្រជាពលរដ្ឋនៅឃុំដូនសនេះ ដែលអាចប្រើប្រាស់គ្រប់រដូវកាល។ លោកជំទាវម៉ែន សំអន បានថ្លែងនូវការអរគុណចំពោះសមាជិកក្រុមការងារចុះជួយឃុំដូនសទាំងមូល ដែលបានរួមចំណែកជាមួយរដ្ឋាភិបាលក្នុងការកសាងនូវស្ថានីយបូមទឹក ដ៏មានអត្ថប្រយោជន៍នេះ និងសមិទ្ធផលជាច្រើនទៀតផងដែរ។
ជាមួយគ្នានេះដែរលោកជំទាវម៉ែន សំអន ក៏បាននាំនូវអំណោយចែកជូនប្រធានគណៈកម្មការបក្សឃុំដូនស ១០ម៉ឺនរៀល សមាជិកគណៈកម្មការបក្សឃុំដូនស៥នាក់ម្នាក់ៗ២ម៉ឺនរៀល ប្រធាននិងអនុប្រធាន ជំនួយការសាខាបក្សឃុំទាំង១១ ចំនួន៣៣នាក់ ថវិកាម្នាក់១ម៉ឺនរៀល គ្រួសារបក្ស១៣៣៥នាក់ ម្នាក់ៗទទួលបានសារុង១ សាប៊ូ១ដុំ គ្រូ៨៥នាក់ ម្នាក់ៗសារុង១ សាប៊ូ១ដុំ ថវិកា២ម៉ឺនរៀល គ្រូពេទ្យ៩នាក់ ម្នាក់ៗ ទទួលបានសាប៊ូមួយដុំ សារុង១ ថវិកា២ម៉ឺន សិស្ស១០៩នាក់ ម្នាក់ៗ សៀវភៅ២ ប៊ិច១ ប្រាក់៥ពាន់រៀល យាយជីតាជី ១០០នាក់ ម្នាក់ៗក្រណាត់ស១ដុំ ថវិកា១ម៉ឺនរៀល និង ចែកជូនថវិកាដល់កម្លាំងការពារផងដែរ៕
វិមាន
Resource by : kpt-news.com