ស្ដាប់បេក្ខជនថ្លែងពីការប្រឡងឆមាសទី២ របស់ខ្លួនព្រឹកមិញបន្តិចមើល៍
ការប្រឡងឆមាសទី២ ថ្នាក់មធ្យមសិក្សាទុតិយភូមិ បានធ្វើឡើងគ្រប់សាលាទាំងអស់ ទូទាំងប្រទេសកម្ពុជា កាលពីព្រឹកមិញនេះ។ ខាងក្រោមនេះជាការបញ្ចេញទស្សនៈផ្សេងៗ របស់សិស្សថ្នាក់ទី១២ ដែលបានចូលរួមប្រឡងឆមាសកាលពីព្រឹកមិញ យ៉ាងសកម្ម។
កញ្ញា ពេជ្រ សាវត្ថី សិស្សថ្នាក់ទី១២ នៃវិទ្យាល័យបាក់ទូក បានប្រាប់ឲ្យដឹងថា៖ “ខ្ញុំគិតថា ការប្រឡងព្រឹកមិញដូចជាមិនសូវលំបាកប៉ុន្មានទេ។ លំហាត់ល្មមៗអាចដោះស្រាយបាន ម្យ៉ាងទៀតលំហាត់ចេញស្រដៀងនឹងគ្រូធ្លាប់បង្រៀនគួរដែរ”។
ចំណែកឯ យុវជន ខូវ ស៊ីវម៉េង អាយុ១៨ឆ្នាំ ជាបេក្ខជនដែលបានប្រឡងឆមាសកាលពីព្រឹកមិញ នៃវិទ្យាល័យសន្ធរម៉ុក បាននិយាយផ្ទុយពី សាវត្ថី ថា៖ “វិញ្ញាសារព្រឹកមិញនេះមានការលំបាកណាស់ ខ្ញុំធ្វើបានតែពាក់កណ្ដាលទេ ព្រោះមុខវិជ្ជាគីមី នឹងជីវៈមានទាំងរូបមន្ត មានទាំងទ្រឹស្ដី ហើយម៉ោងក៏ខ្លីទៀត”។
ស្រដៀងគ្នានេះដែរ យុវជន សឹម ភត្រា សិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យទួលទំពូង បានពន្យល់ថា៖ “ខ្ញុំគិតថាវិញ្ញសារទី១២ ឆ្នាំនេះ តឹងជាងឆ្នាំមុន ណាមួយមុខវិជ្ជាលំហាត់ដូចជា គីមី និងជីវៈ លំបាកជាងមុខវិជ្ជាដទៃទៀត ដូចជាខ្មែរ ពលរដ្ឋ ប្រវត្តិវិទ្យា ភូមិវិទ្យាជាដើម”។
ចំណែកកញ្ញា ឡាយ ណៃឈូង សិស្សថ្នាក់ទី១២ ដែលទើបតែចេញពីប្រឡង នៅវិទ្យាល័យព្រះស៊ីសុវត្ថិឯណោះវិញ បានកត់សម្គាល់ឃើញថា៖ “វិញ្ញាសារប្រឡងឆមាសទី២ មានការតឹងជាងឆមាសទី១ ចំណែកឯទិដ្ឋភាពប្រឡងក្នុងថ្នាក់វិញ រឹតតែតឹងទៅទៀត ព្រោះអនុរក្សសុទ្ធតែឆែកព្រីយ៉ុងនៅក្នុងថ្នាក់ ហើយពេលកំពុងប្រឡងមិនអាចលួចមើលគ្នាបានទេ”។
Resource by : news.sabay.com.kh