ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំងធ្វើសន្និសីទសារព័ត៌មានបង្ហាញពីករណីចាប់ឈើគ្រញូង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៣ នៅអយ្យការអមសាលាដំបូងខេត្តកំពង់ឆ្នាំង លោកពេញ វិបុល ព្រះរាជអាជ្ញាបានធ្វើសន្និសីទសារព័ត៌មានបំភ្លឺអំពីករណីបង្រ្កាបឈើគ្រញូងដែលសមត្ថកិច្ចនគរបាលចរាចរខេត្តចាប់បាននៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៣ ចំនួន៦ដុំដែលលាក់ទុកក្នុងរថយន្តម៉ាកហ៊ីយ៉ាន់ដាយ១គ្រឿង។ ក្រោយមកត្រូវបានសារព័ត៌មានមួយចំនួនចុះផ្សាយថា រថយន្ត អ្នកបើកបរ និងឈើគ្រញូង ត្រូវបានរបូតជ្រុះបាត់អស់នៅសាលាដំបូងខេត្តទៅហើយ ។
ការធ្វើសេចក្តីថ្លែងការណ៍នេះ ត្រូវបានអ្នកសារព័ត៌មាន១០អង្គភាពនិងមានសមត្ថកិច្ចចរាចរខេត្ត សមត្ថកិច្ចនគរបាលបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្ត សមត្ថកិច្ចខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងចូលរួមស្តាប់ និងចូលរួមក្នុងការត្រួតពិនិត្យឯកសារ និងវត្ថុតាងដែលបានរក្សាទុកនៅក្នុងសាលាដំបូងខេត្តទៀតផង។
ជុំវិញករណីនេះលោក ពេញ វិបុល បានបំភ្លឺថា នៅក្នុងសំណុំរឿងនេះ លោកបានបញ្ជាអោយសមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តជាអ្នកកសាងសំណុំរឿងតាមមាត្រាលេខ៣៧នៃច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌ។ លោកបានទទួលសំណុំរឿងដែលសមត្ថកិច្ចនគរបាលបង្ក្រាបបទល្មើសសេដ្ឋកិច្ចខេត្តបញ្ជូនមកដែលមានមនុស្ស២នាក់ជាអ្នកបើកបរដឹកឈើគ្រញូង៦ដុំស្មើនឹង០,៤៤២២ម៉ែត្រគូប ព្រមទាំងរថយន្ត១គ្រឿង ដែលមានស្នាមមេដៃទទួលស្គាល់វត្ថុតាងរបស់ជនល្មើសត្រឹមត្រូវទៀតផង។ សំណុំរឿងនេះសមត្ថកិច្ចបានចោទប្រកាន់តាមមាត្រា៩៦ កឋាខ័ណ្ឌ១ ចំណុច២ច្បាប់ស្តីពីព្រៃឈើ។
យោងតាមមាត្រាខាងលើ និងតាមសំណូមពររបស់លោកមេធាវីជនជាប់ចោទ លោកបានដោះលែងអ្នកបើកបរឈ្មោះ កែ វិចិត្រ ជាអ្នកបើកបរនិងឈ្មោះ សឿង វណ្ណៈ ជាព្រូរថយន្តដែលជាអ្នកស៊ីឈ្នួលដឹកឈើ អោយត្រឡប់ទៅផ្ទះវិញជាបណ្តោះអាសន្ន ដោយលោកបានរកឃើញម្ចាស់ឈើគ្រញូងពិតប្រាកដហើយនិងត្រូវចាត់ការបន្តតាមផ្លូវច្បាប់។
នៅក្នុងពេលធ្វើសេចក្តីថ្លែងការណ៍នេះអ្នកសារព័ត៌មាន និងសមត្ថកិច្ចជំនាញទាំងអស់បានពិនិត្យឃើញរថយន្តបទល្មើស១គ្រឿងកំពុងរក្សាទុកនៅក្នុងស្នងការដ្ឋាននគរបាលខេត្ត ចំណែកឈើគ្រញូងចំនួន៦ដុំស្មើនឹង០,៤៤២២ម៉ែត្រគូបបានរក្សាទុកនៅក្នុងសាលាដំបូងខេត្ត នៅមានចំនួន និងទំហំដដែល ពុំមានការបាត់បង់ ឬផ្លាស់ប្តូរដូចការផ្សាយរបស់សារព័ត៌មានមួយចំនួននោះឡើយ។
លោក ថោង វណ្ណវីរ៉ាវុឌ្ឍី នាយរងខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងបានទាមទារសុំអោយលោកព្រះរាជអាជ្ញាប្រគល់សំណុំរឿងនេះមកខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងជាអ្នកចាត់ការបន្តវិញ ប៉ុន្តែលោកព្រះរាជអាជ្ញាបានធ្វើការបដិសេធន៍ ព្រោះថាសំណុំរឿងនេះ យោងតាមមាត្រាទី៣៧នៃច្បាប់ក្រមនីតិវិធីព្រហ្មទណ្ឌលោកបានប្រគល់សិទ្ធិអោយសមត្ថកិច្ចនគរបាលបង្រ្កាបបទល្មើសសេដ្ឋកិច្ចខេត្តជាអ្នកធ្វើទៅហើយ ព្រោះជាមន្ត្រីនគរបាលយុត្តិធម៌ដូចតែគ្នាទេ ម្យ៉ាងទៀតគេក៏ចង់បានស្នាដៃក្នុងការបង្រ្កាបបទល្មើសនេះដែរ។
ដោយឡែកកន្លងមកមានរបាយការណ៍ជាច្រើនពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ មន្ត្រីខ័ណ្ឌរដ្ឋបាលព្រៃឈើកំពង់ឆ្នាំងមានភាពអសកម្ម មិនបានយកចិត្តទុកដាក់ធ្វើការបង្រ្កាបនោះទេ ដែលមានរូបភាពជាភស្តុតាងជាច្រើនត្រូវបានគេបញ្ជូនរាយការណ៍ជូនលោកព្រះរាជអាជ្ញា។ករណីនេះលោកព្រះរាជអាជ្ញាបានអះអាងថា នឹងធ្វើរបាយការណ៍នេះជូនទៅប្រតិភូរដ្ឋបាលព្រៃឈើរបស់ក្រសួងកសិកម្ម៕
Resource by : kpt-news.com