យានអវកាសចិនត្រលប់មកផែនដីវិញដោយជោគជ័យ
យោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មានAFP បានឲ្យដឹងថា យានអវកាសShenzho-10 របស់ចិនបានត្រលប់មកផែនដីវិញហើយ បន្ទាប់ពីបានបំពេញបេសកកម្ម ដោយជោគជ័យតាមការគ្រោងទុក។
យានអវកាស Shenshou-10 ដែលត្រូវបានបង្ហោះចេញពីទីតាំងមជ្ឈមណ្ឌលស្ថានីយអវកាស Jiuquan កាលពីថ្ងៃទី១១កន្លងទៅបានចុះចតក្នុងតំបន់វាលខ្សាច់ម៉ុងហ្គោល ដោយសុវត្ថិភាព បន្ទាប់ពីបានចំណាយពេលលើស្ថានីយលំហអវកាស អស់រយៈពេល ១៥ថ្ងៃ។
Shenshou-10 ដែលរដ្ឋាភិបាលប៉េកាំងតែងតែអូតថា ជាសមិទ្ធផលបច្ចេកវិទ្យារបស់ខ្លួនខាងលំហអាកាសនាសតវត្សទី២១នេះ ត្រូវបានប្រើប្រាស់សម្រាប់សាកល្បងលើការតភ្ជាប់បច្ចេកវិទ្យាថ្មីៗ ការដោះដូរយានអវកាស ព្រមទាំងការសាកល្បងបច្ចេកវិទ្យាលើការជួសជុលស្ថានីយអវកាសរបស់ខ្លួន។
កាវិលត្រឡប់ដោយជោគជ័យរបស់យានអវកាសខាងលើ បានធ្វើឲ្យប្រជាពលរដ្ឋចិនទាំងអស់ ជាពិសេសប្រមុខរដ្ឋាភិបាលចិនលោក ស៊ី ភីង អបអរសាទរទៅនឹងដំណឹងដ៏រីករាយនេះ ស្របពេលដែលប្រទេសមហាអំណាចសេដ្ឋកិច្ចមួយនេះ មានមហិច្ឆតាជាច្រើនទៀតលើគោលដៅបច្ចេកវិទ្យាលំហអាកាសនៅថ្ងៃខាងមុខរបស់ខ្លួនបន្ថែមទៀត៕