ម៉ុន សុផុន កូនតន្ត្រីករបុរាណកសាងជីវិតជាអ្នកសិល្បៈបែបសម័យ
រាជធានីភ្នំពេញ ៖ លោក ម៉ុន សុផុន មានឈ្មោះហៅក្រៅថា ណាខុន គឺជាតារាចម្រៀងនៅក្នុងក្រុមយូធូភា ហើយក៏ជាតារាសម្តែង និងបង្ហាញម៉ូដនៅក្នុងក្រុម Cambodia Super Model ផងដែរ ។ គេស្គាល់លោក ម៉ុន សុផុន តាមរយៈការសម្តែងរឿងភាគរបស់ស្ថានីយទូរទស្សន៍បាយ័ន និងតាមរយៈការថតស្ប៉តពាណិជ្ជកម្មមួយចំនួន ជាពិសេសគឺស្ប៉តអង្គរសង្ក្រាន្ត និងស្ប៉ត Online ជាមួយកញ្ញា ហ៊ិន ច័ន្ទនិរ័ត្ន ។
លោក ម៉ុន សុផុន អាយុ២៥ឆ្នាំ ចាប់ផ្តើមប្រឡូកក្នុងពិភពសិល្បៈតាំងពីឆ្នាំ២០០៨ មក ។ ពីដំបូងលោកដាក់ពាក្យប្រឡងនៅក្នុងកម្មវិធីយុវតារារបស់ស្ថានីយទូរទស្សន៍បាយ័ន ហើយបានជាប់ចំណាត់ថ្នាក់លេខ៣ ទាំងផ្នែកចម្រៀង ផ្នែករាំសម័យ ផ្នែករបាំបុរាណ និងផ្នែកសម្តែង ។ បន្ទាប់ពីប្រឡងជាប់ហើយ លោកត្រូវស្ថានីយទូរទស្សន៍បាយ័នជំរុញឱ្យថតរឿងភាគជាលើកដំបូង គឺរឿង «ត្រៀមចិត្តសម្រាប់ឈឺ» ដោយរូបលោកបានសម្តែងជាតួមិត្តភក្តិតួឯកស្រី កែវ នីសា ។
លោក ម៉ុន សុផុន ឱ្យដឹងកាលពីពេលថ្មីៗនេះថា បន្ទាប់ពីទទួលបានជោគជ័យនៅក្នុងរឿងភាគនោះមក លោកត្រូវគេទាក់ទងឱ្យថតរឿងជាច្រើនទៀតដូចជារឿង «ភូមិខ្ញុំស្រស់ឆើេតឆាយ» «ហាមសិនមុនស្នេហ៍» «វិញ្ញាណស្នេហ៍អាថ៌កំបាំង» និងរឿង «មហាទិគុណ» ជាដើម។ បន្ទាប់មកនៅក្នុងឆ្នាំ២០១១ ក្រុមយូធូភាបានទាក់ទងលោក សុផុន ឱ្យទៅច្រៀងរួមក្រុម ។ មូលហេតុដែលក្រុមយូធូភាទាក់ទងឱ្យរួមក្រុម ដោយសារតែលោកសុផុន មានជំនាញច្រើនទាំងច្រៀង និងរាំ ។ លើសពីនេះទៅទៀតនោះ លោក សុផុន ត្រូវក្រុមហ៊ុន និងផលិតកម្មចម្រៀងមួយចំនួនទាក់ទងឱ្យសម្តែងស្ប៉តពាណិជ្ជកម្ម ។
លោក ម៉ុន សុផុន មានឪពុកឈ្មោះ ហេង សុខា ជាអ្នកលេងភ្លេងបុរាណ ចំណែកម្តាយឈ្មោះ សេង ថុល ជាអ្នកចម្ការ ។ លោកជាប់ជាសាច់ញាតិរបស់អ្នកស្រី សុខ សុខុម ជាអ្នកចម្រៀងជើងចាស់ផងដែរ ។ ថ្វីដ្បិតតែមានឪពុកជាអ្នកភ្លេងបុរាណពិតមែន តែលោក សុផុន មិនចេះលេងភ្លេងបុរាណទេ ទោះបីកាលពីមុនឪពុករបស់លោកបង្ហាត់បង្រៀនក្តី ព្រោះរៀនមិនចេះ។ ចំពោះការសម្តែង រាំ និងច្រៀងបទសម័យ គឺលោកមានទេពកោសល្យ ។ ផ្ទុយពីលោកគឺបងប្អូនរបស់លោកសុទ្ធតែរៀនឆាប់ចាំ និងចេះយ៉ាងស្ទាត់ជំនាញអំពីភ្លេងបុរាណ ។
លោក ម៉ុន សុផុន មានបងប្អូនចំនួន៨នាក់ ប្រុស៦នាក់ និងស្រី២នាក់ ក្នុងនោះរូបលោកគឺជាកូនទី៤ ។ លោកសុផុន មានស្រុកកំណើតនៅខេត្តកំពង់ស្ពឺ ប៉ុន្តែឪពុកម្តាយរបស់លោកបានប្តូរទៅរស់នៅក្រុងព្រះសីហនុ តាំងពីរូបលោកនៅក្នុងផ្ទៃម៉្លេះ ៕
ប្រភព :កោះសន្តិភាព