គេង​មិន​គ្រប់​​​នាំ​ឲ្យ​ស្ដេច​ចម្រៀង​ប៉ុបស្លាប់​​?

6/24/2013 0 Comments A+ a-



វេជ្ជបណ្ឌិត​ម្នាក់​បាន​អះអាង​ប្រាប់​​​តុលាការ​​ កាលពី​សប្ដាហ៍​មុន​ថា​ ​​អតីត​ស្តេច​ចម្រៀង​ប៉ុប ​​Micheal Jackson ស្លាប់​​គឺ​បណ្ដាល​មក​ពី​គេង​មិន​គ្រប់​គ្រាន់​។
Charles Czeisler សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​ Harvard បាន​ប្រាប់​ចៅ​ក្រម​ថា​​ ​ស្តេច​ចម្រៀង​ប៉ុប​ម្ចាស់​​ក្បាច់​រាំ ​”Moon Walk” ព្រោះ​តែ​មិន​អាច​ហាត់​រៀន​ក្បាច់​រាំ​ថ្មី​ ​និង​មិន​​​ចងចាំ​អត្ថន័យ​បទ​ចម្រៀង​ខ្លួន​ឯង​​ ​ជា​មូលហេតុ​នាំ​ឱ្យ​ស្តេច​ចម្រៀង​ប៉ុប​ ​រូប​នេះ​ខិតខំ​ហាត់​យ៉ាង​ខ្លាំង​រហូត​បណ្តាល​ឱ្យ​គាត់​គេង​មិន​បាន​គ្រប់​គ្រាន់​។

វេជ្ជ​បណ្ឌិត​ Czeisler​​ ​​បាន​ប្រាប់​តុលាការ​បន្ត​ថា​ ​​បើ​សម្ដេច​ចម្រៀង​ Micheal មិន​មែន​ស្លាប់​ដោយ​សារ​ការ​ប្រើ​ថ្នាំ​បំបាត់​ការ​ឈឺចាប់​ច្រើន​ហួសហេតុ​​​នោះ​​ទេ​ ​ការ​គេង​មិន​គ្រប់គ្រាន់​ប្រហែល​អាច​ជា​មូលហេតុ​នាំ​ឱ្យ​តារា​ចម្រៀង​ជនជាតិ​ស្បែក​ខ្មៅ​​ម្នាក់​នេះស្លាប់​​​​ក៏​ថា​បាន​។​ ប៉ុ​ន្តែ​ Czeisler បាន​បន្ថែម​ថា​បើ Micheal​ បាន​ទទួល​ការ​ព្យាបាល​​ត្រឹមត្រូវ​ ​​គាត់​ប្រហែល​​អាច​បន្ត​សម្ដែង​ ​និង​ប្រគំ​តន្ត្រី​ទេសចរណ៍​បាន​ច្រើន​ឆ្នាំ​ទៀត​។
​​ចំណែក​ម្តាយ​ស្តេច​ចម្រៀង​ប៉ុប​ អ្នក​ស្រី​​ Katherine Jackson ​នៅ​តែ​អះអាង​​ដដែល​ជា​ដដែល​​​ថា​​ ផលិតកម្ម​ Alderac Entertainment Group ​(​AEG) ត្រូវ​តែ​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​ស្លាប់​កូនប្រុស​គាត់​ ​ព្រោះ​ពួកគេ​ជាអ្នក​បញ្ចុះ​បញ្ចូន​ឱ្យ​កូន​ប្រុស​គាត់​ប្រើ​ថ្នាំ​​បំបាត់​ការ​ឈឺចាប់​ និង​មិន​បាន​ខ្វល់​ពី​សុខភាព​កូន​ប្រុស​គាត់​។ ​​ប៉ុន្តែ​ខាង​ផលិតកម្ម​ ​AEG​ បាន​ច្រានចោល​ពាក្យ​ចោទ​ប្រកាន់​នេះ​។
ទោះ​យ៉ាង​ណា​ក្តី​ ​​ករណី​អតីត​ស្តេច​ចម្រៀង​ប៉ុប​ Micheal Jackson ​ស្លាប់​ នៅតែ​ជារឿង​​ចម្រូង​ចម្រាស់​​​ដដែល​ ព្រោះ​មក​ដល់ពេល​នេះ​​ ​តុលាការ​​នៅ​មិនទាន់ចេញ​សេចក្តីសម្រេច​យ៉ាង​ណា​នោះ​ទេ។ ​ចំពោះ​ការ​​លើក​ឡើង​របស់​​លោក​វេជ្ជ​បណ្ឌិត​ Czeisler​​ ​​​​ក៏​តុលាការ​មិន​ទាន់​បាន​សម្រេច​​​ថា​យ៉ាង​ណា​ដែរ៕

Resource by : news.sabay.com.kh