លោក ជុំ ម៉ី ឡើង​មក​បំភ្លឺ​នៅ​សាលា​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ

6/24/2013 0 Comments A+ a-


លោក ជុំ ម៉ី ឡើង​មក​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ។ រូបថត ម៉ៃ​ វីរៈ
ភ្នំពេញៈ អតីត​អ្នក​ទោស​រស់​រាន​មាន​ជីវិត​ពី​គុក​ទួល ស្លែង លោក ជុំ ម៉ី ឡើង​មក​បំភ្លឺ​នៅ​សាលា​ដំបូង​រាជធានី​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ទាក់​ទង​នឹង​បណ្តឹង​របស់​លោក ប្តឹង​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​ពី​បទ​បរិហា​កេរ្តិ៍ ខណៈ​ពេល​ដែល​លោក កឹម សុខា ត្រូវ​បាន​សាលា​ដំបូង​រាជធានី​កោះ​ហៅ ឲ្យ​ចូល​បំភ្លឺ​នៅ​ថ្ងៃ​ទី​២៧ ខែ​មិថុនា​នេះ ដែល​ជា​ថ្ងៃ​ទី១ នៃ​យុទ្ធនា​ការ​ឃោសនា​បោះ​ឆ្នោត។
បណ្តឹង​របស់​អតីត​ជន​រងគ្រោះ​នៅ​គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហម​នេះ បាន​ដាក់​ប្រឆាំង​ទៅ​លើ​លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះ​ជាតិ ពាក់​ព័ន្ធ​នឹង​សេចក្តី​អត្ថាធិប្បាយ​ដែល​គាត់​បាន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​ ឧសភា​ដែល​បាន​អះអាង​ថា មន្ទីរ​ឃុំឃាំង​សម្លាប់​មនុស្ស​នៅ​ទួលស្លែង ជា​គុក​សិប្បនិមិ្មត​ដែល​រៀប​ចំ​ឡើង​ដោយ​ប្រទេស​វៀតណាម។
លោក គួយ ធុនណា មេធាវី​របស់​ក្រុម​អ្នក​រស់​រាន​មាន​ជីវិត​បួន​នាក់​ពី​មន្ទីរ​ប្រល័យ​ពូជ​ សាសន៍​ទួលស្លែង ស‑២១ ដែល​រួម​បញ្ចូល​ទាំង​ប្រធាន​សមាគម​ជន​រងគ្រោះ​នៃ​របប​ខ្មែរ​ក្រហម លោក ជុំ ម៉ី បាន​ថ្លែង​ថា ព្រះ​រាជអាជ្ញា លោក មាស ចាន់​ពិសិដ្ឋ បាន​កោះ​ហៅ​កូន​ក្តី​ទាំង​បួន​នាក់​របស់​ខ្ញុំ​ចូល​ការពារ​បណ្តឹង​របស់ ខ្លួន​នៅ​ថ្ងៃ​ទី២៤ ខែ​មិថុនា​​នេះ។ ចំណែក​ពីរ​នាក់​ទៀត​ត្រូវ​ចូល​ឆ្លើយ​បំភ្លឺ​នៅ​ពេល​រសៀល​ថ្ងៃ​ដដែល។
លោក​បាន​ថ្លែង​បន្ត​ថា​៖ «វា​ជា​នីតិវិធី​របស់​តុលាការ​ដែល​ដើម​បណ្តឹង​ត្រូវ​តែ​នាំ​យក​ព័ត៌មាន និង​ភ័ស្តុតាង​បន្ថែម​ទៅ​បញ្ជាក់​ប្រាប់​តុលាការ​ដើម្បី​ជា​ការ​ការពារ​ទៅ​ លើ​ពាក្យ​បណ្តឹង​របស់​ខ្លួន​»។