ចរិត​អ្នកនយោបាយ​ខ្មែរ​ដែល​ចូល​ចិត្ដ​រមិលគុណ​

6/24/2013 0 Comments A+ a-

មាន​អ្នកនយោបាយ​ប្រឆាំង​ និង​អ្នកកាសែត​ប្រឆាំង​ ព្រមទាំង​សង្គម​ស៊ី​វិល​ប្រឆាំង​មិន​តិច​នាក់​ទេ​ ដែល​បាន​ចាក​ចេញពី​ទ្រនំ​ធ្លាប់​ប្រឆាំង​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ ឬ​ប្រឆាំង​នឹង​ថ្ងៃ​៧​ មក​រា​ ទៅ​ចុះចូល​បម្រើ​ម្ចាស់​ថ្មី​ក្នុង​គណ​បក្ស​ប្រជាជន​កម្ពុជា​ ជា​គណបក្ស​នយោបាយ​កាន់​អំណាច​ សម្បូណ៌​លុយកាក់​ដែល​ខ្លួន​ធ្លាប់​ជេរ​កប់ៗ​មាត់​វិញ​ ។​

​តាម​រយៈ​លោក​ សយ​ សុភាព​ បណ្ណាធិការ​សារព័ត៌មាន​ដើម​អម្ពិល​ ដែល​ធ្លាប់​សរសេរ​កាសែត​ជេរ​គណ​បក្ស​ប្រជាជន​កម្ពុជា​រាប់​ឆ្នាំ​មក​ហើយ​នោះ​ លោក​ ម៉ា​ យ៉ា​រិ​ទ្ធ​ អតីត​ជា​បុគ្គលិក​វិទ្យុ​VOA និង​ក្រោយមក​ជា​បុគ្គលិក​វិទ្យុ​អាស៊ី​សេរី​ (RFA​)​ជា​វិទ្យុ​មិន​កាន់ជើង​ឬ​រណប​នឹង​គណបក្ស​ប្រជាជន​កម្ពុជា​ បាន​សម្រេច​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុ​ជានា​អំឡុង​ឆ្នាំ​២០០៩​ ដើម្បី​ទទួល​បាន​លាភសក្ការៈ​ដុំ​កំភួន​មួយ​ចំនួន​ ។​ រីឯ​លោក​ ទិ​ត​ សុធា​ អតីត​បម្រើ​ការ​ជា​បុគ្គលិក​វិទ្យុ​VOA ដែរ​នោះ​ ក៏​បាន​សម្រេច​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​ងារ​ជា​ឯកឧត្ដម​ក្នុង​នាម​ជាទី​ប្រឹក្សា​រាជរដ្ឋាភិបាល​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ ។​
​កំពូល​ជើង​ខ្លាំង​ខាង​ជេរប្រទេច​ឬ​ប្រឆាំង​នឹង​ថ្ងៃ​៧​មក​រា​ ដោយ​ធ្លាប់​ចាត់​ទុក​ថ្ងៃ​៧​មក​រា​ដែល​គណ​បក្ស​ប្រជាជន​កម្ពុជា​ឱ្យ​តម្លៃ​ថា​ ជា​ថ្ងៃកំណើត​ទី​២​នោះ​ថា​ជា​ថ្ងៃ​នាំ​យួន​ឱ្យ​ចូល​មក​ឈ្លានពាន​ស្រុក​ខ្មែរ​ គឺ​លោក​ ស៊ុត​ ឌី​ណា​ ហៅ​ ម៉ៅ​ មឿង​យ៉ា​ត​ និង​លោកស្រី​ ស៊ុន​ សុគន្ធ​មាលា​​ (​ប្ដី​-​ប្រពន្ធ​)​ក៏​បាន​ចុះ​ចូល​ជាមួយ​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទទួល​បាន​បុណ្យស័ក្ដិ​ លាភសក្ការៈ​មួយ​ចំនួន​ ហើយ​ក៏​ស្ងាត់​មាត់​ដូច​គេ​ចុក​ទល់​សព្វថ្ងៃ​ (​លោក​ ស៊ុត​ ឌី​ណា​ ត្រូវ​បាន​តែង​តាំង​ជា​អនុរដ្ឋលេខាធិការ​ក្រសួង​ការ​បរទេស​និង​សហប្រតិបត្ដិការ​អន្ដរជាតិ​ និង​ជាទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជាណាចក្រ​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋលេខាធិការ​ មាន​ងារ​ជា​ឯកឧត្ដម​ និង​លោកស្រី​ ស៊ុន​ សុគន្ធ​មាលា​ ត្រូវ​បាន​តែងតាំង​ជា​ សមាជិកា​ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ដ្រី​ មាន​ឋានៈ​ស្មើ​រដ្ឋ​ លេខាធិការ​ មាន​ងារ​ជា​លោក​ជំទាវ​)​ ។​
​អ្នកគ្រូ​ ហេង​ យូ​ អតីត​អនុ​ប្រ​ធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​ ដែល​មាន​លោកគ្រូ​ រ៉ុ​ង​ ឈុ​ន​ជា​ប្រធាន​ ក៏​បាន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ដើម្បី​ទទួល​បាន​តំណែង​ជា​សមាជិកា​ ក្រុមប្រឹក្សា​សេដ្ឋកិច្ច​ សង្គមកិច្ច​ និង​វប្បធម៌​នៃ​ទីស្ដីការ​គណៈ​រដ្ឋ​មន្ដ្រី​ មាន​ឋានៈ​ស្មើ​អនុ​រដ្ឋ​លេខា​ ធិ​ការ​មាន​ងារ​ជា​លោក​ជំទាវ​ទល់​សព្វថ្ងៃ​ ។​ ​
ឯកឧត្ដម​ កែវ​ រ៉េ​មី​ ជា​អ្នក​នយោបាយ​ធ្លាប់​បម្រើ​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ តែ​ក្រោយ​មក​ក៏​បាន​ចុះចូល​គណបក្ស​ប្រជា​ជន​កម្ពុជា​វិញ​ ដោយ​ទទួល​បាន​មុខ​តំណែង​ជា​សមាជិក​ក្រុមប្រឹក្សា​ជាតិ​ប្រឆាំង​អំពើ​ពុក​រលួយ​ជ្រើស​ចេញពី​គណៈកម្មាធិការ​សិទ្ធិ​មនុស្ស​ កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋមន្ដ្រី​ ។​
​មិន​ខុស​ពី​ឯកឧត្ដម​ កែវ​ រ៉េ​មី​ ទេ​ លោក​ កឹ​ម​ សុ​ខុន​ ត្រូវជា​ប្អូន​បង្កើត​របស់​ឯកឧត្ដម​ កឹ​ម​ សុខា​ ប្រធាន​ស្ដីទី​គណបក្ស​សង្គ្រោះ​ជាតិ​ ធ្លាប់​បម្រើ​ជីវភាព​នយោបាយ​ក្នុង​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ គណបក្ស​ សម​ រ​ង្ស៊ី​ និង​គណបក្ស​សិទ្ធិ​មនុស្ស​ លុះ​ក្រោយមក​ក៏​បាន​ចុះចូល​គណ​បក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​តួនាទី​ជាទី​ប្រឹក្សា​រាជរ​ដ្ឋា​ភិ​បាល​កម្ពុជា​ មាន​ឋានៈ​ស្មើ​រដ្ឋ​លេខាធិការ​ ។​ ​
នៅ​មាន​អ្នកនយោបាយ​ជា​ច្រើន​ទៀត​ដែល​ធ្លាប់​បម្រើ​ការងារ​ក្នុង​គណបក្សប្រឆាំង​ ជេរ​គណបក្ស​ ប្រជាជន​កម្ពុជា​ ហើយ​បាន​ចុះចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ​ដែល​ខ្លួន​ធ្លាប់​ជេរ​ និង​ប្រមាថ​ដោយ​ទទួល​បាន​នូវ​បុណ្យស័ក្ដិ​ដ៏​ខ្ពង់ខ្ពស់​ ។​ ​ក្នុង​ចំណោម​អ្នកនយោបាយ​ក្ដី​ អ្នកកាសែត​ក្ដី​ សង្គម​ស៊ី​វិល​ក្ដី​ ដែល​ធ្លាប់​ប្រឆាំង​ ហើយ​ចុះចូល​គណ​ បក្ស​ប្រជាជន​កម្ពុជា​ដើម្បី​ទទួល​បុណ្យស័ក្ដិ​លាភសក្ការៈ​ជា​ថ្នូរ​នឹង​ការ​ឈប់​ប្រឆាំង​នោះ​ គឺ​មាន​ពីរ​ ប្រភេទ​ ៖​ ១-​ចូល​គណបក្ស​ប្រជា​ជន​កម្ពុជា​ហើយ​ស្ងប់ស្ងាត់​ឥត​ងាក​ត្រឡប់​ទៅ​ជេរប្រទេច​គណបក្ស​នយោបាយ​ប្រឆាំង​ពី​អតីតកាល​របស់​ខ្លួន​ឱ្យ​កក្រើក​មេឃ​កក្រើក​ដី​ទេ​ ដូច​ជា​ឯកឧត្ដម​ ង៉ោ​ សុវណ្ណ​,​ ឯកឧត្ដម​ លន់​ ភ​ន់​…​។​ល​។​ ២-​ ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ហើយ​ឈរ​បង់​ជំទែង​ស្រែក​ជេរ​ ប្រទេច​និង​ហែកហួរ​មក​លើ​បង​ ខ្លួនឯង​បង្កើត​ផង​ និង​គណបក្ស​ប្រឆាំង​វិញ​ផង​ដោយ​ឥត​សំចៃ​ ជា​អាទិ៍​ ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ប្អូន​ បង្កើត​ឯកឧត្ដម​ កឹ​ម​ សុខា​ ។​
​មជ្ឈដ្ឋាន​អ្នកវិភាគ​នយោបាយ​ឯករាជ្យ​នៅ​កម្ពុជា​ បាន​លើក​ឡើង​ គ្មាន​នរណា​ម្នាក់​នៅ​សុខៗ​រត់​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ដោយ​ទទួល​បាន​បុណ្យស័ក្ដិ​ឬ​លាភ​សក្ការៈ​ភ្លាមៗ​ក្ដៅៗ​ទាំង​ដុំ​នោះ​ទេ​ គឺ​មាន​តែ​ក្រុម​អ្នកនយោបាយ​ ឬ​ក្រុម​អ្នកកាសែត​ប្រឆាំង​ដែល​ចុះ​ចូល​គណបក្ស​ប្រជាជន​កម្ពុជា​ ទើប​ទទួល​បាន​នូវ​ភ័ព្វសំណាង​បែប​នេះ​ជា​ថ្នូរ​នឹង​ការ​ឈប់​ប្រ​ឆាំង​ ។​ ដូច្នេះ​ តម្លៃ​ខ្លួន​របស់​អ្នក​ទាំងនោះ​មាន​ទៅ​កើត​ទៅ​ គឺ​ដោយសារ​ការ​ប្រឆាំង​ ឬ​ជេរ​ប្រ​ទេច​គណបក្ស​ប្រជាជន​កម្ពុជា​ ជា​ពិសេស​“​សម្ដេច​តេ​ជា​សែន​”​នា​ពេល​កន្លង​មក​ ហើយ​ត្រូវ​អរគុណ​ដល់​គណបក្សប្រឆាំង​ ឬ​វិទ្យុ​ប្រឆាំង​ ​ឬ​សមាគម​ប្រឆាំង​ទើប​ស័ក្ដិ​សមជា​មនុស្ស​មិន​ភ្លេចគុណ​ ។​
​សរុបសេចក្ដី​មក​ អំពើ​របស់​ឯកឧត្ដម​ កឹ​ម​ សុ​ខុន​ ដែល​បាន​ធ្វើ​ទៅ​លើ​គណបក្សប្រឆាំង​ និង​ទៅ​លើ​បងប្រុស​បង្កើត​បស់​ខ្លួនឯង​ (​ឯក​ឧត្ដម​ កឹ​ម​ សុខា​)​នា​ពេល​ថ្មីៗ​នេះ​ និង​អាច​នៅ​ពេល​បន្ដ​ទៀត​ គឺ​បាន​បង្ហាញ​អំពី​ចរិត​អ្នកនយោបាយ​ខ្មែរ​មួយ​រូប​ដែ​លូ​ល​ចិត្ដ​រមិលគុណ​។
​ពាក្យកាព្យ​របស់​សម្ដេចព្រះ​សង្ឃ​រាជ​ ជួន​ ណាត​ បាន​រំលឹក​ថា​ “​មនុស្ស​រមិលគុណ​ស៊ុន​ខាង​ល្មើស​ ចិត្ដ​ទ្រើស​ទ្រនង់​ភ្លេច​គ្រាក្រ​ កាល​គេ​ផ្គត់ផ្គង់​ឱ្យ​ខ្លួន​ល្អ​ ឥត​នឹក​តបត​សងគុណ​គេ​ ។​ លុះដល់​យូរ​មក​នឹក​ស្ដាយក្រោយ​ នឹកឃើញ​ក្ដី​ធ្លោយ​ព្រោះ​ធ្វេសទ្វេ​ មិន​ហ៊ាន​ហើបមាត់​មួយ​ម៉ាត់​ទេ​ ចេះ​តែ​គេចខ្លួន​ពួន​បំបាំង​ ។​ ” ៕
ប្រភពពី ដើមត្នោត