ក្បាល​មិន​ពាក់ ម៉េច​យក​ទៅ​ពាក់​នឹង​គូទ​ទៅ​វិញ?

6/25/2013 0 Comments A+ a-


ពេល​បើក​បរ​ម៉ូតូ​ ច្បាប់​ចែង​មក​ឲ្យ​ពាក់​មួក​សុវត្ថិភាព ​និង​ដាក់​កញ្ចក់​ឲ្យ​បាន​ត្រឹម​ត្រូវ​។ ម្យ៉ាង​វិញ​ទៀត​មួក​សុវត្ថិភាព​ គេ​ផលិត​មក​ឲ្យ​ពាក់​ដើម្បី​ការ​ពារ​ក្បាល​ តែ​សង្កេត​ឃើញ​អ្នក​ខ្លះ​មិន​យក​មួក​ទៅ​ពាក់​លើ​ក្បាល​ទេ​ បែរ​ជា​យក​ទៅ​ពាក់​ឲ្យ​គូទ​ម៉ូតូ​ ឬ​ដៃ​ម៉ូតូ​​ទៅ​វិញ។ ហេតុ​អ្វី​បាន​ជា​ធ្វើ​ដូច្នេះ?
អុន​ រ៉ាឌី ​បុគ្គលិក​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ Smart ​បាន​និយាយ​ថា ​រូប​លោក​ធ្លាប់​ឃើញ​គេ​យក​មួក​ទៅ​ពាក់​នៅ​គូទ​ម៉ូតូ​បែប​នេះ​ច្រើន​ណាស់​ ហើយ​មាន​ទាំង​ស្រី​ទាំង​ប្រុស។

“ភាគ​ច្រើន​គឺ​អ្នក​ជិះ​ម៉ូតូ​ Scoopy​ ឬ​​ម៉ូតូ​លេខ​អូតូ​។ ទង្វើ​បែប​នេះ​មិន​សម​ទេ​ ព្រោះ​អី​ខាត​ទាំង​ប្រយោជន៍​ខ្លូន​ឯង​ និង​អ្នក​ដទៃ​ទៀត​ផង​ ជា​ពិសេស​អាច​ប៉ះ​ពាល់​ដល់​អាយុ​ជីវិត។ យ៉ាង​ទៀត​ ពេល​គេ​ជិះ​ទៅ​ឃើញ​ប៉ូលីស​ គេ​ជិះ​បក​ក្រោយ​ឆ្វាត់ឆ្វែង​ប៉ះ​ពារ​ដល់​អ្នក​ដទៃ។ ខ្ញុំ​សុំ​ឲ្យ​ពួក​គេ​បញ្ឈប់​ទង្វើ​នេះ​ទៅ​ ព្រោះ​សង្គម​មិន​ទទួល​ស្គាល់​ ហើយ​ធ្វើ​ឲ្យ​សង្គម​ធា្លក់​ចុះ​ទៀត​ផង”។ រ៉ាឌី​ បន្ថែម។
ចំណែក​ឯ ​ចាន់​ គន្ធា ​ធ្វើ​ការ​នៅ​ក្រុមហ៊ុន​ឯក​ជន​មួយ​បាន​លើក​ឡើង​ថា៖ “ប្រហែល​ជា​គេ​ចង់​បង្ហាញ​ថា ​ពួក​គេ​ឡូយ​សង្សារ​ ឬ​គេ​គិត​ថា​មិន​ជួប​គ្រោះ​ថា្នក់​អី​ទេ​ ដោយ​គ្រាន់​តែ​ទៅ​ត្រឹម​​​ត្រង់​នេះ​ហ្នឹង! ក៏​ប៉ុន្តែ​នេះ​មិន​មែន​ជា​ទម្លាប់​ល្អ​ទេ​ ព្រោះ​មិន​គោរព​ស្រលាញ់​អាយុ​ជីវិត​ខ្លួន​ឯង​ និង​អ្នក​ដទៃ ​និង​មិន​គោរព​ច្បាប់​ចរាចរណ៍។ មួយ​វិញ​ទៀត​ សុំ​កុំ​មើល​ងាយ​គ្រោះ​ថា្នក់​ចរាចរណ៍​ឲ្យ​សោះ”។
រី​ឯ​យុវជន​ ផុន​ ពិសិដ្ឋ​ វិញ​ក៏​មាន​គំនិត​ទុទ្ទិដ្ឋិនិយម​ចំពោះ​រឿង​នេះ​ផង​ដែរ។ “ខ្ញុំ​ឃើញ​ភាគ​ច្រើន​អ្នក​ធ្វើ​បែប​នេះ​គឺ​ចន្លោះ​អាយុ​១៧​ទៅ​២០ឆ្នាំ​ជាង​ ហើយ​ជិះ​ម៉ូតូ​ Honda ​និង ​Scoopy។ ជា​ពិសេស​នៅ​ម្តុំ​ស្តុប​ទួល​ទំពូង​ និង​ជិះ​លឿន​ៗ​ទៀត​ផង។ បើ​មិន​ខ្លាច​ប៉ូលីល​ផាក​ទេ​ ក៏​គួរ​តែ​គិត​ពី​អាយុ​ខ្លួន​ឯង​ផង​ វា​ថ្លៃ​ជាង​ថ្លៃ​​ការ​ផាក​នោះ​ទៅ​ទៀត”។
ដោយ​ឡែក​ កញ្ញា​ ស៊ីវ​ម៉ី​ សិស្ស​វិទ្យាល័យ​ស៊ីសុវត្ថិ​បាន​និយាយ​ថា៖ “​ដាក់​មួក​នៅ​ដៃ​ម៉ូតូ​ ឬ​គូទ​​ម៉ូតូ​វា​អាច​នឹង​ទាក់​ ឬ​ប៉ះ​នឹង​អ្នក​ដទៃ។ មួយ​វិញ​ទៀត​ វា​អាច​នឹង​ធ្វើ​ឲ្យ​យើង​បាត់​បង់​អាយុ​ជីវិត​ ហេតុ​ដូច្នេះ​វា​បង្កើន​​ឲ្យ​មាន​គ្រោះ​ថា្នក់​ចរាចរណ៍​កាន់​តែ​ច្រើន​ឡើង។ ខ្ញុំ​សុំ​ឲ្យ​អ្នក​ទាំង​អស់​គ្នា​ពាក់​មួក​សុវត្ថិភាព​ឲ្យ​បាន​គ្រប់ៗ​គ្នា”។
ចុះ​អ្នក​វិញ​មាន​យោបល់​យ៉ាង​ណា​ដែរ​ចំពោះ​រឿង​នេះ?

ប្រភព : ​សប្បាយ