មើល​ម៉េច​ទើប​ដឹង​ថា​​មនុស្ស​ចិត្ត​ងាយ?

6/24/2013 0 Comments A+ a-

មនុស្ស​មាន​ចរិត​ខុស​គ្នា ខ្លះ​​ចូលចិត្ត​​ស្ងៀមស្ងាត់​ ខ្លះ​ចូល​ចិត្ត​រាប់អាន​មិត្តភ័ក្ដិ​​ ប៉ុន្តែ​មនុស្ស​ខ្លះ ​ងាករេ​ច្រើន​ បាន​រាប់​អាន​មនុស្ស​ម្នាក់​ថ្មី​ បោះបង់​អ្នក​ចាស់​ភ្លាម ហើយ​បើ​ចំពោះ​ស្នេហា​ទៀត មនុស្ស​ប្រភេទ​នេះ​ គឺ​ឆាប់​ផ្លាស់ប្ដូរ​​ដៃគូ​ច្រើន ដែល​ចាស់​ច្រើន​និយាយ​ថា​ ជា​មនុស្សចិត្ត​ងាយ​​។ តើ​យុវវ័យ​សម្គាល់​យ៉ាងណា​ខ្លះ​ទើប​ដឹង​ថា ​មនុស្ស​ម្នាក់​ចិត្ត​ងាយ ឬ​​ចិត្ត​មិន​ងាយ?

ខាង​ក្រោម​ជា​យោបល់​របស់​យុវជន​៤​នាក់​ ដែល​មាន​ការ​សម្គាល់​ខុស​ៗ​គ្នា។
កញ្ញា សាហ្វាលីន និស្សិត​ឆ្នាំ​ទី​២ ជំនាញ​ទីផ្សារ សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង បាន​ឲ្យ​ដឹង​ថា ធម្មជាតិ​បុរស​ជា​អ្នក​តាម​ស្រឡាញ់​នារី ពិបាក​នឹង​សម្គាល់​ដែរ ប៉ុន្តែ​អ្វី​ដែល​កញ្ញា​ធ្លាប់​សង្កេត​ឃើញ​គឺ បុរស​ខ្លះ​​ឲ្យ​តែ​ឃើញ​​ស្រីៗ​​ ចូលចិត្ត​​ឲ្យ​ក្រសែ​ភ្នែក​ពី​ចម្ងាយ​ និង​ព្យាយាម​មាន​សកម្មភាព​ឲ្យ​ស្រីៗ​ចាប់​អារម្មណ៍ ។ ​
កញ្ញា​បាន​និយាយ​យ៉ាង​នេះ​ថា៖ “មនុស្ស​ប្រុស​ចរិត​ហេ​ ឧស្សាហ៍​បាញ់​ភ្នែក​ទៅ​រក​មនុស្ស​ស្រី ឲ្យ​ឃើញ​គេ​ស្អាត គឺ​​ព្យាយាម​​មក​និយាយ​ជាមួយ​គេ​ភ្លាម​ៗ”។
ចំណែក​កញ្ញា ដាលីស និស្សិត​ឆ្នាំ​ទី​២ ជំនាញ​ធនាគារ នៅ​សាកលវិទ្យាល័យ​បៀលប្រាយ បាន​ឲ្យ​ដឹង​ស្រដៀង ហ្វាលីន​ថា៖ “មនុស្ស​ប្រុស​ចរិត​សាវា និង​ចិត្ត​ងាយ ដូច​តែ​គ្នា ដូចជា​មនុស្ស​ប្រុស​ខ្លះ​មាន​ប្រពន្ធ ឬ​មាន​សង្សារ​​ហើយ កំពុង​បណ្ដើរ​ទៀត​ តែ​នៅ​ពេល​ឃើញ​ស្រី​ តាម​ឲ្យ​​ភ្នែក​​​ អត់​ឈប់​សោះ ឬ​ឲ្យ​តែ​មាន​ឱកាស​លែបខាយ បោះ​សំដី​ភ្លាម​ៗ  ឬ​ដឹង​ថា គេ​មាន​សង្សារ​ហើយ​ក៏​នៅ​តែ​ស្រឡាញ់​”។
រីឯ​ យុវជន បូរ៉ា អតីត​និស្សិត​នៅ​សាកលវិទ្យាល័យ​មួយ ​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពង់ចាម មក​រស់នៅ​ភ្នំពេញ​ជិត​៨​ឆ្នាំ​ ជា​មនុស្ស​ដែល​ចូល​ចិត្ត​ដើរ​លេង​យប់ ​បាន​​សម្គាល់​លើ​នារី​ចិត្ត​ងាយ​វិញ​ថា ​ស្រី​ចិត្ត​ងាយ គឺ​ជា​មនុស្ស​ស្រី​ដែល​ងាយ​ស្រួល​ទាក់ទង គឺ​អាច​ឆាប់​ត្រូវរ៉ូវ​ជាមួយ​បុរស​ក្នុង​រយៈ​មួយ​ខ្លី តាម​រយៈ​អាកប្បកិរិយា ដូច​ជា​​ឲ្យ​កន្ទុយ​ភ្នែក និយាយ​សំដី​បោះ​ពាក្យ​ឌឺដង បណ្ដោយ​ខ្លួន​តាម​ការ​អូសទាញ​របស់​បុរស​។
ដើម្បី​អះអាង​ ការ​សង្កេត​របស់​ខ្លួន បូរ៉ា បាន​រៀបរាប់​ថា នារី​ៗ​ដែល​ចូលចិត្ត​ដើរ​លេង​ពេល​រាត្រី​តែ​ម្ដង ទោះបី​មិន​ដែល​ស្គាល់​គ្នា​សោះ​ពី​មុន​មក​ក៏​ដោយ​ ពេល​ឃើញ​ស្រី​ៗ​ទាំង​នោះ​​កំពុង​ជិះ​ម៉ូតូ​ ឬ​នៅ​កន្លែង​កម្សាន្ត​ណាមួយ ពេល​ឃើញ​បុរស​សម្លឹង​ នារី​នោះ​​​ដូចជា​រៀង​ផ្អើល​ៗ ងាកឆ្វេង​ងាកស្ដាំ ឲ្យ​កន្ទុយ​​ភ្នែក​បន្តិច​ ហើយ​បើ​បាន​គេ​ជិះ​តាម​ទៀត​ ធ្វើ​​ដូច​ខ្លួន​ឯង​ស្អាត​ណាស់​អីចឹង​ ប៉ុន្តែ​មិន​យូរ​ប៉ុន្មាន​គឺ​ចាប់​ផ្ដើម​បណ្ដោយ​ឲ្យ​គេ​តាម​ញ៉ែ​ភ្លាម​ៗ។
ផ្ទុយ​ពី​​អ្នក​​ដទៃ​​ យុវជន​ កុសល ​ជា​ជាង​ជួសជុល​ទូរសព្ទ​​នៅ​ផ្សារ​ដេប៉ូ បាន​និយាយ​ថា ភាគ​ច្រើន​ចាស់​ៗ​សម្គាល់​លើ​មនុស្ស​ស្រី ប៉ុណ្ណោះ​ចំពោះ​រឿង​ងាយ ​មិន​ងាយ ប៉ុន្តែ​សម្រាប់​ប្អូន​ផ្ទាល់​យល់​​ថា​ មនុស្ស​ស្រី​ក៏​មាន​បេះដូង​ដែរ ដោយសារ​ការ​ស្រឡាញ់​ខ្លាំង​ ទើប​មនុស្ស​ស្រី​ខ្លះ​សុខ​ចិត្ត​​បញ្ចេញ​សកម្មភាព​មុន ដូចជា តេ​ទូរសព្ទ ឬ ញញឹម​ដាក់​បុរស​ ធ្វើ​ឲ្យ​បុរស​ចាប់​អារម្មណ៍​ ប៉ុន្តែ​បុរស​ខ្លះ​បែរ​យល់​ថា មនុស្ស​ស្រី​នោះ​ ជា​មនុស្ស​ចិត្ត​ងាយ​ទៅ​វិញ។
កុសល​បាន​បន្ថែម​ថា៖ “ទេវតា​បង្កើត​ចិត្ត​មនុស្ស​ឲ្យ​មាន​ភាព​ផ្ទុយ​គ្នា​ខ្លះ ដែល​បុរស​ខ្លះ​មាន​ចរិត​អៀនប្រៀន​ច្រើន ដែល​ចាំ​បាច់​ភាគី​ខាង​ស្រី មាន​សកម្មភាព​មុន​ដែរ ដូច្នេះ​មិន​គួរ​ប្រកាន់​ថា ងាយ ​ឬមិន​​ងាយ​នោះ​ទេ បើសិនជា​ពេញ​ចិត្ត​ដែរ​ ស្រឡាញ់​តែ​ម្ដង​ទៅ​”។
ចុះ​អ្នក​វិញ​សម្គាល់​យ៉ាងណា​ដែរ​?