កឹម មនោវិទ្យា៖ នារី​កំណាន់​ប្ដឹង​កឹម សុខា ជា​ការ​ប្រឌិត​ឡើង​របស់​បក្ស​កាន់​អំណាច

6/12/2013 0 Comments A+ a-

ស្ត្រីម្នាក់ដែលប្រកាសខ្លួនថា ធ្លាប់ជា«នារីកំណាន់»របស់លោក កឹម សុខា ប្រធានស្ដីទីរបស់គណបក្សសង្គ្រោះជាតិ បាន​ដាក់ពាក្យបណ្ដឹងមួយទៅសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃអង្គារទី១១ខែមិថុនា ទាមទារប្រាក់ឧបត្ថម្ភចិញ្ចឹមជីវិត ព្យាបាលជំងឺ និងសុំសំណងជំងឺចិត្តជាទឹកប្រាក់ចំនួន ១ម៉ឺនដុលា្លរ។ តែសម្រាប់បុត្រីរបស់មេដឹកនាំគណបក្សប្រឆាំង កញ្ញា កឹម មនោវិទ្យា បានប្រតិកម្មថា វាជារឿងប្រឌិតឡើង របស់គណបក្សកាន់អំណាច។

លោកកឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិ នៅក្នុងបាតុកម្មថ្ងែទី២៤ខែមេសា។ (រូបថត MONOROOM.info/O. Vary)
ក្នុងពាក្យបណ្តឹងចុះហត្ថាលេខា តាំងពីថ្ងៃ១១ខែកុម្ភះ ដែលបានធ្វើឡើងតាមរយៈ «រដ្ឋមន្ត្រីក្រសួងកិច្ចការនារី» និងដែល​មនោរម្យព័ងអាំងហ្វូទទួលបានមួយច្បាប់ នៅថ្ងៃទី១១ខែមិថុនានេះនោះ បានសរសេរថា ម្ចាស់ពាក្យបណ្ដឹងអ្នកស្រី កែវ សុវណ្ណារី និងលោក កឹម សុខា ធ្លាប់បានរស់នៅជាមួយគ្នាតាំងពីឆ្នាំ១៩៩៩ ដោយមិនបានចុះសំបុត្រអាពាហ៍ពិពាហ៍។ ស្ត្រី​ដែលមានអាយុ ៤០ឆ្នាំ និងមានស្រុកកំណើត នៅសង្កាត់លេខ៣ រាជធានីភ្នំពេញរូបនេះ បានសរសេរនៅក្នុង​ពាក្យបណ្ដឹង​ទៀតថា អ្នកស្រី និងលោក កឹម សុខា បានរួមគ្នាទៅសុំកូនមកចិញ្ចឹម ចំនួនពីរនាក់ តែក្រោយពីបានយកកូនគេមកចិញ្ចឹម «លោក កឹម សុខា បានកាត់បន្ថយ ប្រាក់ឧបត្ថម្ភ» សម្រាប់អ្នកស្រី និងកូនទាំងពីរ។
ក្នុងពាក្យបណ្ដឹងនោះ អ្នកស្រី កែវ សុវណ្ណារី មានសរសេរយ៉ាងវែងឆ្ងាយដូច្នេះថា «នៅពេលដែលនាងខ្ញុំមានបញ្ហា​សុខភាព មិនអាចបំពេញតម្រូវការផ្លូវភេទរបស់គាត់ គាត់ក៏ទៅរកសេវាផ្លូវភេទនៅឯខាងក្រៅ ធ្វើឲ្យនាងខ្ញុំមានការឈឺចាប់​យ៉ាង​ខ្លាំង រហូតពេលខ្លះ គាត់បានយកស្រីមករួមភេទ នៅក្នុងផ្ទះជាច្រើនលើកច្រើនសារ» ហើយអ្នកស្រីថា បានសម្រេចចិត្ត​ទៅ​បួស​ជាដូនជីបានរយៈពេល១ខែ ដោយសារតែលោក កឹម សុខានោះទៀតផង។
ប្រតិកម្មឆ្លើយតបវិញ ទាក់ទងនឹងបញ្ហានេះ បុត្រីរបស់លោកកឹម សុខា និងជាអគ្គនាយករងផ្នែកទំនាក់ទំនងសាធារណៈ គណបក្សសង្គ្រោះជាតិ កញ្ញា កឹម មនោវិទ្យា បាននិយាយថា «អត់ដែលស្គាល់ស្ត្រីឈ្មោះ កែវ សុវណ្ណារី នេះទាល់តែសោះ» ហើយ​កញ្ញាថា វាជាការប្រឌិត១០០% មិន«ឡូហ្សិក (Logique)» និងមាននយោបាយនៅពីក្រោយ។ កញ្ញាថា មិនខ្វល់នឹង​ពាក្យបណ្ដឹងរបស់នរណា ហើយឪពុករបស់កញ្ញា ក៏មិនទៅតតាំងក្ដីជាមួយនរណាដែរ ដោយសារតែគេបាន​ប្រឌិតរឿង​នេះ​ឡើងមកនោះដែរ។
ទាក់ទងនឹងរូបថត ដែលត្រូវបានបណ្ដាញសារព័ត៌មានមួយចំនួន ជាពិសេសបណ្ដាសារព័ត៌មាន ដែលមាននិន្នាការផ្អៀង​ទៅរដ្ឋាភិបាល យកមកចុះផ្សាយ គេឃើញមានលោកកឹម សុខា នៅឈរថតជាមួយនឹងអ្នកស្រី កែវ សុវណ្ណារី នៅខាងមុខ​ប្រាសាទអង្គរវត្ត តែរូបទាំងនោះ មិនជាច្បាស់ណាស់ណានោះទេ។ បញ្ហានេះកញ្ញាកឹម មនោវិទ្យា បានពន្យល់ដោយឈរ​លើមូលហេតុពីរ។ ទីមួយ ក្នុងសម័យបច្ចេកវិទ្យាទំនើប គេអាចធ្វើការកាត់តទាំងរូប ទាំងសម្លេងបាន។ ទីពីរ លោកកឹម សុខា ជាអ្នកនយោបាយ ដូច្នេះលោកថតជាមួយមនុស្សគ្រប់គ្នា ដែលសុំឲ្យលោកថតជាមួយ។
កញ្ញាបញ្ជាក់ថា បើគ្រាន់តែរូបថតមួយសន្លឹកថតជាមួយគ្នា ហើយយកមកនិយាយថា មានទំនាក់ទំនងស្នេហាអីនោះ អញ្ចឹង​គេគ្រប់គ្នាគួរតែឈប់ថតរូបទៀតទៅ។

រូបថតរវាងអ្នកស្រី កែវ សុវណ្ណរី និងលោក កឹម សុខា ដែលមើលទៅព្រាលៗ ហើយត្រូវបានចុះផ្សាយ ដោយគេហទំព័រ​ដើមអំពិល។ (រូបថត គេហទំព័រដើមអំពិល)
ពាក្យបណ្ដឹង និងថ្ងៃខែចុះហត្ថលេខា ដែលមិនសូវទំនង
ពាក្យបណ្ដឹងដែលមានលក្ខណៈរសើបនេះ មិនដែលត្រូវបាននរណាម្នាក់ដឹងពីមុនមកទេ មកទល់នឹងថ្ងៃទី១០ខែមិថុនា បើ​ទោះជាវាបានចុះហត្ថលេខា តាំងពីថ្ងៃពី១១ ខែកុម្ភះនោះក៏ដោយ។ តែផ្ទុយទៅវិញ ពាក្យបណ្ដឹងនេះ ត្រូវបានចែកផ្សាយ ទៅ​​ដល់បណ្ដាញអ្នកសារព័ត៌មាន នៅថ្ងៃទី១១ខែមិថុនានេះ តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយវត្ថមានរបស់អ្នកស្រី កែវ សុវណ្ណារី នៅក្នុងបាតុកម្មមហាជន ប្រឆាំងលោក កឹម សុខា នាថ្ងៃអាទិត្យទី០៩ខែមិថុនាមុន។ ពាក្យបណ្ដឹងបានសរសេរ នៅផ្នែក​ខាងលើថា «សូមគោរព ឯកឧត្តមប្រធានសាលាដំបូងរាជធានីភ្នំពេញ សូមទានជ្រាប តាមរយៈ លោកជំទាវ រដ្ឋមន្ត្រីក្រសួង​កិច្ចការនារី»។
ឆ្លើយតបនឹងការសាកសួររបស់មនោរម្យព័ងអាំងហ្វូ អ្នកស្រី កែវ សុវណ្ណារី ផ្ទាល់បានថ្លែងតាមទូរស័ព្ទថា ពាក្យបណ្ដឹងនេះ បានប្ដឹងតាំងពីខែកុម្ភះនោះមក។ តែខាងតុលាការ ចេះតែដំអក់ទុកមិនដោះស្រាយ ទើបអ្នកស្រីសុំទៅខាង ក្រសួង​កិច្ចការ​នារីឲ្យជួយអន្តរាគម។ បានន័យថា ក្រសួងកិច្ចការនារីមិនបានដឹងពីបញ្ហាទំនាស់នេះ នៅ«ក្នុងអំឡុងពេល»​នៃថ្ងៃទី១១​ខែកុម្ភះនោះទេ។
យើងបានព្យាយាមស្វែងរកការបញ្ជាក់ពីក្រសួងកិច្ចការនារី តាមរយៈរដ្ឋបាល តែមិនមាននរណម្នាក់ទទួលទូរស័ព្ទទេ នៅ​ព្រឹកថ្ងៃទី១២ខែមិថុនានេះ។
អ្នកច្បាប់ឯករាជ្យមួយរូប ស្និតនឹងប្រព័ន្ធតុលាការខ្មែរ ក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះ បានពន្យល់ពីទម្រង់បែបបទ​នៃ​ពាក្យបណ្ដឹងនេះ ថាមានរូបរាង«ប្រហាក់ប្រហែល» ដូចទៅនឹងងការរៀបចំមួយ ដើម្បីយកប្រព័ន្ធតុលាការជាឈ្នាន់ និង​ដើម្បីបំផ្លាញកិត្តិយស របស់មេដឹកនាំគណបក្សប្រឆាំង។ អ្នកច្បាប់រូបនោះបានបកស្រាយថា បើតាមពាក្យសម្ដីរបស់​អ្នកស្រី កែវ សុវណ្ណារី ដែលថាបានប្ដឹងតាំងពីខែកុម្ភះមកនោះ ពាក្យបណ្ដឹងនេះមិនទាន់មាន កិច្ចអន្តរាគមន៍របស់ រដ្ឋមន្ត្រី​ក្រសួង​កិច្ចការនារីនោះទេ ហើយនៅលើពាក្យបណ្ដឹងក៏គេមិនត្រូវសរសេរ ដាក់«តាមរយៈរដ្ឋមន្ត្រី»បែបនេះដែរ។ តែផ្ទុយ​ទៅវិញ ពាក្យបណ្ដឹងនេះ«ទើបនឹងរៀបចំឡើង» ក្នុងពេលមុននេះ តែត្រូវបានចុះហត្ថលេខាតាំងពីបួនខែមុននោះទៅវិញ ក្នុង​បំណង​ចង់ធ្វើឲ្យសាធារណៈជនយល់ថា ពាក្យបណ្ដឹងមិនទាក់ទងនឹងបាតុកម្មថ្ងៃទី០៩ខែមិថុនា ឬការបោះ​ឆ្នោត​ខាង​មុខនេះទេ៕
----------------------------------------------------
ដោយ៖ មនោរម្យព័ងអាំងហ្វូ