ប៊ុន លីម៉ា សារភាពលួច ស្រឡាញ់ លីឡា ដោយចំហរ
ភ្នំពេញៈ កន្លងមក លោក ប៊ុន លីម៉ា ត្រូវបានព្យុះបោកបក់ថា លោកលួចមាន ទំនាក់ទំនង ស្នេហាក្រៅឆាក ជាមួយតារាសម្តែង កញ្ញា លីឡា ដោយស្ងាត់ៗ។ តែពេលនេះ ប៊ុន លីម៉ា បានព្រលយឲ្យដឹងការពិតថា ព័ត៌មានដែលគេចុះផ្សាយថា លោកស្រឡាញ់ លីឡា នោះ គឺជាការពិត ។
លោក ប៊ុន លីម៉ា និង កញ្ញា លីឡា ត្រូវបានប្រភព ពីអ្នកនៅជិតខ្លួន បង្ហើបប្រាប់ឲ្យដឹងថា ពួកគេមាន ទំនាក់ទំនងស្រឡាញ់គ្នា ក្រៅរង្វង់សិល្បៈ។ ជារឿយៗ គេឧស្សាហ៍ឃើញនាង ទៅណាមកណា បង្កើតពីភាពសិទ្ធស្នាល ជាមួយគ្នាប្លែក ខុសពីតារាដទៃ ប្រៀបដូចជាគូ ស្នេហ៍ថ្មោងថ្មី បង្ហាញពីភាពស្អិតល្មួត បេះមិនចេញទាល់តែសោះ។
តារាសម្តែងរូបសង្ហាមាឌមាំ សម្បុរស កូនកាត់ចិន លោក ប៊ុន លីម៉ា បានប្រាប់នៅក្នុងកម្មវិធី "តារាក្នុងដួងចិត្តខ្ញុំ" របស់វិទ្យុដើមអម្ពិល ជាសាធារណៈពេញៗម៉ាត់ថា ចំពោះព័ត៌មានដែលថា លោកមានទំនាក់ទំនងស្នេហា ជាមួយ កញ្ញា លីឡា នាពេលកន្លងមក លោកធ្លាប់បាន បកស្រាយរួចហើយ គ្រាន់តែពេលខ្លះ អ្វីដែលលោកនិយាយ ត្រូវបានគេយកទៅចុះផ្សាយ មិនដូចអ្វី ដែលលោកនិយាយ ។ ដូច្នេះឆ្លៀតក្នុង ឱកាសនេះ លោកសុំទទួលស្គាល់ ដោយចំហរនៅពេលនេះថា លោកពិត ជាស្រឡាញ់នាង (លីឡា) បា្រកដមែន ហើយ លោកមានទំនាក់ទំនង ជិតដិតនឹង គ្នាខ្លាំងណាស់ ។
តារាប្រុស មានស្រុកកំណើត នៅទីក្រុងភ្នំពេញ វ័យ២៤ឆ្នាំ ប៊ុន លីម៉ា បានប្រាប់ឲ្យដឹងថា "តាមពិតទៅ ខ្ញុំក៏ចង់រកឱកាសនិយាយ ពីរឿងនេះដែរ ហើយខ្ញុំគិតថា ការបកស្រាយនេះ ជាចម្លើយពិតប្រាកដ ចេញពីម៉ាត់ខ្ញុំតែម្តង ។ ខ្ញុំទទួលស្គាល់ថា ពួកខ្ញុំស្រឡាញ់គ្នា ជាមួយនាងពិតមែន ភាគច្រើនខ្ញុំទាំងពីរនាក់ តែងតែទៅណាមក ណាជាមួយគ្នា ជិតដិតគ្នា ។តែការស្រលាញ់នោះ មិនមែនជាស្នេហាទេ គឺជាការស្រលាញ់ ដែលមានត្រឹមតែ នៅក្នុងការសម្តែង តែប៉ុណ្ណោះ សម្រាប់ស្នេហាក្រៅឆាកវិញ គឺគ្មានទេ ស្រឡាញ់គ្នាប្រៀប ដូចជាមិត្តភក្តិរួមអាជីព"។
តារាសម្តែងកាយវិការ ខារ៉ាអូខេក្នុងបទ "មនុស្សប្រុសមិនខូច មនុស្សស្រីមិនស្រលាញ់" លោក ប៊ុន លីម៉ា បានប្រាប់ឲ្យដឹងថា សម្រាប់លោក មិនទាន់ចង់ គិតពីរឿងស្នេហា នៅឡើយទេ ព្រោះថាកន្លងមក លោកធ្លាប់មាន ស្លាកស្នាមដំបៅ ស្នេហាចាស់ ឈឺចាប់ម្ដងរួចមកហើយ ។ ដូច្នេះមិនទាន់ចង់ គិតពីរឿងនេះទៀតទេ ចង់ទុកពេល គិតពីការងារឲ្យបានច្រើន ។ម្យ៉ាងទៀត លោកក៏កំពុងតែ ត្រៀមបង្ហាញការងារថ្មីមួយទៀត គឺជាការថតខ្សែភាពយន្តថ្មី ជាលើកដំបូង នៅក្នុងពេលឆាប់ៗនេះ៕