ភាគ​ខាង​ត្បូង​ចិន​កំពុង​ត្រៀម​ទប់​ទល់​នឹង​ព្យុះ BEBINCA ក្រោយ​ព្យុះ​នេះ​ធ្វើ​ឱ្យ​អ្នក​នេសាទ4​នាក់​បាត់​ខ្លួន​

6/24/2013 0 Comments A+ a-



អាជ្ញា​ធរ​មូល​ដ្ឋាន​រាយ​ការណ៍​ថា​ អ្នក​នេសាទ​៤​នាក់​ត្រូវ​បាត់​ខ្លួន​ក្នុង​ឈូង​សមុទ្រ​បីប៊ូ​ BEIBU ក្រោយ​ការ​បោក​បក់​មក​ដល់​នៃ​ព្យុះ​ត្រូពីកាល់​ឈ្មោះ​ BEBINCA ក្នុង​ខេត្ត​ ហៃ​ណាន់​ ភាគ​ខាង​ត្បូង​ប្រទេស​ចិន​ ។​លោក​ លី​ ហៃ​ហ្វៃ​ អនុ​ប្រធាន​ការិយា​ល័យ​សារព័ត៌​មាន​ក្រុង​ QIONGZHOU គូស​បញ្ជាក់​ថា​ នាវា​នេសាទ​មួយ​គ្រឿង​មាន​អ្នក​នេសាទ​ចិន​ក្នុង​នោះ​៤​នាក់​បាន​បាត់​ការ​ទាក់​ទង​កាល​ពី​យប់​ថ្ងៃ​ទី​២១​ មិថុនា​ ។ ប្រតិបត្តិ​ការ​​តាម​រុក​រក​ និង​ជួយ​សង្គ្រោះ​កំពុង​បន្ត​ ។ នាវា​នេសាទ​នោះ​ដែល​ពុំ​មាន​អាជ្ញា​ប័ណ្ណ​ធ្វើ​ប្រតិបត្តិ​ការ​ត្រូវ​លិច​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២២​ មិថុនា​ ក្នុង​ដែន​ទឹក​នៃ​ទីក្រុង​ QIONGHAI ។ អ្នក​នេសាទ​ម្នាក់​ដែល​ធ្លាក់​ក្នុង​ទឹក​ អាច​ត្រូវ​ជួយ​សង្គ្រោះ​ ។
សេវា​ផ្លូវ​ដែក​ និង​ដឹក​ជញ្ជូន​កាត់​តាម​ច្រក​សមុទ្រ​ QIONGZOU ត្រូវ​ផ្អាក​មក​ពី​ព្យុះ​នេះ​ ។ បណ្តា​សាឡាង​ដឹក​អ្នក​ដំណើរ​ទទួល​បទ​បញ្ជា​ឱ្យ​ស្ថិត​នៅ​កំពង់​ផែ​ តាន​មេន​ ក្រុង​ QIONGHAI កោះ​ហៃ​ណាន់​ ។
ព្យុះ​ត្រូ​ពី​កាល់​នោះ​បណ្តាល​ឱ្យ​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​នៅ​កោះ​ហៃ​ណាន់​ ក្នុង​តំបន់​ស្វយ័ត​ ZHOUANG ខេត្ត​ក្វាង​ស៊ី​ និង​នៅ​សមុទ្រ​ចិន​ខាង​ត្បូង​ ។
ព្យុះ​ BEBINCA ជា​ព្យុះ​ប្រចាំ​រដូវ​ដំបូង​គេ​ដែល​បោក​បក់​មក​លើ​ខេត្ត​ក្វាង​ទុង​ ។ ការិយា​ល័យ​ឧតុ​និយម​រាយ​ការណ៍​ថា​ ព្យុះ​ BEBINCA ដែល​កកើត​កាល​ពី​ថ្ងៃ​ទី​២១​ មិថុនា​ នា​វេលា​ម៉ោង​១០​ព្រឹក​ ថ្ងៃ​នោះ​ស្ថិត​នៅ​ក្នុង​ដែន​ទឹក​ចម្ងាយ​៥៥០​គីឡូ​ម៉ែត្រ​ ភាគ​អាគ្នេយ៍​ទីក្រុង​ YANGJIANG ខេត្ត​ក្វាង​ទុង​ ។ ជាមួយ​កម្លាំង​ខ្យល់​ក្នុង​ល្បឿន​៨០​គីឡូ​ម៉ែត្រ​ក្នុង​១ម៉ោង​ ព្យុះ​ BEBINCA បាន​បោក​បក់​ឆ្ពោះ​ទៅ​ភាគ​ពាយ័ព្យ​សំដៅ​តំបន់​ឆ្នេរ​សមុទ្រ​នៃ​ខេត្ត​ក្វាង​ទុង​  និង​កោះ​ហៃ​ណាន់​ ។ អាជ្ញា​ធរ​មូល​ដ្ឋាន​ព្រមាន​ប្រាប់​ប្រជា​ជន​ពី​គ្រោះ​ទឹក​ជំនន់​ធ្ងន់​ធ្ងរ​ អាច​បង្ក​ការ​ខូច​ខាត​ខ្លាំង​ ហើយ​បាន​រៀប​ចំ​ទប់​ទល់​នឹង​ព្យុះ​នេះ​ ៕​

Resource by : kohsontepheapdaily.com.kh