Sony កំពុងសំងំផលិតស្មាតហ្វូនកាមេរ៉ា ២០មេហ្គាភិចសែល
កាលពីថ្មីៗនេះ ក្រុមហ៊ុន Sony បានិយាយថា ខ្លួនកំពុងតែបង្កើត នូវស្មាតហ្វូនថ្មី ដែលនឹងបង្ហាញខ្លូននៅ ក្នុងពេលឆាប់ៗនេះ ប៉ុន្តែមិនបានបញ្ជាក់ថា ស្មាតហ្វូនថ្មីនោះ ផ្ដោតសំខាន់ លើមុខងារអ្វីនោះទេ។

យោងតាមគេហទំព័រ Tech2 របស់ឥណ្ឌា បានឲ្យដឹងថា មានប្រភពព័ត៌មានចចាមអារ៉ាម មួយបាននិយាយថា ក្រុមហ៊ុន Sony កំពុងតែធ្វើការបង្កើតនូវ Phablet ដែលស្ថិតនៅក្នុងត្រកូល Xperia ដែលតាមការបញ្ជាក់ ត្រូវបានគេស្គាល់ឈ្មោះថា “Togari”។ ព្រមជាមួយគ្នានោះ ក៏មានព័ត៌មាន ចចាមអារ៉ាមដូចគ្នាផងដែរ ដោយបាននិយាយថា ក្រុមហ៊ុន Sony កំពុងតែសំងំផលិតស្មាតហ្វូន ដែលបំពាក់នូវមុខងារ ពិសេសៗជាច្រើន ដូចជា មានអេក្រង់ទំហំ ៥អ៊ីង កាមេរ៉ា ២០មេហ្គាភិចសែល និងមុខងារ Walkman Audio។
ចំណែកគេហទំព័រ ePrice របស់ចិន ក៏បានចុះផ្សាយដូចគ្នាដែរ ប៉ុន្តែបានបញ្ជាក់ ស្មាតហ្វូន ២០មេហ្គាភិចសែលនេះ នឹងត្រូវបង្ហាញខ្លូននៅក្នុងខែមិថុនា ឆ្នាំ ២០១៣ ខាងមុខ ដោយនឹងត្រូវចេញលក់នៅលើទីផ្សារអាស៊ី។
គួរបញ្ជាក់ផងដែរ ទីផ្សារស្មាតហ្វូនរបស់ Sony ហាក់ដូចជាស្ងប់ស្ងាត់ ខ្លាំងមួយរយៈពេលក្រោយនេះ ដោយលេចធ្លោរតែ Galaxy របស់ Samsung និង iPhone របស់ Apple ចំណែក Lumia របស់ Nokia បានចាប់ផ្ដើមងើប ឡើងបន្តិចម្ដងៗ៕