ចាប់អារម្មណ៏បើ iPhone 5S បំពាក់ដោយកាមេរ៉ាមុខទំហំ 2 MP និងបច្ចេកវិទ្យា Dual-Shot
បើយោងតាមប្រភពចចាមអារ៉ាម និងការទស្សទ៍ទាយរបស់អ្នកវិភាគមួយចំនួននោះបានរំពឹងថាថាក្រុមហ៊ុន Apple នឹងប្រកាសចេញទូរស័ព្ទទំនើប iPhone 5S និង ប្រព័ន្ធប្រតិបត្តិការថ្មី iOS 7 នៅក្នុងសន្និសីទ WWDC (World Wide Developers Conference ឬយើងអាចហៅយ៉ាងសាមញ្ញថា ជំនួបរវាងអ្នកសរសេរកូដទូរទាំងពិភពលោក) ដែលនឹងប្រារព្ធឡើងនៅក្នុងខែមិថុនា ឆ្នាំ២០១៣ ។
ប្រភពចចាមអារ៉ាមទាំងនោះតែងតែលើកឡើងថា iPhone 5S នឹងត្រូវបានបំពាក់ដោយកាមេរ៉ាដែលមានទំហំធំជាង iPhones ជំនាន់មុនៗ ហើយសម្រាប់ពេលនេះមានប្រភពចុងក្រោយ (iOSDoc) មួយបានអះអាងថា iPhone 5S នឹងមានកាមរ៉ាមុខទំហ 2 MP កាមេរ៉ាក្រោយទំហំ 12 MP ថែមទាំងមានលក្ខណពិសេស “Dual-Shot” ជាកម្មវិធីដែលអាចឲ្យលោកអ្នកថតវីឌីអូ ឬ រូបភាពក្នុងពេលតែមួយដោយប្រើកាមេរ៉ាទាំងមុខនិងក្រោយ ។ ប្រភពដដែលក៏បានបន្ថែមទៀតដែរថាពេលនេះក្រុមហ៊ុន Apple កំពុងតែសាកល្បង់ដាក់បញ្ចូលគ្នារវាង “Dual-Shot” នឹង “iOS 7″ ហើយមិនយូរទេការងារនេះនឹងត្រូវចប់សព្វគ្រប់ ។ សូមរំលឹកបន្តិចថាសមត្ថភាពអាចថតដោយកាមេរ៉ាទាំងពីរក្នុងពេលតែមួយនេះត្រូវបានបំពាក់រួចមកហើយនៅលើទូរស័ព្ទទំនើប LG Optimus G Pro និង Samsung Galaxy S4 ដែលដំណើរការដោយ Android OS និង ជាដៃគូប្រកួតដ៏ខ្លាំងរបស់ iPhone 5 នោះ ។
បញ្ជាក់៖ ក្រុមហ៊ុន Apple មិនទាន់បានបញ្ជាក់ឲ្យប្រភពណាមួយបានដឹងនៅឡើយទេទាក់ទងនឹងលក្ខណសម្បត្តិបច្ចេកទេសរបស់ iPhone 5S ដែលបានលើកឡើងខាងលើនេះ ។ សម្រាប់ព័ត៌មានបន្ថែមទាក់ទងនឹង iPhone 5S ក៏ដូចជាផលិតផលផ្សេងៗទៀតរបស់ក្រុមហ៊ុន Apple សូមប្រិយមិត្តបន្តតាមដានជាមួយពពក ៕
តើប្រិយមិត្តគិតថាការរំពឹងទុកខាងលើអាចជាការពិតទេ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖