លេចចេញរូបភាពទូរស័ព្ទ Sony Xperia UL
ក្រុមហ៊ុន Sony ហាក់បីដូចជាមានការមមាញឹកខ្លាំងណាស់ក្នុងការងារផលិតទូរស័ព្ទទំនើប ព្រោះថាបន្ទាប់ពីក្រុមហ៊ុនបានចេញលក់ទូរស័ព្ទទំនើប Xperia Z និង Xperia ZL រួចមក ក្រុមហ៊ុនជប៉ុនមួយនេះក៏បានប្រកាសចេញជាបន្តបន្ទាប់ទៀតនូវទូរស័ព្ទទំនើប Xperia L, Xperia SP និង Xperia ZR ។
មិនត្រឹមតែប៉ុណ្ណោះទេកាលពីពេលថ្មីៗនេះ ទូរស័ព្ទទំនើបដែលមិនទាន់ត្រូវបានប្រកាសចេញជាផ្លូវការនៅឡើយមួយម៉ូដែលទៀតត្រូវបានលេចចេញពីប្រភពចចាមអារ៉ាម ទូរស័ព្ទទំនើបនោះត្រូវបានគេស្គាល់ថា Xperia i1 Honami ។ ដោយឡែកសម្រាប់ពេលនេះមានទូរស័ព្ទទំនើបដែលឋិតក្នុងខ្សែស្រឡាយ Xperia មួយម៉ូដែលទៀតហើយត្រូវបានបង្ហាញនៅលើបណ្ដាញអ៊ីនធឺណិត ទូរស័ព្ទទំនើបនោះត្រូវបានគេស្គាល់ឈ្មោះថា Xperia UL និងមានឈ្មោះកូដថា ‘Gaga’ ។ បើយោងតាមប្រភពចចាមអារ៉ាមបានឲ្យដឹងខ្លះៗថាទូរស័ព្ទ Sony Xperia UL មានលក្ខណសម្បត្តិបច្ចេកទេសមួយចំនួនដូចជា៖ CPU Quad-core Snapdragon 600, RAM 2 GB កម្រិតភាពច្បាស់ 1,080p (Full HD) និងថាមពលថ្ម 2,300mAh ។
ប្រភពពី gsmarena ក៏បានសន្និដ្ឋានដែរថាទូរស័ព្ទនេះអាចនឹងបំពាក់ដោយបច្ចេកវិទ្យាការពារការជ្រាបទឹក និង ធូលី (water and dust proof) ផងដែរ ។ ចំពោះលក្ខណសម្បត្តិពិតយ៉ាងណានោះ សូមប្រិយមិត្តរង់ចាំតាមដានការបញ្ជាក់ដោយពីក្រុមហ៊ុនជាមួយ ដំណឹង៧ ៕
