[Reuters]៖ ក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple បង្កើនកម្មករចំនួន ៤០% ត្រៀមផលិត iPhones តម្លៃទាប

Pegatron Corp គឺជាក្រុមហ៊ុនមួយក្នុងចំណោមក្រុមហ៊ុនផ្សេងៗទៀតដែលទទួលផលិតផ្នែកខ្លះៗនៃផលិតផលរបស់ក្រុមហ៊ុន Apple ។ ផលិតផលរបស់ក្រុមហ៊ុន Apple ដែល Pegatron Corp ចូលរួមផលិតមាន iPhones និង iPads ដូចអ្វីដែលប្រិយមិត្តតែងតែឮហើយថា ក្រុមហ៊ុនដែលទទួលផលិត ផលិតផលឲ្យ Apple ធំជាងគេនោះគឺ Foxconn Electronics Group ។
កាលពីចុងសប្ដាហ៍មុនប្រភពពី Digitimes បានរាយការណ៍រួចហើយថា Apple ទំនងជាផលិត iPhone តម្លៃទាបប្រមាណ 2.5 ទៅ 3 លានគ្រឿង ដោយឡែកថ្ងៃនេះយើងខ្ញុំសូមដកស្រង់នូវសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានដ៏ល្បីគឺ Reuters ដែលនិយាយទាក់ទងទៅនឹង iPhones តម្លៃទាបរបស់ក្រុមហ៊ុន Apple ។ ប្រភពពីក្រុមហ៊ុនផ្គត់ផ្គង់របស់ Apple បានប្រាប់ Reuters ថាពេលនេះក្រុមហ៊ុន Apple កំពុងតែផលិតគំរូ iPhones តម្លៃទាប ហើយប្រភពដដែលនេះបានបន្តទៀតថា ទីផ្សារគោលដៅនៃ iPhones តម្លៃទាបនោះ គឺប្រទេសកំពុងអភិវឌ្ឍ ដូចជា ចិន និង ឥណ្ឌា ជាដើម ។ ដើម្បីផលិត iPhones តម្លៃទាបនោះគេជឿថាក្រុមហ៊ុន Pegatron ត្រូវការបន្ថែមកម្មករចំនួន ៤០% ទៀត លើកម្មកររបស់ខ្លួនដែលមានសព្វថ្ងៃចំនួន ១០០.០០០ នាក់ ។ ប្រភពផ្គត់ផ្គង់មួយទៀតដែលមានមូលដ្ឋាននៅប្រទេសជប៉ុនបាននិយាយថា ការផលិតបន្ទះអេក្រង់ iPhones តម្លៃទាបនឹងត្រូវចាប់ផ្ដើមផលិតក្នុងបរិមាណតិចនាខែឧសភានេះ ហើយ ដោយឡែកការផលិតក្នុងបរិមាណច្រើននឹងត្រូវធ្វើឡើងក្នុងខែមិថុនាខាងមុខនេះ ។
ប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន Pegatron បានបង្ហើបប្រាប់ទីភ្នាក់ងារ Reuters ថាចំនួន ៦០% នៃចំណូលរបស់ក្រុមហ៊ុននឹងត្រូវទទួលបាននៅឆមាសទី២ នៃឆ្នាំ២០១៣ ។ លោក Arthur Liao ដែលជាអ្នកវិភាគឲ្យក្រុមហ៊ុនទីផ្សារមូលបត្រ Fubon Securities បានមានប្រសាសន៍ថា ការផលិតទូរស័ព្ទ iPhones តម្លៃទាប នឹងធ្វើឲ្យប្រាក់ចំណេញរបស់ Pegatron ស្ថិតក្នុងកម្រិតខ្ពស់ ព្រោះថាតួធ្វើពីប្លាស្ទិករបស់ទូរស័ព្ទនេះមានភាពងាយស្រួលផលិតជាងតួរបស់ iPhone 5s ដែលផលិតពីលោហធាតុ ។ សូមបញ្ជាក់ថាកាលពីមុនធ្លាប់មានការលេចចេញនូវគំរូ iPhones តម្លៃទាបចំនួនពីរម៉ូដែល គឺ មានអេក្រង់ 4-inch និង 4.5-inch
ប្រភពជាច្រើនរំពឹងថា ក្រុមហ៊ុន Apple នឹងបញ្ចេញ iPhones តម្លៃទាបនៅក្នុងត្រីមាសទី៣ នៃឆ្នាំ២០១៣ នេះ ។ តើប្រិយមិត្តជឿថាក្រុមហ៊ុន Apple ពិតជានឹងចេញទូរស័ព្ទទំនើប iPhones តម្លៃទាបក្នុងឆ្នាំ២០១៣ នេះដែរឬយ៉ាងណា? សម្រាប់ព័ត៌មានបន្ថែមទៀតដែលទាក់ទងនឹងទូរស័ព្ទទំនើបតម្លៃទាបរបស់ Apple សូមប្រិយមិត្តរង់ចាំតាមដានជាមួយពពក ៕
រូបភាព iPhones តម្លៃទាបដែលធ្លាប់ចេញ
តើប្រិយមិត្តគិតថា Apple នឹងចេញទូរស័ព្ទទំនើបតម្លៃទាបក្នុងឆ្នាំនេះឬទេ? សូមបញ្ចេញមតិក្នុងប្រអប់ខាងក្រោម៖