Nexus 4 ពណ៌ ស បង្ហាញរូបពិតនៅសន្និសីទ Google I/O (វីឌីអូ)
កាលពីដើមឆ្នាំមានព័ត៌មានលេចឮថា ក្រុមហ៊ុន LG ត្រៀមចេញទូរស័ព្ទទំនើប Nexus 4 ថ្មីមានពណ៌ ស ដែលពេលនោះគេថែមទាំងទទួលបាននូវរូបភាពនៃទូរស័ព្ទយ៉ាងច្បាស់ទៀតផង ។ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្ដាយ គឺវាគ្រាន់តែជារូបដែលបានពីជនមិនស្គាល់មុខម្នាក់ផ្ញើទៅឲ្យគេហទំព័រ PhoneArena ប៉ុណ្ណោះ គឺមិនមែនទទួលបានពីក្រុមហ៊ុនដោយផ្ទាល់នោះទេ ។
បន្ទាប់ពីរំលងរយៈពេលជាងបីខែមក ពេលនេះទូរស័ព្ទទំនើប LG ឬ Google Nexus 4 ពណ៌ ស ត្រូវបានបង្ហាញមុខមាត់ពិតប្រាកដហើយតាមរយៈសន្និសីទរបស់ Google ដែលបានធ្វើឡើងក្នុងពេលថ្មីៗនេះ ។
តាមពិតទៅនៅពេលដែលគេនិយាយពីទូរស័ព្ទទំនើប Neuxs 4 គឺប្រហែលជាមិនមានអ្វីដែលគួរឲ្យទាក់ទាញនោះទេ ។ ប៉ុន្តែដោយសារតែក្រុមហ៊ុនបានជួបប្រទះនឹងបញ្ហាខ្លះៗក្នុងការផ្គត់ផ្គង់នូវទូរស័ព្ទ Nexus 4 កាលពីប៉ុន្មានខែមុន ទើបការបង្ហាញនូវទូរស័ព្ទ Nexus 4 ម៉ូដែលថ្មីដែលមានពណ៌ ស នេះត្រូវបានក្លាយជាព័ត៌មានដែលគួរឲ្យចាប់អារម្មណ៍ទៅវិញ ។ ដោយហេតុថា វាគឺជាជម្រើសថ្មីសម្រាប់អ្នកដែលពេញចិត្តនឹងស្រលាញ់នូវទូរស័ព្ទ Nexus 4 ដែលជាផលិតផលរួមគ្នារវាងក្រុមហ៊ុន LG និង Google ។
ទស្សនាវីឌីអូ៖
សូមបញ្ជាក់ថា ជាមួយនឹងលក្ខណសម្បត្តិរួមដូចគ្នាទៅនឹងទូរស័ព្ទទំនើប Nexus 4 មានពណ៌ខ្មៅ និងកំពុងតែចរាចរលក់នៅលើទីផ្សារនៅក្នុងពេលបច្ចុប្បន្ន ទូរស័ព្ទ Nexus 4 ពណ៌ ស នឹងត្រូវចេញលក់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះហើយ ។ ប៉ុន្តែសម្រាប់តម្លៃនៃទូរស័ព្ទនេះគឺមិនមានប្រភពណាមួយបានប្រាប់ឲ្យដឹងនៅឡើយទេ។ យ៉ាងណាមិញសម្រាប់ម៉ូដែលពណ៌ ខ្មៅ គឺមានតម្លៃប្រហែល $465 ដែលនេះជាតម្លៃពិតនៅលើទីផ្សារនៃប្រទេសកម្ពុជាសព្វថ្ងៃ ៕