ផលិតកម្មសាន់ដេរ គំរាម អ្នកលេង Facebook និង Youtube

នេះជាការព្រមានថ្មីមួយ បន្ទាប់ពីផលិតកម្មក្នុងស្រុកមួយនេះ ទើបបានសហការជាមួយសមត្ថកិច្ច ចុះបង្ក្រាប អ្នកបញ្ចូលបទភ្លេង នៅផ្សារឃ្លាំងរំសេវ និងផ្សារសាន់ហាន់ និងទីតាំង២ផ្សេងទៀត ក្នុងករណីសង្ស័យថា អ្នកទាំងនោះ ជាអ្នកចែកចាយខ្សែរឿង “ព្រាយដែកគោល” ដែលជាកម្មសិទ្ធិបញ្ញារបស់ពួកគេ ខណៈជាលទ្ធផលនៃការបង្ក្រាបនោះ សមត្ថកិច្ចបានរឹបអូសកុំព្យូទ័រ ជាច្រើនគ្រឿង សង្ស័យថា បានលួចចម្លងស្នាដៃរឿង “ព្រាយដែកគោល” របស់សាន់ដេដោយគ្មានការអនុញ្ញាត រួមទាំងអ្នកប្រព្រឹត្តផង។
ក្រុអ្នកបញ្ចូលបទភ្លេង ដែលត្រូវសមត្ថកិច្ចចាប់យកឧបករណ៍របស់ពួកគេនោះ បានឲ្យដឹងថា ៖ ក្នុងប្រតិបត្តិការនេះផងដែរ មិនត្រឹមតែ ធ្វើការឃាត់ខ្លួនទៅលើអ្នកដែលមានផ្ទុកនូវរឿង ព្រាយដែកគោល នោះទេ គឺសមត្ថកិច្ចបានធ្វើការ ពិន័យ ទៅលើកុំព្យូទ័រណា ដែលមានផ្ទុកបទចម្រៀង របស់ផលិកម្មសាន់ដេ នេះទៀតផង។
នៅក្នុងសេចក្ដីប្រកាសជាបន្ទាន់មួយដែលអ្នកលេង Facebook បានចែកចាយបន្តឲ្យគ្នាទៅវិញទៅមកនេះ ផលិតកម្មសាន់ដេ បានប្រកាសជូនដំណឹងថា “ផលិតកម្មសាន់ដេ ភាពយន្តសូមជម្រាបដល់ប្រិយមិត្តដែលនិយមលេង Facebook និង Youtube ឱ្យបានជ្រាបថា ផលិតកម្មសាន់ដេភាពយន្ត សូមហាមដាច់ខាតនូវការបង្ហោះខ្សែភាពយន្តរឿងព្រាយដែកគោលនៅលើទំព័រ Facebook និង Youtubeរបស់ខ្លួន និងចែកចាយរឿង ព្រាយដែកគោល នេះបន្តទៀតនោះ សូមលោកអ្នកលុបវិញជាបន្ទាន់ បើពុំដូច្នេះទេផលិតកម្មយើងខ្ញុំ និង សមត្ថកិច្ច ធ្វើការចោទប្រកាន់ទៅតាមផ្លូវច្បាប់”។
ទាក់ទងទៅនឹងការចុះបង្ក្រាបអ្នកលួចចម្លងស្នាដៃរឿង “ព្រាយដែកគោល” មិនទាន់មានការបកស្រាយណាមួយ ពីសមត្ថកិច្ច និងខាងភាគីផលិតកម្មសាន់ដេនោះទេ៕ by CEN