អ្នកលេងហ្វេសប៊ុកបន្ទោសរដ្ឋាភិបាលចំពោះការកំណត់ថ្លៃសេវាទូរស័ព្ទ
ក្រុមអ្នកលេងហ្វេសប៊ុក នៅប៉ុន្មានថ្ងៃនេះ បានស្តីបន្ទោសលើរដ្ឋាភិបាល ដែលដាក់កំហិតលើក្រុមហ៊ុនទូរស័ព្ទ Smart និងទូរស័ព្ទចល័តមួយចំនួនទៀត មិនឲ្យទម្លាក់ថ្លៃការហៅចេញ ឬផ្តល់សេវាឥតគិតថ្លៃ។
ប្រតិកម្មនេះ កើតឡើងបន្ទាប់ពីប្រព័ន្ធឆ្លើយតបជាស្វ័យប្រវត្តិរបស់ទូរស័ព្ទ Smart លេខ ៨៨៨ បាននិយាយថា ការផ្តល់សេវាហៅចេញ Free ក្រោមគម្រោងតេអស់ស្ទះ និងតេបាស់សក់ ត្រូវបានបញ្ឈប់ ហើយលក្ខខណ្ឌមួយចំនួនត្រូវបានកែប្រែ និងផ្លាស់ប្តូរ តាមការកំណត់របស់ប្រកាសអន្តរក្រសួង។
សេចក្តីប្រកាសរបស់ក្រសួងប្រៃសណីយ៍ និងក្រសួងសេដ្ឋកិច្ចលេខ ២៣២ គឺមិនអនុញ្ញាតឲ្យផ្តល់សេវាហៅចេញ Free ឬផ្តល់លុយបន្ថែមឡើយ។ ក្រសួងបានកំណត់តម្លៃហៅចេញក្នុងប្រព័ន្ធ ស្មើនឹង ៤.៥សេន ក្នុងមួយនាទី ដែលធ្វើឲ្យអតិថិជន ប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ Smart បញ្ចេញប្រតិកម្មជាបន្តបន្ទាប់ តាមបណ្តាញទាក់ទងសង្គម។
អ្នកចែករំលែកព័ត៌មានតាមហ្វេសប៊ុក និងជាអតិថិជនរបស់ប្រព័ន្ធទូរស័ព្ទ Smart លោក ថេង សាវឿន បានអះអាងថា មូលហេតុនៃការផ្លាស់ប្តូរនេះ បណ្តាលមកពីក្រុមហ៊ុន Cellcard បានដាក់ពាក្យបណ្តឹងទៅក្រសួង ឲ្យដាក់គំនាបលើក្រុមហ៊ុន Smart ក្នុងការផ្តល់សេវា Free ទាំងនោះ។ លោកថា ទង្វើនេះ ប៉ះពាល់ដល់ការប្រកួតប្រជែងសេដ្ឋកិច្ចទីផ្សារសេរី ៖ "ការផ្តល់អត្ថប្រយោជន៍របស់ Smart ក៏ដូចជា Hello បានធ្វើឲ្យប្រជាពលរដ្ឋទាំងមូល បន្ថយការចំណាយ ប៉ុន្តែប្រព័ន្ធ Cellcard ប្តឹងទៅក្រសួង និងធ្វើឲ្យក្រសួងអន្តរាគមន៍ ចេញលិខិតដាក់គំនាបដល់ប្រព័ន្ធក្រុមហ៊ុនទូរស័ព្ទដទៃទៀត ដែលយកតម្លៃថោក ធ្វើឲ្យប្រជាពលរដ្ឋ ក៏ដូចជាយុវជន កម្មករគាត់មិនមានការសប្បាយចិត្ត ពីព្រោះពួកគាត់ត្រូវតែចំណាយបន្ថែមទៀត ទៅលើការប្រើប្រាស់ប្រព័ន្ធទូរទ័ព្ទ ក៏ដូចជាការទំនាក់ទំនង និងមុខរបររកស៊ី"។
ស្តាប់សំឡេង៖
រដ្ឋមន្ត្រីក្រសួងប្រៃសនីយ៍ និងទូរគមនាគមន៍ លោក សូរ ឃុន បានបដិសេធអធិប្បាយពីបញ្ហានេះ នៅពេលដឹងថា អ្នកសារព័ត៌មានបានថតសំឡេងរបស់លោក។
ចំណែក តំណាងក្រុមហ៊ុនទូរស័ព្ទម៉ូប៊ីតែល ឬ Cellcard បានតម្រូវឲ្យមានការណាត់ជួបជាមុន មុននឹងឆ្លើយបំភ្លឺ។
លោក សន ជ័យ បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា បើប្រជាពលរដ្ឋទាមទារឲ្យរដ្ឋាភិបាលបញ្ចុះថ្លៃទំនិញ ថ្លៃសាំង និងថ្លៃឡានឈ្នួល រដ្ឋាភិបាលតែងអះអាងថា ខ្លួនមិនមានសមត្ថកិច្ចលូកដៃចូលបានទេ ដោយសារកម្ពុជាប្រកាន់យកសេដ្ឋកិច្ចទីផ្សាសេរី។ ប៉ុន្តែសម្រាប់ក្រុមហ៊ុនទូរស័ព្ទខ្លះដែលបញ្ចុះថ្លៃហៅចេញទាបនោះ បែរជារដ្ឋាភិបាលលូកដៃកំណត់ថ្លៃទៅវិញ។
អ្នកស្រាវជ្រាវឯករាជ្យជាន់ខ្ពស់ លោក កែម ឡី មានប្រសាសន៍ថា កម្ពុជាមិនមានការប្រកួតប្រជែងទីផ្សាសេរីស្មើភាពគ្នាទេ ដែលកត្តានេះ បណ្តាលឲ្យប្រជាពលរដ្ឋខាតបង់ច្រើន ហើយកម្ពុជា អាចនឹងឈានទៅរកសេដ្ឋកិច្ចផ្តាច់មុខ ៖"តាមពិតទៅវាប៉ះពាល់ខ្លាំង ពីព្រោះសេដ្ឋកិច្ចទីផ្សារ គេបើកចំហឲ្យមានការប្រឡងប្រណាំង កាលណាមានការប្រឡងប្រណាំងកាន់តែខ្លាំង គឺមានន័យថា អតិថិជនឬក៏អ្នកប្រើប្រាស់ហ្នឹង មានការចំណេញកាន់តែច្រើន ពីព្រោះតែកាលណាមានការប្រកួតប្រជែង គេត្រូវតម្រូវឲ្យពួកវិនិយោគិនហ្នឹង គឺទម្លាក់តម្លៃហើយ ដើម្បីសេវាកម្មរបស់ខ្លួនហ្នឹងលក់ដាច់ បើមិនអញ្ចឹងទេ វាមិនខុសពីសេដ្ឋកិច្ចផ្តាច់មុខទេ"។
ប្រព័ន្ធទូរស័ព្ទ Smart ដែលទើបបង្កើតឡើងក្រោយទូរស័ព្ទម៉ូប៊ីតែល បានពេញនិយមគួរកត់សំគាល់ សម្រាប់ពលរដ្ឋកម្ពុជា ក្នុងរយៈពេលចុងក្រោយនេះ ដោយសារកម្មវិធីផ្តល់សេវា ឥតគិតថ្លៃ និងមានអត្ថប្រយោជន៍ច្រើនដល់អតិថិជន៕