បទ​យកការណ៍​៖ រយៈ​ពេល​​៨​​ឆ្នាំ នៃ​​ការ​ដឹកនាំ​​របស់​​អតីត​​អភិបាល​ខេត្ដ​​សៀម​រាប លោក ស៊ូ ភិរិន្ទ

5/01/2013 0 Comments A+ a-


កាលពី​ថ្ងៃ​ចន្ទ ទី​២៩ ខែ​មេសា​ តំណែង​​អភិបាលខេត្ត​សៀមរាប​ថ្មី ត្រូវ បាន​​ប្រគល់​ជា​ផ្លូវការ​ទៅ លោក ឃឹម ប៊ុន​សុង ជំនួស​លោក ស៊ូ ភិរិន្ទ​។ សៀមរាប ជា​ខេត្ដ​ទេសចរណ៍​ប្រ​សាស្ដ្រដ៏​សំខាន់​មួយ បន្ទាប់​ពី​រាជ​ធានី​​ភ្នំ​ពេញ​។ ខេត្ត​ដែល​សំបូរ​ទៅដោយ​ប្រាង្គ​ប្រាសាទ ជាពិសេស ប្រាសាទ​​អង្គរវត្ត បាន​ទទួល​ភ្ញៀវ​ទេសច​រ​ជាតិ និង​អន្តរជាតិ រាប់លាន​នាក់ ក្នុង​មួយ​ឆ្នាំៗ​។​ដូច្នេះ ការរៀបចំ​ខេត្ត​មួយ​នេះ ត្រូវមាន​ការយកចិត្ត​ទុកដាក់ ដើម្បី​ទទួលបាន​ការកោតសរសើ​រ​ពី​ភ្ញៀវទេសចរ​។ តើ​ក្រោម​ការដឹកនាំ​របស់ លោក ស៊ូ ភិរិន្ទ ខេត្តសៀមរាប មាន​ការអភិវឌ្ឍ និង​មាន​ចំណុច​ខ្វះខាត​អ្វីខ្លះ​?
អភិបាល​ខេត្ដ​សៀមរាប លោក ស៊ូ ភិរិន្ទ ដឹកនាំ​តំបន់​ទេសចរណ៍​មួយ​នេះ ចាប់ពី​ឆ្នាំ​២០០៦​។ ប្រជាពលរដ្ឋ​មួយចំនួន បាន​កោត​សរ​សើរ​​នូវ​​ស្នាដៃ​​របស់​​លោក ដូច​ជា ការរីកចម្រើន​សំណង់​ផ្ទះល្វែង សំណង់​សណ្ឋាគារ​ធំៗ ផ្លូវ​ក្រាល​កៅស៊ូ​ក្នុង​ក្រុង​ខ្វាត់ខ្វែង ប្រព័ន្ធធារាសាស្ដ្រ និង​សំណង់​ជាច្រើន​ទៀត​ជាដើម ។
​ប្រធានបទ ​ទំនាស់​ដីធ្លី តែង​តែ​​កើត​ឡើង នៅ​គ្រប់​ខេត្ត​​ក្រុង ទូទាំង​ប្រទេស​។ ក្នុង​រយៈពេល​ពីរ​អណត្តិ​​នៃ​​ការ​ដឹកនាំ​​របស់​​លោក ស៊ូ ភិរិន្ទ ទំនាស់​​ដីធ្លី​ក្នុង​ខេត្ត​មួយ​នេះ បាន​​កើតឡើង​ជា​បន្ត​បន្ទាប់​។ សម្រាប់​ប្រជាពលរដ្ឋ ដែល​រងគ្រោះ​ដោយសារ​ទំនាស់​ដីធ្លី បាន​ដាក់​ការស្តីបន្ទោស​ទៅ​អាជ្ញាធរ​ខេត្ត ជាពិសេស​អភិបាលខេត្ត​សៀមរាប​។​
​ពលរដ្ឋ​ម្នាក់​នៅ​សង្កាត់​សាលា​​កំរើក អ្នកស្រី  យិន សៀកឡេង មាន​បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ និង​ធ្លាប់​បាន​ប្ដឹង​ផ្ដល់​ដល់​ខុទ្ទកាល័យ លោក នាយករដ្ឋ​មន្ដ្រី​។ អ្នក​ស្រី មានប្រសាសន៍ថា ការ​រស់នៅ​ក្រោម​ការដឹក​នាំ​របស់​លោក ស៊ូ ភិរិន្ទ រយៈ​ពេល​​ជិត​​៨​ឆ្នាំ អ្នកស្រី​ទទួល​​ស្គាល់​​ថា មានកា​អភិវឌ្ឍ​​ច្រើន ទាំង​ផ្នែក​​ប្រព័ន្ធ​ធារា​សាស្ដ្រ និង​ហេដ្ឋារចនាសម្ព័ន្ធ​។ ស្រប​ពេល​​នឹង​​ការ​អភិវឌ្ឍ​​នេះ អ្នក​ស្រី បាន​លើក​​ឡើង​​ពី​​បញ្ហា​ដីធ្លី ដែល​ពលរដ្ឋ​មានទំនាស់​ជាមួយ​ក្រុមហ៊ុន​ឯកជន​ចម្រោះ​ទឹកស្អុយ ដោយ​យក​កន្លែង​ទៅ​អភិវឌ្ឍ​។  អ្នក​ស្រី បាន​​រំលឹក​ដល់​អតីតកាល​ថា ពួកគាត់​ធ្លាប់បាន​សុំ​អន្ដរាគមន៍​ពី​គ្រប់​ស្ថាប័នរដ្ឋ តែ​អាជ្ញាធរ​ខេត្ដ​មិន​បាន​ចេញមុខ​ដោះស្រាយ​ ៖ "ដូច​ជា​រឿង​ដីធ្លី ដី​ធ្លីដែល​វាស់​រំលង ដូច​ដី​ខ្ញុំ​ហ្នឹង​គឺ​ដី​វាស់​រំលង អត់​មាន​ទំនាស់​នឹង​អាជ្ញា​ធរ​ណា ឬក៏​យើង​​ទំនាស់​ជាមួយ​បុគ្គល​ណា​ទេ អញ្ចឹង​ពួក​ខ្ញុំ​សុំ​តែ​ឲ្យ​គាត់​ចេញ​ប័ណ្ណ​សំគាល់​សិទ្ធិ​កាន់​កាប់​ដី​ធ្លី ប៉ុន្តែ​គាត់​នៅ​តែ​ដោះស្រាយមិន មិនទាន់​ដោះស្រាយឲ្យ​ពួក​យើង​ខ្ញុំ​ ហើយ​ច្បាប់​ពួក​ខ្ញុំ​នេះ បាន​ដាក់​ទៅ​គ្រប់​ក្រសួង មាន​ចាប់​តាំង​ពី​អាជ្ញា​ធរ ចៅ​សង្កាត់ រហូត​ដល់​សាលា​ក្រុង រដ្ឋសភា ព្រឹទ្ធសភា ចូល​ទៅ​ខេត្ត​ ហើយ​ទៅ​ដល់​ខុទ្ទ​កាល័យ​សម្តេច​ទៀត"។
ប្រជាពលរដ្ឋ​មួយចំនួនទៀត លើកឡើងថា ក្រោម​ការដឹកនាំ​របស់​អតីត​អភិបាល​ខេត្ដ​សៀមរាប លោក ស៊ូ ភិរិន្ទ មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការប្រកាន់​បក្សពួក​និយម  ការលក់​សំណង់​អគារ​​របស់​​រដ្ឋ ជា​លេស​នឹង​ការប្ដូរ​ទីតាំង និង​អភិវឌ្ឍ​ទីក្រុង ដូចជា សាលា​មតេយ្យ​​ត្រីកោណ ស្តា​ត​អូឡាំពិក និង​អគារ​មន្ទីរ ។​
​ពលរដ្ឋ​ដែល​រស់នៅ​ក្នុង​តំបន់​អាជ្ញាធរ​អប្សរា ក្នុង​ស្រុក​​បន្ទាយ​ស្រី អ្នកស្រី នាង ឃុន្នី មាន​ប្រសាសន៍​ថា ការ​ដឹកនាំ​​របស់​អតីត​អភិបាលខេត្ដ លោក​​​ស៊ូ ភិរិន្ទ មិនសូវ​មាន​គោរព​​សិទ្ធិ​ពលរដ្ឋ ជា​ម្ចាស់ឆ្នោត​នោះទេ ហើយ​ការ​រស់​ពួកគេ​មក​ដល់ពេលនេះ​ នៅ​ក្នុង​​តំបន់​​​អាជ្ញាធរ​​អប្សរា មាន​បញ្ហា​ជា​បន្តបន្ទាប់​។ អ្នកស្រី​បញ្ជាក់ថា កន្លង​មក​ អ្នកស្រី​បាន​​ប្ដឹង​អាជ្ញាធរ​​អប្សរា​​ទៅ​​តុលាការ ពី​បទ​រុះរើ​​ផ្ទះ​​ពលរដ្ឋ ប៉ុន្ដែ​តុលាការ​មិន​ផ្ដល់​ភាព​យុត្ដិធម៌​។ អ្នកស្រី​បន្ដ ព្រៃឈើ​នៅ​ភ្នំ​គូ​លេន ក៏​ត្រូវបាន​កាប់បំផ្លាញ ដោយ​ក្រុម​យោធា និង បទល្មើស​ដឹកជញ្ជូន​ឈើ​គ្រប់​ប្រភេទ​នៅ​តាម​ផ្លូវជាតិ​លេខ​៦៧ កើតឡើង​ជា​រៀងរាល់ថ្ងៃ ស្ទើរតែ​បាក់​ផ្លូវ ដោយ​ពុំ​មាន​ការ​ទប់​ស្កាត់​​ពី​អាជ្ញាធរ​ឡើយ​ ​៖ "​គាត់​ឡើងជាអភិបាល​ខេត្ត​ថ្ងៃ​ណា​មក​ គឺ​បទ​ល្មើស​ព្រៃ​ឈើ​កាន់​តែ​ខ្លាំង គាត់​អត់​ដែល​មាន​កា​រ​ទប់​ស្កាត់​ទេ តែ​បើ​សិន​ប្រ​ជា​ពលរដ្ឋ​ណា​ហ៊ាននិយាយ​ គឺ​គាត់​​ហ្នឹង​អត់​ដែល​ព្រម​ទទួលថា​គាត់​ធ្វើ​អ្វី​ដែល​មិន​ល្អ ដែល​ខុស​គឺ​គាត់​នៅ​តែ​និយាយ​ថា​ គាត់​ល្អ​ជា​និច្ច"។
លោក ស៊ូ ភិរិន្ទ បាន​ចូលនិវត្ដ ទើប​តែ​បញ្ចប់​ការដឹក​នាំ​​ខេត្ត​សៀម​រាប​​ជា​ផ្លូវការ នៅ​ថ្ងៃ​ទី​១​ ខែ​ឧសភា​នេះ ដោយ​បាន​ទៅ​កាន់​តំណែង​​ជា​ទីប្រឹក្សា​អាជ្ញាធរ​ជាតិ​​អប្សរា​។ នៅពេល​ដឹងថា លោក ស៊ូ ភិរិន្ទ ទទួលបាន​តំណែង​ថ្មី​នេះ ពលរដ្ឋ​មួយចំនួន​នៅក្នុង​តំបន់​​អប្សរា នៅតែ​បន្ដ​ក្ដីបារម្ភ​ថា បញ្ហា​នៅ​តំបន់​អប្សរា​នេះ នឹង​មិន​ត្រូវបាន​ដោះស្រាយ​នោះទេ​។​
កាលពី​ថ្ងៃ​ចន្ទ ទី​២៩​ ខែ​មេសា ក្នុងពេល​ផ្ទេរតំណែង​​ជា​ផ្លូវការ លោក ស៊ូ ភិរិន្ទ​ បាន​ថ្លែង​តាម​របាយការណ៍​ថា ស្នាដៃ​ដែល​អាជ្ញាធរ​​ខេត្ដ​ធ្វើ​បាន​​ច្រើន គួរឲ្យកត់សម្គាល់ ទាំង​ផ្នែក ហេដ្ឋារចនាសម្ព័ន្ធ ប្រព័ន្ធធារាសាស្ដ្រ សេវាកម្ម​ទេសចរណ៍ កសិកម្ម និង​នៅ​មាន​បណ្ដា​ផ្នែក​ជាច្រើន​ទៀត​។ លោក​បន្ដថា ទីក្រុង​សៀមរាប ក៏​ត្រូវបាន​រៀបចំ​ឲ្យក្លាយ​ជា​ទីក្រុង​អច្ឆរិយៈ ដោយ​ក្នុង​នោះ​មាន​​ការ​​ធ្វើ​ស្ពាន​ឆ្លងស្ទឹង​ពីរ​ន្លែ​ង​ផងដែរ​ ​៖ "​លទ្ធ​ភាព​ដែល​មាន​លក្ខណៈ​ងាយ​ស្រួល និង​បង្កើន​ទំនុក​ចិត្ត​ដល់​វិនិ​យោគិន និង​បង​ប្អូន​ប្រ​ជា​ពលរដ្ឋទូ​ទាំង​ខេត្ត​ មាន​លទ្ធ​ភាព​ប្រកប​មុខ​របរ និង​ធ្វើ​អាជីវ​កម្ម​បានយ៉ាង​​កក់​ក្តៅ នៅ​គ្រប់​មជ្ឈ​ដ្ឋាន​ទូ​ទាំង​ខេត្ត។ បើ​និយាយ​ពីព្រឹត្តិការណ៍​នៃ​ការ​​រៀប​ចំ​វប្ប​ធម៌​អាស៊ាន​បូក​បី នៅ​ក្នុង​ខណៈដែល​ខេត្ត​សៀម​រាប​អង្គរ​ គឺ​ជា​ក្រុង​​វប្ប​ធម៌​នៃអាស៊ាន​បូ​ព៌ា​ឆ្នាំ​២០១២ ព្រឹត្តិ​ការណ៍​ពិពណ៌​អន្តរ​ជាតិ ក្នុង​តំបន់​អាស៊ី​បូ​ព៌ា តំណាង​អរិយ​ធម៌ ជា​ព្រឹត្តិ​ការណ៍​ព្រះ​ពុទ្ធ​សាសនា​ដ៏ធំ ជា​ពិសេស​កម្ម​វិធី​អង្គរ​សង្ក្រាន្ត​នៅ​លើ​ទឹក​ដី​ខេត្ត​សៀម​រាប​នៅ​ពេល​ថ្មី​ៗ​កន្លង​មក​នេះ"។
អ្នកសម្របសម្រួល​អង្គ​ការ​លីកាដូ ខេត្ដ​សៀមរាប លោក ចៅ ល័ក្ខ​វ​ណ្ណា បាន​ទទួលស្គាល់ថា ការដឹកនាំ​របស់​លោក ស៊ូ ភិរិន្ទ ជាង​​​៧​​ឆ្នាំ មានការ​រី​ក​ចម្រើន​ច្រើន តែ​ទំនាស់​​ដីធ្លី ក៏​​មាន​​ច្រើន​​ផង​ដែរ​។ លោក​បន្តថា ពលរដ្ឋ​ដែល​មាន​ទំនាស់​ដីធ្លី ត្រូវបាន​សមត្ថ​​កិច្ច ចាប់​ដាក់​ពន្ធនាគា​រ​កន្លងមក មាន​ចំនួន​២៩​នាក់ និង​រងរបួស​ដោយសា​រការ​បាញ់ប្រហារ រហូត​ធ្លាក់​ខ្លួន​ពិការ​ចំនួន​២​នាក់​។ លោក​សង្ឃឹមថា អភិបាលខេត្ដ​ថ្មី​ដែល​ចេញពី​ស្ថាប័ន​យោធា នឹង​ជួយ​កាត់បន្ថយ​បញ្ហា​ទំនាស់​ដីធ្លី ដោយ​ផ្ដល់​សិទ្ធិ​សេរី​ភាព​​ច្រើន​​ដល់​​ពលរដ្ឋ​​នៅ​ពេល​​តវ៉ា​​បញ្ហា​​អ្វីមួយ ​៖
​តំណែង​របស់​លោក​ស៊ូ ភិរិន្ទ ត្រូវ​បាន​បន្ដ​ដឹកនាំ​ដោយ លោក ឃឹម ប៊ុន​សុង ជា​ឧត្ដមសេនីយ​ផ្កាយ​ពីរ នៃ​ស្ថាប័ន​កងយោធពល​ខេមរៈភូមិន្ទ​។
ការផ្លាស់ប្តូរ​មុខតំណែង​របស់​អភិបាល​ខេត្ត​​សៀមរាប​នេះ បាន​បន្សល់​ទុក​នូវ​ទំនាស់​ដីធ្លី នៅ​​កន្លែង​មួយចំនួន សម្រាប់​អភិបាល​ខេត្ដ​​​ថ្មី ចេញ​មុខ​ដោះស្រាយ ដើម្បី​ទទួលបាន​ការគាំទ្រ និង​ចូលចិត្ត​ពី​ប្រជាពលរដ្ឋ ដូច​បញ្ហា​ដីធ្លី​នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី​ជាមួយ​​អាជ្ញាធរ​អប្សរា និង​នៅ​ស្រុក​វ៉ារិន ជាដើម ។
អភិបាល​ខេត្ដ​សៀមរាប ដែល​ទើប​កាន់​តំណែង​បាន​មួយថ្ងៃ លោក ឃឹម ប៊ុន​សុង មានប្រសាសន៍ថា លោក​នឹង​ដោះស្រាយ​ទៅ​តាម​​គោល​នយោ​បាយ​​របស់​រាជ​​រដ្ឋាភិបាល​ ​៖
​ប្រជាពលរដ្ឋ​រំពឹងថា អភិបាលខេត្ដ​ក្រោយនេះ នឹង​ជួយ​ដោះស្រាយ​រាល់​ទំនាស់​ដីធ្លី និង​បទល្មើស​ផ្សេង​មិន​ឲ្យ​កើតមាន មិន​ប្រកាន់​​បក្ស​ពួក ហើយ​ដឹកនាំ​បែប​លទ្ធិ​ប្រជាធិតេយ្យ​៕ Via: http://vodhotnews.com/