សហជីព និង​​កម្មករ ទាម​ទារ​​ឲ្យ​​គណបក្ស​គោរព​​ការ​សន្យា​ដំឡើង​​ប្រាក់​​​ឈ្នួល​

5/01/2013 0 Comments A+ a-



សហជីព​ធំៗ​មួយចំនួន រួម​ជាមួយ​​កម្មករ​​ប្រមាណ​​ជិត​​១​ម៉ឺន​​នាក់ ដើរ​​ដង្ហែរ​​ក្បួន​​ទ្រង់​ទ្រាយ​​ធំ នៅ​​ថ្ងៃ​​ទី​១ ខែ​​ឧសភា​​នេះ ដែល​​ជា​ទិវា​​ពលកម្ម​​អន្តរ​ជាតិ ដើម្បី​ទាមទារ​ឲ្យ​គណបក្ស​ជាប់​ឆ្នោត​​អាណត្តិ​ថ្មី ធ្វើ​តាម​ការសន្យា​របស់​ខ្លួន​។​
ក្នុងឱកាស​អបអរសាទ​រ​ទិវា​ពលកម្ម​អន្តរជាតិ​លើក​​ទី​​១២៧ ឆ្នាំ​២០១៣​នេះ ក្រុម​កម្មករ បាន​​ដើរ​​ដង្ហែរ​​ក្បួន​ពី​​ទីលាន​ប្រជា​ធិប​តេយ្យ ទៅ​រដ្ឋសភា​ជាតិ ដើម្បី​​យក​​ញតិ្ត​ទៅ​​ដាក់​​ជូន​តំណាងរាស្ត្រ មកពី​គណបក្ស​ចំនួន​បី គឺ​​គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​សង្គ្រោះ​​​ជាតិ  និង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​។ តែ​នៅ​ព្រឹក​មិញ​នេះ មានតែ​តំណាង​គណបក្ស​ពីរ​ប៉ុណ្ណោះ ដែល​បាន​ទទួលយក​ញត្តិ ដោយ​​មិន​មាន​វត្តមាន គណបក្ស​ប្រជាជន​កម្ពុជា​នោះទេ​។​
នៅ​ខាង​មុខ​រដ្ឋសភាជាតិ តំណាង​របស់​កម្មករ និង​មន្ត្រីរាជការ បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​អាណត្តិ​​ថ្មី ដែល​នឹង​ប្រសូត្រ​ឡើង​នៅ​ពេល​​ខាង​មុខ​​នេះ ត្រូវតែ​ធ្វើ​តាម​ការសន្យា​របស់​ខ្លួន បើ​ពុំ​ដូច​នេះ​​ទេ ពលរដ្ឋ​ដែល​ជា​ម្ចាស់ឆ្នោត នឹង​មិន​ផ្តល់​សេចក្តីទុកចិត្ត​សម្រាប់​​​ការបោះឆ្នោត នៅ​ថ្ងៃ​ទី​២៨​ខែ​កក្កដា​នោះ​ទេ ៖ "​ពេល​ដែល​គាត់បាន​មើល​សេចក្តីថ្លែង​ការណ៍ តើ​គាត់​ហ៊ាន​សន្យា​ និង​ប្តេជ្ញា​ចិត្តថា ពេល​ដែល​គាត់​ជាប់​ឆ្នោត​ គាត់​ជួយ​អ្វី​ដល់​បង​ប្អូន​កម្មករ។ បើ​អ្នក​ណា​ហ៊ាន​សន្យា យក​សេចក្តីថ្លែង​ការណ៍​រួមរបស់​យើង យើង​ត្រូវ​តែ​​បោះ​ឆ្នោត​ឲ្យ​អ្នក​ហ្នឹង​ទៅ។ យើង​​ស្នើ​ឲ្យ​រដ្ឋាភិបាល​ថ្មី ដំឡើង​ប្រាក់​ខែ​ជូន​កម្មករ​ និយោជិត ឲ្យ​បាន​១៥០​ដុល្លារ"។
ស្តាប់សំឡេង៖   
​ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា ការដើរ​ដង្ហែរ​ក្បួន​នេះ ដើម្បី​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជាប់ឆ្នោត​អាណ្ណត្តិ​ថ្មី ធ្វើ​តាម​ការសន្យា​របស់​ខ្លួន នឹង​ទាម​ឲ្យ​រដ្ឋាភិបាល​ដែល​ប្រសូត្រ​ឡើង​ចេញ​ពី​ពលរដ្ឋ​នោះ ផ្តល់​ប្រាក់​បៀវត្សរ៍​ដល់​កម្មករ​​​​យ៉ាង​តិច​១៥០​ដុល្លារ មន្ត្រីរាជការ ២៥០​ដុល្លារ ការបញ្ចុះ​​តម្លៃ​សាំង​មក​នៅត្រឹម ៣​ពាន់​៥​រយ​រៀល​១​លីត្រ រួម​ជាមួយ​លក្ខ​ខណ្ឌ​​ការ​ងារ​​មួយ​ចំនួន​ទៀត​។​
តំណាង​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច លោក ទេព ន​ន្នរី មាន​ប្រសាសន៍​ទៅកាន់​កម្មករ​​ថា គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គាំទ្រ​ចំពោះ​សំណើរ​របស់​​កម្មករ​។ លោក​បន្តថា បើ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ជាប់ឆ្នោត គណបក្ស​របស់​លោក នឹង​ធ្វើ​តាម​សំណើរ​របស់​កម្មករ និង​ពង្រឹង​​​ច្បាប់​ការងារ​ដែល​មាន​ស្រាប់​នោះ ឲ្យមាន​ភាពល្អប្រសើរ​ឡើង​ ៖ "គណបក្ស​ហ៊្វុន​ស៊ិនប៉ិច​ ចូលរួម​ថ្ងៃ​នេះ សូម​គាំ​ទ្រ​នូវ​សេចក្តី​ថ្លែង​ការណ៍​ទាំង​អស់ ហើយ​គណបក្ស​ហ៊្វុន​ស៊ិន​ប៉ិច ព្យា​យាមចូល​រួម​​ដោះស្រាយ​នូវ​​​បញ្ហា​ទាំង​ឡាយ​ដែល​បង​ប្អូន​កម្មករ​មាន"។
សម្រាប់​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កើតចេញ​ពី​គណបក្ស​សម​រង្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស លោក កឹម សុខា បាន​សន្យា​ថា បើ​គណបក្ស​ប្រឆាំង ឈ្នះ​ការបោះឆ្នោត សំណើរ​របស់​កម្មករ នឹង​មាន​ប្រសិទ្ធភាព គឺ​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​យ៉ាង​តិច​​១៥០​​ដុល្លារ និង​មន្ត្រីរាជការ ២៥០​ដុល្លារ​ក្នុង​មួយខែ​។ លោក​បន្តថា បើ​គណបក្ស​សង្គ្រោះ​ជាតិ ធ្វើ​មិន​បាន នឹង​លាលែង​ពី​តំណែង​ ៖ "ខ្ញុំ​សូម​បញ្ជាក់ គណបក្ស​សង្គ្រោះជាតិ​ធានា​ឲ្យ​កម្មករ​ទាំង​អស់​បាន​ ១៥០​ដុល្លារ បើ​យើង​ធ្វើ​មិន​បាន​យើង​ចុះ​ចេញ​ពី​តំណែង​បង​ប្អូន"។
​បើ​ប្រៀបធៀប​នឹង​ប្រទេស​ផ្សេងៗ ប្រាក់​ឈ្នួល​កម្មករ​របស់​កម្ពុជា នៅ​មាន​កម្រិត​ទាប​នៅឡើយ​។ ប្រាក់​ឈ្នួល​គោល​កម្មករ​នៅ​ប្រទេស​ថៃ​​មាន​ចំនួន​២៦៣​ដុល្លារ ហ្វីលីពីន ២១២​ដុល្លារ ឥណ្ឌូនេស៊ី ១៨២​ដុល្លារ ប៉ា​គី​ស្ថាន ១៧៤​ដុល្លារ វៀត​ណាម ១៧២​ដុល្លារ ស្រីល័ង្ការ ១២០​ដុល្លារ​។ ចំណែក​កម្មករ​កម្ពុជា ទទួលបាន​ប្រាក់​ឈ្នួល​​គោល​តែ​៧៥​ដុល្លារ តែប៉ុណ្ណោះ​៕
មើលវីដេអូបន្ថែម​​ទាក់ទងនឹងទិវាពលកកម្មអន្តរជាតិ​សូមចុចលើLinkនេះ៖https://www.youtube.com/watch?v=jiyBFCAkpno