វិភាគ៖ សហជីពស្នើដំឡើងប្រាក់ឈ្នួលគោលកម្មករ និងបញ្ចុះតម្លៃសាំងអាចទៅរួចឬអត់?
សេចក្តីថ្លែងការណ៍រួម របស់តំណាងសហជីពកម្មករ សម្រាប់ថ្ងៃទី១ ឧសភា ឆ្នាំ២០១៣នេះ បានទាមទារឲ្យរាជរដ្ឋាភិបាលឲ្យបញ្ចុះតម្លៃប្រេងសាំង មកនៅត្រឹម ៣៥០០រៀល ក្នុងមួយលីត្រ និងស្នើឲ្យកំណត់ប្រាក់ឈ្នួលអប្បរមា សម្រាប់កម្មករគ្រប់វិស័យយ៉ាងតិច ១៥០ដុល្លារ។
អ្នកវិភាគបញ្ហាសង្គម លោក ឡៅ ម៉ុងហៃ យល់ឃើញថា សំណើររបស់សហជីពអាចទៅរួច ព្រោះលោកសង្កេតឃើញក្រុមហ៊ុនទាំងកាត់ដេរស្បែកជើង និងដេរសំលៀកបំពាក់ កើនឡើង ហើយតម្រូវការកម្មករក៏កើនឡើងដែរ ដូច្នេះពួកគេត្រូវការដំឡើងប្រាក់ឈ្នួលកម្មករឲ្យបានសមរម្យក្នុងកម្រិតមួយច្រើនជាងសព្វថ្ងៃ ៖ "ការនាំចេញនូវខោអាវ សំលៀកបំពាក់ហ្នឹង ស្បែកជើងអី គឺកាន់តែមានការចម្រើនលូតលាស់ទៅ ហើយក៏មានក្រុមហ៊ុនអីចេះតែបើកបន្តៗទៀតទៅ វាដូចជាអត់ថយចុះ ដូច្នេះខ្ញុំថាជាការត្រឹមត្រូវ ការទាមទារនេះ មូលដ្ឋានសមរម្យ"។
ចាប់ពីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣នេះ កម្មករនឹងទទួលបានប្រាក់ឈ្នួលគោល ៨០ដុល្លារក្នុងមួយខែ តាមការសម្រេចផ្តល់ឲ្យរបស់ក្រុមនិយោជក តែតំណាងសហជីពនៅតែទាមទារឲ្យបានយ៉ាងតិច ១៥០ដុល្លារអាមេរិក ទើបកម្មករអាចរស់បានសមរម្យបើប្រៀបធៀបនឹងតម្លៃទំនិញ នៅលើទីផ្សារក្នុងពេលបច្ចុប្បន្ន។
ស្តាប់សំឡេង៖
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ ថ្លែងថា សំណើនៅពេលនេះ ក៏ចង់បង្ហាញឲ្យតំណាងគ្រប់គណបក្សនយោបាយដែលជាប់ឆ្នោតនៅអាណត្តិទី៥ខាងមុខនេះ បង្ហាញជំហដោះស្រាយឲ្យកម្មករដែរ។ លោកថា បើគណបក្សណាមិនយកចិត្តទុកដាក់លើសំណើរនេះ នឹងមិនទទួលបានការគាំទ្រពីកម្មករទេ។
មួយរយៈកាលចុងក្រោយនេះ គណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច និងគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំង ដែលមិនធ្លាប់ដឹកនាំរដ្ឋាភិបាលនោះ បានបោះពាក្យសំដីដាក់គ្នាទៅវិញទៅមក ជុំវិញការដំឡើងប្រាក់ខែ កម្មករ គ្រូបង្រៀន នគរបាល និងទាហានជាដើម។
ដោយមើលឃើញថា ការដំឡើងប្រាក់ខែ ប្រធានបទសំខាន់របស់គណបក្សនយោបាយ ប្រើសម្រាប់រកសំឡេងគាំទ្រពេលបោះឆ្នោតនោះ លោក ឡៅ ម៉ុងហៃ ជឿថា សំណើររបស់សហជីពកម្មករ អាចទទួលបានលទ្ធផលតាមការចង់បាន ៖ "តាំងពីមានសំណើរជាផ្លូវការណ៍ ដាក់ជាគោលនយោបាយរបស់គណបក្សសង្គ្រោះជាតិហ្នឹង ដូចជាគណបក្សកាន់អំណាចដូចជាមិនបដិសេធ អហឹង្កាទេ ដូចជាសម្របខ្លួនជាបណ្តើរៗដែរ ដូច្នេះឃើញថា ទំនោរវាទៅរកការគាំទ្រឲ្យមានជីវភាព របស់កម្មករហ្នឹង គឺបានកាន់តែប្រសើរ តាមរយៈដំឡើងប្រាក់ចំណូល ឬប្រាក់ខែហ្នឹងឯង"។
សម្រាប់ប្រធានមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក អ៊ូ វីរៈ យល់ឃើញថា ប្រាក់ឈ្នួលកម្មករអាចដំឡើងដល់ ១៥០ដុល្លារ ដោយផ្អែកលើកំណើនសេដ្ឋកិច្ចបច្ចុប្បន្ន និងការកាត់បន្ថយអំពើពុករលួយ ៖ "ថៅកែរោងចក្រក៏មានបញ្ហាខ្លាំងណាស់ដែរ ពីព្រោះអីពួកគាត់ត្រូវមានការសូកប៉ាន់ទៅលើក្រសួងពាណិជ្ជកម្មច្រើន ហើយក្រសួងហ្នឹងច្រើនអញ្ចឹង គឺធ្វើឲ្យគាត់ពិបាកក្នុងការរៀបចំគម្រោងផលិតផលរបស់គាត់ ដូច្នេះនេះជាបញ្ហាដែលធំបំផុត។ ប៉ុន្តែរឿង ១៥០ដុល្លារ ខ្ញុំមើលទៅអាចទៅរួច មិនពិបាកទេ ក្នុងនាមខ្ញុំជាអ្នកសេដ្ឋកិច្ច ដូចខ្ញុំថា ខ្ញុំមើលទៅអាចទៅរួច"។
និយាយពីប្រាក់ឈ្នូលនេះ លោក អ៊ូ វីរៈ បញ្ជាក់ថា នៅអន្តរជាតិ គឺប្រាក់ឈ្នួលកម្មកររបស់ពួកគេខ្ពស់ជាងនៅកម្ពុជា។
តែចំណែកការកាត់បន្ថយតម្លៃសាំងឲ្យថយចុះមកត្រឹម ៣៥០០រៀលនោះ លោក អ៊ូ វីរៈ យល់ថា ជាការលំបាកដោយ លោកលើកឡើងថា បច្ចុប្បន្នកម្ពុជាទិញប្រេងចូលពីបរទេស ហើយរដ្ឋាភិបាលយកតម្លៃពន្ធសាំងមួយលីត្រប្រមាណ ១០០រៀល ហើយថា បើយកពន្ធកាន់តែទាបនោះ គឺវាជួយដល់អ្នកមានរថយន្តទំនើបវិញ គឺមិនបានផលច្រើនដល់កម្មករទេ។ តែលោកថា ប្រសិនបើការយកពន្ធមានការត្រួតពិនិត្យត្រឹមត្រូវ និងប្រកួតប្រជែងស្មើភាពគ្នានោះ ថ្លៃសាំងនឹងអាចថយចុះប្រមាណ៧ទៅ៨រយរៀលក្នុងមួយលីត្រ។
បច្ចុប្បន្នកម្ពុជា មានកម្មកររោងចក្រកាត់ដេរសំលៀកបំពាក់ និងកាត់ដេរស្បែកជើង មានប្រមាណ៧០ម៉ឺននាក់។ កម្មករនៅតាមបណ្តាខេត្ត និងនៅរាជធានីភ្នំពេញ តែងតែធ្វើបាតុកម្ម និងកូដកម្មជាបន្តបន្ទាប់ មានពេលខ្លះបិទផ្លូវជាតិសំខាន់ទៀតផង ដូចជាផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ២ ជាដើម។ ការធ្វើបាតុកម្ម និងកូដកម្មនោះ គឺធ្វើឡើងដើម្បីទាមទារប្រាក់ឈ្នួល និង លក្ខខណ្ឌការងារសមរម្យ៕ Via: http://vodhotnews.com/