សុខ ស្រីម៉ុច បដិសេធ កាដូរថយន្ត ពីបុរសនៅអាមេរិក
ភ្នំពេញ៖ មុននេះបន្តិចតារាសម្តែង សម្បូរមន្តស្នេហ៍កញ្ញា សុខ ស្រីម៉ុច បានទម្លាយប្រាប់គេហទំព័រ LookingTODAY ឲ្យដឹងថានាង មានបុរសពោះម៉ាយ ជនជាតិអាមេរិក វ័យជិត៥០ឆ្នាំម្នាក់ ចង់បានយក មកធ្វើជាប្រពន្ធ និងធានាយកទៅរស់នៅលើទឹកដី សហរដ្ឋអាមេរិកទៀតផង ។
មិនតែប៉ុណ្ណោះបុរស ពោះម៉ាយរូបនោះ ថែមទាំងលួងលោមចង់ បើកហាងលក់ទូរស័ព្ទ និងទិញរថយន្ត ដើម្បីគាប់ចិត្តនាងទៀតផង បើសិនជានាងហ៊ាន ហាមាត់ឆ្លើយថា OK ទទួលយកសំណើរ របស់បុរសនោះ ។ តែទោះបីជា មានការលួងលោម យ៉ាងណាក្តីតារាស្រី ពូកែសម្រក់ទឹកភ្នែករូបនេះ ក៏មិនទាន់បានឆ្លើយ សារភាពភ្លាមៗដែរ ដោយនាងបានសម្អាងថា ចាំស្ទាបស្ទង់មើលចិត្ត មើលថ្លើមគ្នាបន្តិចសិន ។
មុននឹងមានទំនាក់ទំនង ជាមួយបុរសពោះម៉ាយ ជនជាតិអាមេរិកនេះ ស្រីម៉ុច បាននិយាយរៀបរាប់ថា នាងស្គាល់បុរសម្នាក់នោះ តាមរយៈបងប្អូនធម៌របស់នាង ដែលរស់នៅសហរដ្ឋអាមេរិក ។ មិនតែប៉ុណ្ណោះ បងធម៌របស់ នាងបានអួតពី បុរសពោះម៉ាយនោះ ប្រាប់ដល់នាងជាច្រើនដង ដោយបងប្អូនធម៌របស់នាង និយាយថាបុរស នោះស្លូតបូត និងមានទ្រព្យសម្បត្តិ គួរឲ្យទទួលយក បានថែមទៀតផង ។
បើទោះបីជាមានការបញ្ចុះបញ្ចូល ពីសំណាក់បងធម៌របស់នាង យ៉ាងនេះក្តី ក៏ប៉ុន្តែ ស្រីម៉ុច នៅតែមិនប្រាកដចិត្ត និងមិនទាន់ហ៊ានហា មាត់ឆ្លើយដដែលជាដដែល ព្រោះនាងបាននិយាយថា បុរសម្នាក់នោះមិនដែល បានជួបមុខគ្នា ផ្ទាល់នោះទេ គឺគ្រាន់តែជួបតាមទូរស័ព្ទ នឹងនិយាយគ្នាតាម Skype តែប៉ុណ្ណោះ ។
នៅក្នុងជុំជួបជាមួយ សំណេះសំណាលជាមួយ LookingTODAY នៅថ្ងៃទី១ ខែ ឧសភា ឆ្នាំ២០១៣នេះ បុប្ផាក្រពុំមកពីទឹកដីខេត្តកំពង់ធំ កញ្ញា សុខ ស្រីម៉ុច បាននិយាយប្រាប់ឲ្យដឹងថា "ចំពោះរឿងថា មានបុរសជនជាតិអាមេរិក ចង់ទិញរថយន្តឲ្យ ខ្ញុំនោះគឺជាការពិត ។ តែឥឡូវខ្ញុំបាន បដិសេធហើយ ដោយសារតែ គាត់និយាយថា ទិញរថយន្តឲ្យខ្ញុំ នៅពេលដែលគាត់ រៀបការជាមួយខ្ញុំរួចរាល់ ហើយទៅរស់នៅអាមេរិក ទើបគាត់ទិញឲ្យ " ។
កញ្ញា ស្រីម៉ុច បានឲ្យដឹងទៀតថា ប្រសិនបើបុរស ជនជាតិអាមេរិកនោះ គាត់ទិញរថយន្តឲ្យនាង នៅស្រុកខ្មែរ គឺនាងប្រហែលអាចយល់ព្រម ។ តែនេះទាល់តែនាង ចេញទៅអាមេរិក ទើបទិញរថយន្តឲ្យ ធ្វើឲ្យនាងពិបាក និងសម្រេចចិត្ត ។ ពាកព័ន្ធនឹងរឿងនេះដែរ តារាសម្តែង កំពុងតែមានឈ្មោះ បោះសំឡេងតាមរយៈរឿង "ពន្លកស្នេហ៍ក្បែរជាយដែន" រូបនេះ បាននិយាយថា "ខ្ញុំមិនចង់ចេញទៅរស់ នៅក្រៅប្រទេសនោះទេ ដោយសារតែការងារសិល្បៈ នៅក្នុងស្រុកខ្មែរ អាចឲ្យខ្ញុំរស់បានស្រួល ព្រោះតែការចេញទៅរស់ នៅសហរដ្ឋអាមេរិក វាមិនស្រួលដូច ស្រុកខ្មែរយើងទេ ។ ជាពិសេសខ្ញុំចង់ ប្រឡូកក្នុងសិល្បៈ ឲ្យបានយូរជាងនេះទៅទៀត ព្រោះថាបច្ចុប្បន្នការងារ សិល្បៈរបស់ខ្ញុំ កំពុងតែមមាញឹក និងកាក់កបច្រើនគួរសម"។
សូមបញ្ជាក់ថា បន្ទាប់ពី កញ្ញា ស្រីម៉ុច ថតខ្សែភាពយន្តមួយ ដែលមានចំណងជើងថា "ជីវិតនាងរក្សា" និងត្រៀមចាក់បញ្ចាំង នៅលើកញ្ចក់ទូរទស្សន៍ នាពេលឆាប់ៗខាងមុខនេះ តារាសម្តែងរូបនេះ ត្រូវបានផលិតកម្ម ក្នុងស្រុកជាច្រើនទាក់ទង នាងឲ្យទៅសម្តែងរឿង ហើយថ្មីៗនេះនាងទើបតែ ទទួលថតខ្សែភាពយន្ត មួយរបស់ផលិតកម្ម "រដ្ឋបញ្ញា" និងខាងផលិតកម្ម "មហាហង្ស" ក៏បានទាក់ទងនាងផងដែរ ៕