ខៀវ ដាឡិច ច្រានចោលព័ត៌មានថា ស្ពាយបង្វេចចូលផលិតកម្ម ប៊ិកមែន តាមសេម
ភ្នំពេញ៖ កាលពីពេលកន្លងទៅថ្មីៗនេះ តារាចម្រៀងចូលចិត្តសម្ញែងដើមទ្រូងសិចស៊ី ទ្រលុកទ្រលន់ ប្រចាំផលិតកម្ម ប៊ិកមែន កញ្ញា ខៀវ ដាឡិច បានបង្ហើបប្រាប់គេហទំព័រ LookingTODAY ត្រង់ៗថា នាងពិតមានបុរសវ័យជិត ៤០ឆ្នាំ តាមស្រឡាញ់ប្រមាញ់បេះដូង របស់នាងពិតមែន តែនាងមិនទាន់ប្រាកដក្នុងចិត្តថា ហ៊ានទទួលយក ឬយ៉ាងណានៅឡើយទេ ព្រោះថាបច្ចុប្បន្នការងារសិល្បៈរបស់នាង កំពុងតែទទួលបានប្រជាប្រិយភាព និងការគាំទ្រកើនឡើងស្រឺតៗឡើងវិញ បន្ទាប់ពីស្ងាត់ជ្រងំ ដូចចោរលួចសេះអស់មួយស្របក់ធំ ខណៈផលិតកម្ម រ៉ក់ បានផ្អាកផលិតកម្មបទចម្រៀងរួចមក ។
តែទោះជាយ៉ាងណា ចាប់តាំងពីតារាចម្រៀងមុខស្រស់ សម្បូរមន្តស្នេហ៍ ខៀវ ដាឡិច បានផ្លាស់ទ្រនំមកជ្រក ក្នុងផលិតកម្ម ប៊ិកមែន កេរ្តិ៍ឈ្មោះរបស់នាង ហាក់ទទួលបានប្រជាប្រិយភាព ខ្ពស់ត្រដែតឡើងវិញ បន្ទាប់បទចម្រៀងរបស់នាងជាច្រើនបទ បានចរាចរលក់នៅលើទីផ្សាររួចមក ។ ខណៈមកដល់ទ្រនំថ្មី ផលិតកម្ម ប៊ិកមែន រួចមក ស្រីស្រស់ ខៀវ ដាឡិច មានបទច្រៀងជាច្រើន ដែលសុទ្ធសឹតតែ ជាបទពីរោះៗត្រូវនឹងសាច់រឿង ស្រទាប់យុវវ័យបច្ចុប្បន្ន ។
ក្នុងចំណោមបទចម្រៀងទាំងអស់របស់នាង ដែលបានចេញលក់នៅលើទីផ្សារមានបទ មួយដែលមានចំណងជើងថា "ជួយបង្រៀនអូនឲ្យ ចេះកាត់ចិត្តពីបង" គឺទទួលបានការគាំទ្រខ្លាំងជាងគេ ពីសំណាក់មហាជន និងស្រទាប់យុវវ័យ ។
បើទោះបីជាម្ចាស់បទ "ជួយបង្រៀនអូនឲ្យចេះកាត់ចិត្តពីបង" កញ្ញា ខៀវ ដាឡិច បានរើកញ្ជើរមកចូលជ្រក ក្នុងទ្រនំផលិតកម្ម ប៊ិកមែន បានរយៈពេលយូរមកហើយ ក៏ដោយតែថ្មីៗនេះ បានរងព្យុះព័ត៌មានថ្មីមួយទៀត បោកបកមកលើនាង ។
ចំពោះព័ត៌មានដែលបានបក់បោកមកលើនាង នាពេលនេះគេហទំព័រ LookingTODAY ត្រូវបានប្រភពលួចបង្ហើបថា កញ្ញា ខៀវ ដាឡិច បានស្ពាយបង្វេចរត់តាម សេម ដែលជាតារាចម្រៀងក្នុង ផលិតកម្មប៊ីកមែនដូចគ្នា។ មិនតែប៉ុណ្ណោះប្រភពខាងលើបាននិយាយថា តារាចម្រៀងដើមទ្រូងធំមូលក្បំ ខៀវ ដាឡិច មានទំនាក់ទំនងស្នេហា ជាមួយតារារួមទ្រនំ គឺលោក សេម ទៀតផង ។
ចំពោះព័ត៌មានគ្មានប្រភពច្បាស់លាស់មួយនេះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣នេះ តារាចម្រៀងស្រស់សោភាកញ្ញា ខៀវ ដាឡិច បានប្រាប់គេហទំព័រ LookingTODAY ថា "ចំពោះព័ត៌មានថា ខ្ញុំមានទំនាក់ទំនងស្នេហាជាមួយបងសេម នោះមិនមែនជារឿងពិតនោះទេ ។ ខ្ញុំនិងបងសេម គ្រាន់តែជាមិត្តភក្តិរួមអាជីព ជាមួយគ្នាប៉ុណ្ណោះ ។ ខ្ញុំពិតជាភ្ញាក់ផ្អើល យ៉ាងខ្លាំងពេលឮ ព័ត៌មានអ៊ីចឹង "។
ខៀវ ដាឡិច បានបង្ហើបប្រាប់ឲ្យដឹងទៀងថា នាង ពិតជាមានបុរសជាច្រើន តាមស្រឡាញ់ពិតមែន តែនៅពេលនេះនាងមិនទាន់ គិតពីរឿងស្នេហានោះទេ ដោយសារតែការងារសិល្បៈរបស់នាង កំពុងតែមមាញឹក និងនៅក្មេង ។ដូច្នេះនាងមិនទាន់ចង់ ប្រឡូកប្រឡាក់រឿងស្នេហាទេ ។ ជុំវិញព័ត៌មាននេះដែរ LookingTODAY ពុំអាចទាក់ទងសុំការស្រាយបំភ្លឺឲ្យ បានច្បាស់លាស់ពីលោក សេម បានទេ ដោយសារតែលេខទូរស័ព្ទ ដែលលោកប្រើមិនអាចទាក់ទងបាន៕ by Lookingtoday.