ចាប់ខ្លួនចោរប្លន់ ម្នាក់ក្នុងចំណោម បក្ខពួកពីរនាក់ ខណៈក្រុមចោរធ្វើសកម្មភាព បាញ់នារីម្នាក់ ប្លន់យកម៉ូតូ
ភ្នំពេញ ៖ ចោរប្លន់ប្រដាប់អាវុធម្នាក់ ក្នុងចំណោមបក្ខពួកទាំងអស់ មានគ្នាពីរនាក់ត្រូវសមត្ថកិច្ច នគរបាល ខណ្ឌដង្កោ ចាប់ខ្លួនបាននៅចំណុច ផ្លូវទំនប់ស្ទឹងព្រែកត្នោត ភូមិអង្គ សង្កាត់ប្រទះឡាង ខណ្ឌដង្កោ កាលពី វេលាម៉ោង ១៩ នឹង ២០ នាទី ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០១៣ បន្ទាប់ពីពួកគេបានធ្វើសកម្មភាព បាញ់ប្រហារ លើកស្រី្តម្នាក់ បណ្តាលឲ្យរងរបួស រួចប្លន់យកម៉ូតូម៉ាកហុងដា សេ១២៥ មិនបានសម្រេច ហើយត្រូវសមត្ថកិច្ច ចាប់ជាប់ម្នាក់ភ្លាមៗ ។
លោក យឹម សារ៉ាន់ អធិការបនគរបាលខណ្ឌដង្កោ បានឲ្យដឹងថាចោរប្លន់ដែលសមត្ថកិច្ច បង្ក្រាបបានខាង លើនេះ ឈ្មោះ សុទ្ធ សុធី ភេទប្រុស អាយុ ២៥ ឆ្នាំ ស្នាក់នៅភូមិដើមពោធិ៍ សង្កាត់ជ័យជំនៈ ក្រុងតាខ្មៅ ខេត្ត កណ្តាល នឹងបក្ខពួកម្នាក់ទៀត ដែលរត់រួចឈ្មោះ ភ័ក្រ អាយុជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួល សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។ លោកអធិការបានបន្តថា មុនពេលដែលសមត្ថកិច្ចឈានដល់ការឃាត់ខ្លួនឈ្មោះ សុទ្ធ សុធី គឺពួកគេបាននាំគ្នាជិះម៉ូតូមួយគ្រឿង ម៉ាកសេ ១២៥ ពណ៌ខ្មៅ ស៊េរី ២០១៣ ពាក់ស្លាកលេខ តាកែវ 1H-3723 ធ្វើសកម្មភាពបាញ់ចំនួន ពីរគ្រាប់ទៅលើកនារីម្នាក់ មិនទាន់បានស្គាល់អត្តសញ្ញាណ នៅចំណុចភូមិអង្គ សង្កាត់ ប្រទះឡាង ខណ្ឌដង្កោ ប្លន់យកម៉ូតូម៉ាកសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BU-1008 មិនបានសម្រេច ដោយសារនារី រងគ្រោះមិនព្រមឲ្យ ។ ពេលនោះក្រុមជនប្រដាប់អាវុធក៏ បង្ខំចិត្តបាញ់ប្រហារចំនួនពីរគ្រាប់ ចំភ្លៅ ខាងឆ្វេង បណ្តាលឲ្យរងរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះ បន្ទាន់នៅមន្ទីរពេទ្យកាល់ម៉ែត ភ្លាមៗ ។
ក្រោយពេលមានសកម្មភាពប្លន់ភ្លាមៗ សមត្ថកិច្ចមូលដ្ឋានបានទទួលពត៌មានថាមានអំពើ ប្លន់ប្រដាប់ អាវុធកើតឡើង លោកអធិការដ្ឋានខណ្ឌដង្កោ បានបញ្ជាកម្លាំងអន្តរាគមន៍ ចុះពួកស្ទាក់ចាប់បាន ចោរប្លន់ ម្នាក់ភ្លាមៗ នៅចំណុចភូមិសាស្រ្តខាងលើ ។ នៅចំពោះមុខសមត្ថកិច្ចឈ្មោះ សុទ្ធ សុធី បានឆ្លើយសារភាពថា ខ្លួននឹងបក្ខពួកម្នាក់ទៀត ពិតជាបានធ្វើសកម្មភាពបាញ់ ប្រហារលើនារីរងគ្រោះប្លន់យកម៉ូតូពិតប្រាកដមែន ដោយ ខ្លួនជាអ្នកបើកម៉ូតូហើយឈ្មោះ ភ័ក្រ ជាអ្នកដៃដល់បាញ់ប្រហារលើនារីរងគ្រោះប្លន់ យកម៉ូតូមិនបាន សម្រេច ដោយសារអ្នកស្រុកឃើញទាន់មានសភាពជ្រូលច្របល់កើតឡើង ធ្វើឲ្យពួកខ្លួនភ័យស្លន់ ស្លោក៏នាំគ្នា ជិះម៉ូតូរត់គេច ដល់ចំណុចព្រៃស្ងាត់ ក៏ផ្តួលម៉ូតូចោលរត់ចូលព្រៃ តែត្រូវសមត្ថកិច្ចចាប់ខ្លួនគេបានម្នាក់។
លោក យឹម សារ៉ាន់ បានបញ្ជាក់ ថាការបង្រ្កាបករណីប្លន់ប្រដាប់អាវុធខាងលើនេះក៏មាន ការបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ឯក ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញ នឹងលោក ជួន ណារិន្ទ ស្នងរងការនគរបាល រាជធានីភ្នំពេញផងដែរ ៕ដោយ dap-news