របាយ​ការណ៍៖ បរិយាកាស​អាជីវកម្ម​នៅ​កម្ពុជា​ត្រូវ​គេ​មើល​ឃើញ​មាន​ហានិភ័យ

5/04/2013 0 Comments A+ a-



ការដ្ឋាន​សាង​សង់​​ផ្សារ​ទំនើប​ អ៊ីអនម៉ល ​​នៅជិត​ស្ថានទូ​តរុស្ស៊ី ដែល​ជា​ការ​វិនិយោគ​របស់​ក្រុម​ហ៊ុន​ជប៉ុន​នៅកម្ពុជា។ រូបថត ហុង មិនា
ភ្នំពេញៈ របាយ​ការណ៍​វិភាគ​ហានិភ័យ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​បាន​បង្ហាញ​ថា អំពើ​ពុក​រលួយ កម្សោយ​ខាង​ប្រព័ន្ធ​តុលាការ ការ​រំលោភ​សិទ្ធិ​មនុស្ស និង​ច្បាប់​ការងារ​គឺជា​ហានិភ័យ​ដ៏​ចម្បង​សម្រាប់​ការ​ស្វែង​រក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា។
របាយ​ការណ៍​ប្រចាំ​ត្រី​មាស​ស្តីពី​ហានិភ័យ​របស់​ប្រទេស​កម្ពុជា​ត្រូវ​បាន​ចេញ​ផ្សាយ​កាល​ពីថ្ងៃ​ទី២២ មេសា ដោយ​ក្រុមហ៊ុន​ពិគ្រោះ​យោបល់​ហានិភ័យ និង​យុទ្ធសាស្ត្រ​សកល Maplecroft ។
របាយ​ការណ៍​នេះ​បង្ហាញ​ថា ប្រៀប​ធៀប​កម្ពុជា​ជាមួយ​ប្រទេស​ជិត​ខាង​ដូចជា វៀតណាម​និង​ថៃ គឺ​កម្ពុជា​មាន​សន្ទស្សន៍​ហានិភ័យ​ច្រើន​បំផុត​ប៉ុន្តែ​កម្ពុជា​មាន​សក្តានុពល​ត្រង់​ថា តម្លៃ​ពលកម្ម​ថោក នៅ​ពេល​ដែល​នៅ​ប្រទេស​ជិត​ខាង​ដូចជា​ថៃ និង​ចិន​កើន​ឡើង។
របាយ​ការណ៍​បាន​ឲ្យ​ដឹង​ថា៖ «​កម្ពុជា​ឈរ​លើ​ផ្លូវ​ដ៏​វែង​សម្រាប់​ផ្ដល់​ការ​ការពារ​វិនិយោគិន​ធំៗ និង​នីតិរដ្ឋ»។ ប៉ុន្តែ​របាយ​ការណ៍​នេះ​លើក​ឡើង​ថា កំណើន​នៃ​ការ​វិនិយោគ​អន្តរជាតិ​មក​កម្ពុជា​ធ្វើ​ឲ្យ​មាន​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​យ៉ាង​រហ័ស។
យោង​តាម​ទ្រនិច​ហានិភ័យ​របស់​ក្រុមហ៊ុន​នេះ​កម្ពុជា​មាន​ហានិភ័យ​ខ្ពស់​បំផុត​ដូច​ជា​ក្នុង​បរិយាកាស​ពាណិជ្ជកម្ម​សិទ្ធិ​ការងារ​និង​ការ​ការពារ ភាព​ងាយ​ទទួល​គ្រោះថ្នាក់​ដោយ​សារ​ការ​ផ្លាស់​ប្តូរ​អាកាសធាតុ​ដោយ​មាន​ហានិភ័យ​ខ្ពស់​ផ្នែក​ស៊ីវិល​និង​សិទ្ធិ​នយោបាយ​បរិយាកាស​គ្រឹះស្ថាន​ម៉ាក្រូ​សេដ្ឋកិច្ច ភាព​ក្រីក្រ​និង​ការ​អភិវឌ្ឍ​ធនធាន​មនុស្ស​និង​បទប្បញ្ញត្តិ​ក្រប​ខ័ណ្ឌ​ការងារ​។
ប៉ុន្តែ​លោក Peter Brimble នាយក​រង​ប្រចាំ​ប្រទេស​កម្ពុជា​របស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​បាន​និយាយ​ថា​សន្ទស្សន៍​ពាណិជ្ជកម្ម​ប្រភេទ​នេះ​ចាំ​បាច់​ត្រូវ​តែ​បក​ស្រាយ​ដោយ​ប្រុង​ប្រយ័ត្ន។
បច្ចុប្បន្ន​នេះ​លំហូរ​យ៉ាង​រហ័ស​របស់​វិនិយោគិន​ជប៉ុន​មក​ប្រទេស​កម្ពុជា​ពេល​ខ្លះ​ចង្អុល​បង្ហាញ​ថា​កត្តា​មួយ​ចំនួន​នៃ​សន្ទស្សន៍​នោះ​ទំនង​ជា​មិន​ឆ្លុះ​បញ្ចាំង​ពី​ភាព​ពិត​លើ​ហេតុ​ផល​នោះ​ទេ​។
លោក​បន្ត​ថា​៖ «វិនិយោគិន​ជប៉ុន​ត្រូវ​បាន​គេ​ដឹង​ថា​មាន​ភាព​ហ្មត់ចត់​ក្នុង​ការ​គ្រប់​គ្រង​និង​តម្លាភាព​ហើយ​បាន​បង្ហាញ​ពី​ភាព​ជឿ​ជាក់​របស់​ពួក​គេ​តាម​រយៈ​ការ​បញ្ចេញ​មតិ​ជាមួយ​នឹង​ការ​វិនិយោគ​របស់​ពួក​គេ​»។
របាយ​ការណ៍​បន្ត​ថា៖ «អំពើ​ពុករលួយ​តាម​ផ្នែក​នៅ​ក្នុង​ស្ថាប័ន​សាធារណៈ​ភ្នាក់​ងារ​របស់​ពួក​គេ​និង​សហការី​មាន​ន័យ​ថា វិនិយោគិន​បរទេស​ប្រឈម​នឹង​ហានិភ័យ​យ៉ាង​ខ្លាំង​នៃ​សកម្មភាព​ពុក​រលួយ»។ របាយ​ការណ៍​បន្ត​ថា ដោយ​សារ​ហានិភ័យ​អំពើ​ពុក​រលួយ​ក្នុង​ប្រទេស​កម្ពុជា​បាន​វាយ​តម្លៃ​ប្រទេស​នេះ​ថា​ជា​ប្រទេស​អាក្រក់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង​ដូច​ជា​ឡាវ វៀតណាម និង​ថៃ។
របាយ​ការណ៍​បន្ត​ថា៖ «​កម្ពុជា​ជាប់​លំដាប់​ថ្នាក់​ល្អ​ទាក់​ទង​នឹង​លទ្ធភាព​ទទួល​បាន​ឥណទាន​ការ​ការពារ​វិនិយោគិន និង​ភាព​ងាយ​ស្រួល​នៃ​ការ​បង់​ពន្ធ​»។
យោង​តាម​លោក Brimble ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​ការ​អនុវត្ត​ច្បាប់​និង​កំណែ​ទម្រង់​គោល​នយោបាយ​ដើម្បី​កែ​លម្អ​ការ​គ្រប់​គ្រង​សេដ្ឋកិច្ច​មិន​ទាន់​អនុវត្ត​បាន​ល្អ​នៅ​ឡើយ​ទេ «​ដែល​បណ្ដាល​ឲ្យ​មាន​សន្ទស្សន៍​មួយ​មិន​ទាន់​ដល់​កម្រិត​ត្រឹម​ភាគ​ខ្លះ​នោះ​»។ កម្ពុជា​ក៏​នៅ​មាន​កង្វះ​យន្ត​ការ​ដំណោះ​ស្រាយ​ជម្លោះ​ដ៏​មាន​ប្រសិទ្ធភាព​ដោយ​សារ​តែ​ពេល​វេលា​នៃ​ការ​ដោះស្រាយ​មាន​ភាព​យឺត​យាវ​ខ្លាំង​ហើយ​តុលាការ​ពុករលួយ​គឺ​ត្រូវ​គេ​ដឹង​ថា ជា​បញ្ហា​ប្រឈម​ដ៏​ធំ​ផង​ដែរ សម្រាប់​បរិយាកាស​ពាណិជ្ជកម្ម។
បញ្ហា​ខាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ជា​ពិសេស​អគ្គិសនី គឺ​ស្ថិត​ក្នុង​សន្ទស្សន៍​ដ៏​ហានិភ័យ​របស់ Maplecroft Infrastructure Readiness ដែល​ចាត់​ទុក​កម្ពុជា​ជា​ប្រទេស​មាន​ហានិភ័យ​ខ្ពស់​ប៉ុន្តែ​ជាង​ប្រទេស​មីយ៉ាន់ម៉ា និង អន់​ជាង​ប្រទេស​ឡាវ។
របាយ​ការណ៍​នេះ​ឲ្យ​ដឹង​ថា៖ «ទោះ​បី​យ៉ាង​នេះ​ក្តី​វិស័យ​ហេដ្ឋា​រចនា​សម្ព័ន្ធ​បង្ហាញ​ពី​ឱកាស​នៃ​ការ​វិនិយោគ​ដ៏​មាន​សក្ដានុពល​។ ទោះ​បី​ជា​ចក្ខុវិស័យ​ការពារ​ការ​វិនិយោគ​របស់​រដ្ឋាភិបាល​ក៏​ដោយ ប៉ុន្តែ Maplecroft Business Environment Index វាយតម្លៃ​កម្ពុជា​ស្នើ​នឹង​បណ្ដា​ប្រទេស​ដូចជា​រុស្ស៊ី ស៊ូដង់​ខាង​ត្បូង​និង​អាហ្វហ្គានីស្ថាន​។ ថ្វី​បើ​មាន​ហានិភ័យ​នេះ​ក៏​ដោយ​សម្ព័ន្ធ​អាជីវកម្ម​ក្រុមហ៊ុន​អាកាស​ចរណ៍​កម្ពុជា​អ៊ែរឡាញ រវាង​មហាសេដ្ឋី​ក្នុង​ស្រុក​លោក គិត ម៉េង និង​ក្រុមហ៊ុន​អាកាស​ចរណ៍​ហ្វីលីពីន​ត្រូវ​បាន​គេ​និយាយ​ថា​ជា​សន្ទស្សន៍​ឆន្ទៈ​មូលធន​ក្នុង​កិច្ច​ការ​ពាណិជ្ជកម្ម​ដ៏​សំខាន់​មួយ»។
ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​ដែល​ជា​ផ្នែក​មួយ​នៃ​សម្បទាន​ដី​សេដ្ឋកិច្ច​គឺ ត្រូវ​បាន​ធ្វើ​ឲ្យ​លេច​ឡើង​ផង​ដែរ​ថា​ជា​ការ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​របស់ វិនិយោគិន​យ៉ាង​ខ្លាំង​។
របាយ​ការណ៍​បន្ត​ថា​៖ «​ហានិភ័យ​នៃ​ការ​រួម​គ្នា​រំលោភ​បំពាន​ដូច​ជា​ការ​ចាប់​ឃាត់​ខ្លួន​អ្នក​ប្រឆាំង​តវ៉ា​តាម​អំពើ​ចិត្ត​សម្លាប់​សកម្មជន ការ​បណ្ដេញ​ចេញ​ដោយ​បង្ខំ​និង​មិន​យក​ចិត្ត​ទុក​ដាក់​ដល់​សិទ្ធិ​របស់​សហគមន៍​ក្នុង​តំបន់​ចំពោះ​ការ​សម្រេច​ចិត្ត​ដោយ​ខ្លួន​ឯង​គឺ​ទំនង​ជា​មិន​អាច​ធ្វើ​បាន​ទេ​ដើម្បី​បង្អាក់​អំពើ​ទាំង​នេះ​ទាល់​តែ​រដ្ឋាភិបាល​យល់​ព្រម​ចាត់​វិធាន​ការ​ដើម្បី​កែ​លម្អ​តម្លាភាព​នៃ​កិច្ច​ព្រម​ព្រៀង​សម្បទាន​ដី​របស់​ខ្លួន»។
ករណី​របស់ Tate & Lyle ជា​ក្រុមហ៊ុន​ស្ករ​ស​អង់គ្លេស​ដ៏​ធំ​មួយ​កំពុង​ប្រឈម​នឹង​បណ្ដឹង​តុលាការ​ដែល​មាន​ទឹក​ប្រាក់​ជា​ច្រើន​លាន​ផោន​ពី​កសិករ​កម្ពុជា​ដោយ​សារ​តែ​បាន​ចោទ​ប្រកាន់​ក្នុង​ការ​ចាប់​យក​ដី​មិន​ស្រប​ច្បាប់​ជា​ផ្នែក​មួយ​នៃ​ការ​រក​ស៊ី​ចូល​គ្នា​គឺ​ត្រូវ​បាន​គេ​លើក​ឡើង​ជា​ឧទាហរណ៍​មួយ​នៃ​ការ​ធ្វើ​ឲ្យ​ខូច​ឈ្មោះ​ដល់​វិនិយោគិន​ក្នុង​ប្រទេស​កម្ពុជា​។​ហានិភ័យ​សិទ្ធិ​ការងារ​របស់​កម្ពុជា​គឺ​ខ្ពស់​ជាង​បណ្ដា​ប្រទេស​ជិត​ខាង​ខ្លួន​ដូច​ជា​ថៃ និង​ឡាវ​។ នេះ​បើ​យោង​តាម​របាយ​ការណ៍​ប៉ុន្តែ​ធ្វើ​ល្អ​ជាង​ប្រទេស​វៀតណាម ហ្វីលីពីន និង​ឥណ្ឌូនេស៊ី​។
បច្ចុប្បន្ន​នេះ ឧប្បត្តិហេតុ​នៃ​ការ​ដួល​សន្លប់​ក្នុង​ចំនួន​ដ៏​ច្រើន​នៅ​តាម​បណ្ដា​រោងចក្រ​កាត់​ដេរ​សម្លៀក​បំពាក់​ដែល​ផ្គត់​ផ្គង់​ឲ្យ​ក្រុមហ៊ុន​លក់​ទំនិញ​រាយ​ដូចជា​ក្រុមហ៊ុន H&M និង​ក្រុមហ៊ុន​Puma ត្រូវ​បាន​គេ​លើក​ឡើង​ថា​ជា​ហានិភ័យ​សម្រាប់​ការ​ធ្វើ​ឲ្យ​ខូច​ដល់​កេរ្ដិ៍​ឈ្មោះ​យីហោ​ក្រុមហ៊ុន​ដោយ​សារ​តែ​ការ​អនុវត្ត​ស្ដង់ដារ​ការងារ​នៅ​ខ្សោយ​»។
ទិន្នន័យ​ការ​អភិវឌ្ឍ​និង​ពាណិជ្ជកម្ម​អង្គការ​សហ​ប្រជាជាតិ​បាន​បង្ហាញ​ថា​យ៉ាង​ណា​ក៏​ដោយ​របាយ​ការណ៍​នេះ​បាន​កត់​សម្គាល់​ថា​កាល​ពី​ឆ្នាំ​២០១២ ការ​វិនិយោគ​បរទេស​ចូល​មក​កម្ពុជា​មាន​ចំនួន​ច្រើន​ជាង​ទៅ​ចិន​ជិត​៣០​ភាគរយ៕ដោយ postkhmer