Acer C7 Chromebook នឹង​មាន​នៅ​លើ​ទីផ្សារ​នាពេល​ឆាប់ៗ​ តម្លៃ​ប្រហែល​ $199

5/27/2013 0 Comments A+ a-

កុំព្យូទ័រយួរដៃ​ប្រភេទ​ Chromebook គឺ​ជា​​កុំព្យូទ័រ​ដែល​ដំណើរការ​ដោយ​ប្រព័ន្ធប្រតិបត្តិការ​ Chrome OS របស់​ក្រុមហ៊ុន​ Google ហើយ​ក្រុមហ៊ុន​ដែល​សហការ​ផលិត​ Chromebook មុន​គេ​នោះ​គឺ​ Samsung ។ បន្ទាប់​​មក​ទៀត​​គេ​ក៏​សង្កេត​ឃើញ​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​ដែរ​ដែល​មាន​ចំណាប់​អារម្មណ៍​​ក្នុង​ការ​ផលិត​ Chromebook ដែល​មាន​ដូច​ជា​៖ HP, Lenovo និង​ Acer ជា​ដើម ។ បន្ទាប់​ពី​បាន​ប្រកាស​ចេញ​លក់​ Chromebook (11.6-inch) ដែល​​បំពាក់​ដោយ​​អង្គផ្ទុកទិន្នន័យ​​ប្រភេទ HDD រួច​មក​ ពេល​នេះ​​មាន​​ព័ត៌មាន​ថា​ Acer បាន​ប្រកាស​ចេញ​ Acer C7 Chromebook ដ៏​ថ្មី​សន្លាង​មួយ​ម៉ូដែល​ទៀត​ ដែល​បំពាក់​ដោយ​អង្គផ្ទុកទិន្នន័យ​ប្រភេទ SSD ​​និង​មាន​លក្ខណសម្បត្តិ​បច្ចេកទេស​ដូច​ខាង​ក្រោម៖

  • អេក្រង់​ទំហំ​ 11.6-inch
  • កម្រិត​ភាពច្បាស់ 1,366 x 768 pixels
  • CPU Dual-core 1.1GHz (Intel Celeron 847)
  • RAM 2 GB
  • អង្គផ្ទុកទិន្នន័យ​ប្រភេទ SSD ទំហំ 16 GB
  • មាន​បំពាក់​ដោយ Wi-Fi 802.11a/b/g/n, USB ports, webcam,.
  • ដំណើរការ​ដោយ​ Chrome OS
សូម​បញ្ជាក់​ថា​កុំព្យូទ័រ​ប្រភេទ​នេះ​មាន​ទំហំ​​អង្គផ្ទុកទិន្នន័យ​មិន​ធំ​ទេ​ដោយ​សារតែ​កម្មវិធី​របស់​វា​ភាគ​ច្រើន​ត្រូវ​បាន​រក្សា​ទុក​នៅ​លើ​អ៊ីនធឺណិត ។ ក្រុមហ៊ុន​មិន​ទាន់​​បង្ហើប​ឲ្យ​ដឹង​ពី​កាល​បរិច្ឆេទ​ជាក់លាក់​នៃ​ថ្ងៃ​ចេញ​លក់​កុំព្យូទ័រ​នេះ​នៅ​ឡើយ​ទេ ប៉ុន្តែ​គេ​ជឿ​ថា​វា​នឹង​ត្រូវ​បញ្ចេញ​ទៅលើ​ទីផ្សារ​នា​ពេល​អនាគត​ដ៏ខ្លី​ខាង​មុខ​នេះ ជា​មួយ​តម្លៃ​ប្រហែល $199 ៕