Xiaomi Mi2S ត្រូវ​បាន​ប្រកាស​ចេញ​ជា​ផ្លូវការ ​​​​(មាន​ល្បឿន​លឿន​ជាង​ Galaxy S4?)

4/10/2013 0 Comments A+ a-

Xiaomi គឺ​ជា​ក្រុមហ៊ុន​​ថ្មី​​របស់​ប្រទេស​ចិន​ដែល​បាន​ចូល​ខ្លួន​ធ្វើ​ការ​​ផលិត​​ទូរស័ព្ទ​ទំនើប​សម្រាប់​​ទីផ្សារ​​ក្នុង​ស្រុក​​ ។ ថ្វី​ត្បិត​តែ​​ជា​ក្រុមហ៊ុន​ថ្មី​មែន​តែ​ទូរស័ព្ទ​ដែល​គេ​បាន​ផលិត​ចំនួន​ពីរ​ម៉ូដែល​មុន​​នេះ​គឺ​ត្រូវ​បាន​ទទួល​ការ​ពេញ​និយម​យ៉ាង​ច្រើន​​ពី​សំណាក់​អ្នក​ប្រើប្រាស់​​ទូរស័ព្ទ​ទំនើប​នៅ​ក្នុង​ប្រទេស​ចិន​ ហើយ​សម្រាប់​ពេល​ខាង​មុន​ក្រុមហ៊ុន Xiaomi ​ថែម​ទាំង​មាន​គម្រោង​​នឹង​ធ្វើ​ការ​នាំ​ចេញ​នូវ​ផលិតផល​របស់​ខ្លួន​ទៅ​កាន់​​តំបន់​ទីផ្សារ​ខាង​ក្រៅ​ផង​ដែរ​ ដូច​ជា​នៅ​អាមេរិក​ និង​​អឺរ៉ុប​ជា​ដើម ។
បន្ទាប់​​ពី​បាន​ប្រកាស​ចេញ​ទូរស័ព្ទ Xiaomi Mi2 នា​ចុង​ឆ្នាំ​២០១២ មក​ពេល​នេះ​ក្រុមហ៊ុន​ទើប​តែ​បាន​ធ្វើ​ការ​ប្រកាស​ចេញ​នូវ​ទូរស័ព្ទ​ចំនួន​​ពីរ​ម៉ូដែល​ផ្សេង​ទៀត​គឺ Xiaomi Mi2S (Xiaomi Phone 2S) និង Xiaomi Mi2A (Xiaomi Phone 2A) ។ ​ទូរស័ព្ទ​ទំនើប Xiaomi Mi2S ត្រូវ​បាន​បំពាក់​ដោយ​អេក្រង់ 4.3-inch IPS display កម្រិត​ភាព​ច្បាស់ 1,280x 720 pixels, CPU quad-core 1.7GHz Qualcomm Snapdragon 600, RAM 2GB ។
ដោយ​ឡែក​បើ​យោង​ទៅ​តាម​ក្រុមហ៊ុន Xiaomi បាន​ឲ្យ​ដឹង​ថា ​​ក្នុង​ការ​​សាក​ល្បង​ល្បឿន​ដំណើរការ​​នៃ​ទូរស័ព្ទ​ថ្មី Xiaomi M2S ជា​លទ្ធផល​បាន​បង្ហាញ​ថា ទូរស័ព្ទ​នេះ​​មាន​ល្បឿន​ដំណើរការ​លឿន​ជាង​ទូរស័ព្ទ Samsung Galaxy S4 ដែល​បំពាក់​ដោយ​ CPU Snapdragon ផង​ដែរ ។
លក្ខណសម្បត្តិ​បែប​​បច្ចេកទេស​របស់ Xiaomi Mi2S​៖
  • អេក្រង់ 4.3-inch 720p IPS
  • CPU quad-core 1.7GHz Qualcomm Snapdragon 600
  • GPU Adreno 320
  • RAM 2GB
  • កម្រិត​ភាព​ច្បាស់ 1,280x 720 pixels
  • កាមេរ៉ា​ក្រោយ 8 MP​(សម្រាប់ 16GB) និង 13MP (សម្រាប់ 32GB)
  • កាមេរ៉ា​ខាង​មុខ​ 2 MP
  • អង្គ​ផ្ទុក​ឯកសារ​ជាប់​​​ម៉ាស៊ីន​ 16​GB និង 32GB
  • មាន WiFi 802.11 a/b/g/n  Bluetooth 4.0 និង NFC
  • ថាមពល​ថ្ម 2,000mAh
  • ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ MIUI v5 ដែល​មាន​ធាតុ​ដើម​ជា​ Android 4.1 Jelly Bean
សូម​បញ្ជាក់​ថា  ទូរស័ព្ទ​ទំនើប Xiaomi Mi2S នឹង​មាន​លក់​ជា​ផ្លូវ​ការ​​នា​​ថ្ងៃ​ទី ២៣ ​ខាង​មុខ​​នេះ​​​ហើយ​នៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន​ដូច​ជា​ តៃវ៉ាន់ និង ហុងកុង ​ជាដើម ​ដែល​មាន​តម្លៃ​​ប្រហែល $319 សម្រាប់​ម៉ូដែល​មាន​អង្គ​ផ្ទុក​ឯកសារ​ជាប់​​​ម៉ាស៊ីន​​ទំហំ​ 16​GB និង តម្លៃ​ $367 សម្រាប់​ម៉ូដែល 32GB ៕