ការបញ្ជូន Galaxy S 4 ទៅលើទីផ្សារនឹងត្រូវពន្យារពេលទៅសប្ដាហ៍ទី១ នៃខែឧសភា!
កាលពីពាក់កណ្ដាលខែមីនា Samsung បានប្រកាសថានឹងចាប់ផ្ដើមចេញលក់ទូរស័ព្ទទំនើប Galaxy S 4 នៅថ្ងៃទី២៦ ខែមេសា នេះ ប៉ុន្តែកាលបរិច្ឆេទនេះត្រូវបានពន្យារដោយលើកទៅធ្វើឡើងនៅថ្ងៃណាមួយនៃសប្ដាហ៍ទី១ ខែឧសភា វិញ នេះបើយោងតាមសេចក្ដីរាយការណ៍របស់គេហទំព័រ hardwarezone.com ដែលចុះផ្សាយកាលពីមុននេះបន្ដិច ។
Hardwarezone បានបន្ថែមថាចំពោះមូលហេតុច្បាស់លាស់ទាក់ទងនឹងការពន្យារពេលនេះ ប្រភពរបស់ខ្លួនមិនបានបញ្ជាក់ទេឲ្យដឹងនោះទេ ។ មានសេចក្ដីរាយការណ៍ថ្មីមួយថា ក្រុមហ៊ុន Samsung នឹងប្រកាសចេញលក់ Galaxy S 4 នៅប្រទេសសឹង្ហបុរី នាថ្ងៃទី២៦ ខែនេះ ប៉ុន្តែកាលពីមុនមានប្រភពព័ត៌មានថា ក្រុមហ៊ុនដែលទទួលបានសិទ្ធិចែកចាយ Galaxy S 4 មុនគេនោះគឺ AT&T ដែលជាក្រុមហ៊ុនរបស់សហរដ្ឋអាមេរិក ។ កាលពីប៉ុន្មានថ្ងៃមុនក្រុមហ៊ុន AT&T ក៏បានបញ្ជាក់ផងដែរថា នឹងអនុញ្ញាតឲ្យអតិថិជនរបស់ខ្លួនបញ្ជាទិញ Galaxy S 4 នៅថ្ងៃទី១៦ ខែនេះ ដូច្នេះសូមប្រិយមិត្តរង់ចាំតាមដានមើលថាតើក្រុមហ៊ុន Samsung នឹងចាប់ផ្ដើមបញ្ជូន Galaxy S 4 ទៅលើទីផ្សារនៅកាលបរិច្ឆេទច្បាស់លាស់ណាមួយ ។
សម្រាប់ព័ត៌មានទាក់ទងនឹងការមកដល់ទីផ្សារកម្ពុជាមិនទាន់មានប្រភពណាបញ្ជាក់នៅឡើយទេ សូមប្រិយមិត្តរង់ចាំតាមដានជាមួយយើងខ្ញុំ ៕

