Windows XP នៅ​មាន​អាយុ​ត្រឹម​តែ ១​ឆ្នាំ​ទៀត​ទេ

4/09/2013 0 Comments A+ a-

ខណៈពេលដែលប្រព័ន្ធដំណើរការ Windows 8 របស់ក្រុមហ៊ុន Microsoft មិនទាន់ទទួលបានជោគជ័យ ហើយត្រូវបានបណ្ដាក្រុមហ៊ុន មួយចំនួននិយាយថា Windows 8 អន់ជាង Vista ទៀតនោះ ស្រាប់តែនៅពេលនេះ មានសេចក្ដីរាយការណ៍មួយ បានឲ្យដឹងថា Windows XP នឹងត្រូវបញ្ចប់នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៤។
យោងតាមសារព័ត៌មាន Soft Pedia បានឲ្យដឹងថា នៅគិតត្រឹមថ្ងៃនេះ នៅសល់ត្រឹមតែ ១ឆ្នាំគត់ ក្រុមហ៊ុន Microsoft នឹងឈប់ដាក់ឲ្យប្រើប្រាស់ នូវប្រ័ពន្ធដំណើរការ Windows XP ព្រោះថាដល់ពេលដែលត្រូវចូលនិវត្តហើយ បើគិតមកដល់ពេលនេះ Windows XP មានអាយុកាល១១ឆ្នាំ។
ប្រភពខាងលើបានបញ្ជាក់ថា ក្រុមហ៊ុន Microsoft មានបំណងចង់ឲ្យអតិថិជនរបស់ខ្លួន ងាកមកប្រើប្រាស់នូវប្រព័ន្ធដំណើរការ Windows 7 និង Windows 8 ជំនូស Windows XP។ យោងតាមតួលេខពីក្រុមហ៊ុន Microsoft បានឲ្យដឹងថា កាលពីខែមីនា កន្លងទៅនេះ មានអ្នកដំឡើងនូវប្រព័ន្ធដំណើរការ Windows XP ចំនួន ៣៨ភាគរយ ពោលចំនួននេះ គឺជាតួលេខមួយដែលខ្ពស់ ហើយ Microsoft មិនគួរបោះបង់ចោលនោះទេ។
គួរបញ្ជាក់ផងដែរថា ព័ត៌មាននេះ នៅមិនទាន់អាចយកជាផ្លូវការនោះទេ ព្រោះថាក្រុមហ៊ុន Microsoft មិនបានប្រកាសជាផ្លូវឡើយ៕