Kristen Stewart លួចមានទំនាក់ទំនងស្នេហ៍ជាមួយ Sanders សារជាថ្មី
នាង Kristen Stewart កំពុងស្ថិតនៅក្នុងប្រធានបទ ក្តៅគគុកទៀតហើយ ដោយសារមានគេ ឃើញនាង កំពុងមានទំនាក់ទំនងជាថ្មីជាមួយនឹងលោក Rupert Sanders ជាបុរសដែលនាងបាន កុហក ចំពោះ Robert Pattinson កាលពីឆ្នាំកន្លងទៅ បន្ទាប់ពីនាង ត្រូវបានគេប្រមាញ់រូបបាន មានលក្ខណៈស្រដៀង នឹងអតីតស្នេហ៍ត្រីកោណ។Kristen Stewart គឺជាតារាសម្តែងក្នុងរឿងចុងក្រោយ On The Road ត្រូវបានគេជឿជាក់ថា បានផ្សះផ្សា គ្នាវិញ ជាមួយនឹង Pattinson ខណៈដែលរូបភាពគេប្រមាញ់បាននៅ Coachella ជាងពីរសប្តាហ៍កន្លងទៅនេះ។ តែក្រោយមកក៏ត្រូវបានគេប្រទះឃើញនាង ចូលទៅជិះឡាន ជាមួយនឹង Sanders ដែលធ្លាប់ធ្វើឲ្យនាង មានរឿងរកាំរកូសម្តងរួចមកហើយនោះ។
រូបថតដែលគេប្រមាញ់បានឃើញនាង ឡើងទៅជិះឡានជាមួយនឹងអ្នកដឹកនាំរឿងរូបនេះ គឺថត នៅ Silver Lake, California កាលពីថ្ងៃអាទិត្យ ទី ២១ ខែ មេសា ឆ្នាំ ២០១៣ បន្ទាប់ពីនាងបាន ញុំាអាហារ នៅក្រៅជាមួយនឹងមិត្តភក្តិ និងក្រោយមកគេក៏ឃើញនាងឡើងជិះរថយន្ត Acura ពណ៌ខ្មៅ ដែលគេស្គាល់ថា ម្ចាស់រថយន្តជា Sanders។
នាង Kristen Stewart ធ្លាប់មានស្នេហាលួចលាក់ ជាមួយនឹង អ្នកដឹកនាំរឿងរបស់នាង Snow White and the Huntsman គឺលោកSanders កាលពីខែ កក្កដា កន្លងទៅ។ រឿងរ៉ាវ នេះ បានធ្វើឲ្យ Stewart និង Pattinson បានពុះជ្រៀកបេះដូងចែកគ្នាម្តងរួចមកហើយ ។ ទំនាក់ទំនងរបស់ពួកគេទាំងពីរ តាំងពីពេលនោះមក មិនជ្រះស្រឡះទាល់តែសោះ នៅតែជាមន្ទិល។
ទោះបីជាយ៉ាងណាក៏ដោយ Liberty Ross ដែលជាប្រពន្ធរបស់ Sanders ក្នុងនាមជាម្តាយអស់ រយៈពេល ១០ ឆ្នាំ ដែលមានបន្ទុកកូន ២ នោះ បានដាក់ពាក្យសុំលែងលះ ពីអ្នកដឹកនាំរឿង លោក Sanders កាលពីខែ មករា ។ ជុំវិញនៃបញ្ហាដ៏រសើបនេះដែរ អ្នកតំណាងរបស់ តារាសម្តែង Stewart នៅមិនទាន់ចេញមុខបកស្រាយ ឲ្យជ្រះស្រលះ ពីរឿងនេះនៅឡើយទេ៕

