រោងចក្រផលិតកាមេរ៉ា និយាយថា iPhone 5S មានកាមេរ៉ាទំហំ ១២មេហ្គាភិចសែល
គិតមកដល់ពេលនេះ នៅមិនទាន់មានព័ត៌មាន ជាក់លាក់ណាមួយបញ្ជាក់ថា Apple នឹងចេញ iPhone 5S ឬ iPhone 6 សម្រាប់ជំនាន់ថ្មីនោះទេ ប៉ុន្តែសម្រាប់លក្ខណៈពិសេស មួយចំនួនត្រូវបានលេចធ្លាយជាព័ត៌មាន។

កាលពីថ្មីៗនេះ គេហទំព័ររបស់វៀតណាម Tinh Te បានចុះផ្សាយថា iPhone ជំនាន់ថ្មីរបស់ Apple នឹងបំពាក់មកជាមួយនូវកាមេរ៉ាទំហំ ១២មេហ្គាភិចសែល ដោយនៅក្នុងនោះ ក៏បានបន្ថែមនូវមុខងារសម្រាប់ថត នៅពេលយប់ទៀតផង។ គេហទំព័រខាងលើ បានដកស្រង់ប្រភពចេញពីរោងចក្រ អេឡិចត្រូនិចវៀតណាម-ជប៉ុន Wonderful Saigon Electrics ដែលមានទីតាំងនៅក្នុង ប្រទេសវៀតណាម ហើយជាអ្នកផ្គត់ផ្គង់នូវគ្រឿង កាមេរ៉ារបស់ក្រុមហ៊ុន Apple។
ប្រភពដដែលបានបញ្ជាក់ថា បើទោះបីជា កម្រិត ១២មេហ្គាភិចសែល ត្រូវបានបំពាក់មកលើ iPhone ជំនាន់ថ្មីក្ដី ប៉ុន្តែសមត្ថភាពការចាប់យ ករូបភាពមិនដូចគ្នាទៅនឹង PureView របស់ Nokia ឡើយ។
គួរបញ្ជាក់ផងដែរថា ប្រភពគេហទំព័រខាងលើ ធ្លាប់បានចុះផ្សាយពី ព័ត៌មានដែលទាក់ទងនឹង iPhone ជំនាន់មុនៗ ហើយព័ត៌មានភាគច្រើន ដែលគេហទំព័រខាងលើចុះផ្សាយ អាចយកជាផ្លូវការបាន ជាក់ស្ដែងដូចកាលពីវត្តមាន iPhone 5 បង្ហាញខ្លួន ប្រភពជាច្រើនបាននិយាយថា iPhone 5 មានកាមេរ៉ាទំហំ ១០មេហ្គាភិចសែល ប៉ុន្តែគេហទំព័រវៀតណាមមួយនេះ និយាយថា iPhone 5 មានត្រឹមតែ ៨មេហ្គាភិចសែលប៉ុណ្ណោះ៕