ធ្លាយព័ត៌មានថា អតីតស្ថាបនិក Apple Maps ចូលក្នុងក្រុម Mobile Software របស់ Facebook
នៅពេលកម្មវិធី Maps របស់ក្រុមហ៊ុន Apple កើតមានបញ្ហា គេមិនបានដឹងថា លោក Richard Williamson ដែលជាស្ថាបនិកបង្កើត Maps ទៅដល់ទីណានោះទ ក្រោយពីលោកបាន លាឈប់ ប៉ុន្តែថ្មីៗនេះ មានព័ត៌មានលេចឮថា លោកកំពុងតែស្ថិតនៅ ក្នុងក្រុមហ៊ុន Facebook។
យោងតាមគេហទំព័រ Business Insider បានឲ្យដឹងថា ថ្មីៗនេះ លោក Richard Williamson ដែលជាអតីតបុគ្គលិក Apple និងជាស្ថាបនិក Apple Maps ត្រូវបានបណ្ដាញសង្គម Facebook តែងតាំងជាបុគ្គលិកជាន់ខ្ពស់ ប៉ុន្តែមិនដឹងច្បាស់ថា កាន់តំណែងអ្វីនោះទេ។

ក្រោយពីលោក បានដើរចេញពី Apple លោក Tim Cook បានធ្វើការសុំអភ័យទោស ដល់អតិថិជន និងអ្នកប្រើប្រាស់ ទាំងអស់ អំពីបញ្ហា ដែលកើតមាន នៅលើកម្មវិធី Maps ក្នុងការដៅគោលដៅ មិនបានត្រឹមត្រូវ ព្រមទាំងបានតែងតាំង លោក Eddie Cue ជំនួសលោក Williamson។
លោក Williamson ជាបុគ្គលិកជាន់ខ្ពស់ របស់ Apple មួយរូបដែលបាត់បង់ ការងារដោយសារតែ បញ្ហាបន្តិចបន្តួច គេនៅចាំបានថា លោកជាវិស្វករមួយ ដ៏ជំនាញមួយរូប ដែលធ្វើការងារ យ៉ាងស្អិតជាមួយនឹង Steve Jobs ក្នុងការបង្កើតកម្មវិធីផ្សេងៗ សម្រាប់ Apple។
ប្រភពខាងលើបាន បញ្ជាក់ថា គេបានប្រទះឃើញលោក Williamson ចូលក្នុងក្រុមហ៊ុន Mobile Software របស់ Facebook ប្រហែលជា ២សប្ដាហ៍មុន ប៉ុន្តែគេមិនបានដឹងថា លោកមានតួនាទីអ្វីនោះទេ។
គួរបញ្ជាក់ផងដែរថា មានប្រភពដែលជិតស្និទ្ធ នឹងបណ្ដាញសង្គម Facebook បានបង្ហើបឲ្យដឹងថា Facebook បានជ្រើសតាំងអតីត បុគ្គលិករបស់ Apple ជាច្រើនរូបឲ្យចូលធ្វើការ នៅក្នុងក្រុមការងារ របស់ខ្លួន ប៉ុន្តែមិនដឹងថា Facebook កំពុងតែ ធ្វើអ្វីនោះទេ៕