អាកាស​យាន​ដ្ឋាន​ថៃ ប្រុង​ជើង​ការ បន្ទាប់​ពី​បំផ្ទុះ​គ្រាប់​បែក នៅ​អាមេ​រិក

4/18/2013 0 Comments A+ a-

បាងកក៖ សន្តិសុខនៅតាម អាកាសយានដ្ឋានសំខាន់ៗនៅថៃ នឹងត្រូវបង្កើនការការពារ បន្ទាប់ពីការបំផ្ទុះគ្រាប់បែក នៅព្រឹត្តិការណ៍រត់ប្រណាំង ម៉ារ៉ាតុង បូស្តុន (Boston Marathon)។ នេះបើយោងតាមមន្រ្តី ជាន់ខ្ពស់អាកាសយានដ្ឋានថៃ Airports of Thailand (AOT)។
កាសែតឌឹណេសិន រាយការណ៍នៅថ្ងៃពុធ ទី១៧ ខែមេសា ឆ្នាំ២០១៣ថា លោក Pongsak Semsant ប្រធានAOT បានថ្លែងថា ព្រឹតិ្តការណ៍បំផ្ទុះ គ្រាប់បែកនៅអាមេរិក បង្កឱ្យមានវិធានការ រឹតបន្តឹងសន្តិសុខ នៅតាមអាកាសយានដ្ឋាននានា ដែលគ្រប់គ្រងដោយក្រុមហ៊ុន រូមមានព្រលានយន្តហោះ សុវណ្ណាភូមិ និងដងមឿងនៅក្នុងរាជធានីបាងកក និងនៅភូគេត។
លោកបន្តថា នាយកប្រតិបត្តិនៅតាម ព្រលានយន្តហោះទាំងនោះ ត្រូវបានណែនាំឱ្យបង្កើន វិធានការសន្តិសុខរាល់ម៉ោង។ រដ្ឋមន្រ្តីក្រសួង សាធារណៈការ លោក Chadchart Sittipunt បានថ្លែងផងដែរថា លោកបានបញ្ជារឱ្យ បណ្តាភ្នាក់ងារទាំងអស់ បង្កើតក្រុមសន្តិសុខ នៅតាមព្រលាន សា្ថនីយរថយន្តក្រុង និងរាជាយស្ម័យាន។
អ្នកនាំពាក្យក្រសួងការបរទេសថៃ លោក Manasvi Srisodapol ក៏បានថ្លែងឱ្យដឹងផងដែរថា អត់មានពលរដ្ឋថៃណាម្នាក់ រងផលប៉ះពាល់នៃការ វាយប្រហារដោយគ្រាប់បំផ្ទុះ នៅអាមេរិកនោះទេ។
លោកបន្តថា អគ្គកុងស៊ុលថៃប្រចាំបុរីញូយ៉ក បានរាយការណ៍ថា អត់មានពលរដ្ឋថៃណាម្នាក់ ត្រូវបានសម្លាប់ឬរងរបួស នៅក្នុងការវាយប្រហារនោះទេ។ ស្ថានបេសកកម្ម នឹងពិនិត្យផងដែរ ជាមួយអាជ្ញាធរអាមេរិក និងសហគមន៍ថៃនៅទីនោះ ដើម្បីបញ្ជាក់ពីបញ្ហានេះ។
អ្នកនាំពាក្យរូបនេះ ក៏បានថ្លែងផងដែរថា ក្រសួងការបរទេសថៃ ក៏បានសម្តែងនូវសមានទុក្ខ ដល់ក្រុមគ្រួសារជនរងគ្រោះ ហើយសង្ឃឹមថាអាជ្ញាធរអាមេរិក នឹងមានលទ្ធភាពគ្រប់គ្រាន់ ដើម្បីចាប់អ្នកទទួលខុសត្រូវ នៃការវាយប្រហារនេះ៕