Facebook កំពុងតែចរចាជាមួយ Apple ដើម្បីនាំយក Home សម្រាប់ iOS
កាលពីថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៣ កន្លងទៅ បណ្ដាញទំនាក់ទំនងសង្គមយក្ស Facebook បានធ្វើការបង្ហាញនូវមុខងារ Facebook Home សម្រាប់ប្រព័ន្ធដំណើរការ Android ហើយនៅពេលនេះ Home របស់ Facebook ក៏ទទួលបានជោគជ័យផងដែរ។

យោងតាមសារព័ត៌មាន Cult Of Mac បានចុះផ្សាយថា នៅពេលនេះ Facebook បាននឹងកំពុងតែចរចាគ្នា ជាមួយនឹងក្រុមហ៊ុន Apple ដើម្បីនាំយកនូវ Home សម្រាប់ប្រព័ន្ធដំណើរការ iOS។
លោក Adam Mosseri ប្រធានគ្រប់គ្រងផលិតផល របស់បណ្ដាញ Facebook បានថ្លែងប្រាប់ Bloomberg ថា “យើងបានបង្ហាញពួកគេ នូវអ្វីដែលយើងបានបង្កើត ហើយយើងគ្រាន់តែចង់ចរចា ជាមួយពួកគេបន្តទៀតអំពីបញ្ហានេះ”។
យោងតាមប្រភពខាងលើ បានឲ្យដឹងថាមុខងារ Home របស់ Facebook អាចនឹងមាននៅលើ iOS ក្នុងពេលឆាប់ៗនេះ ព្រោះថា Apple និង Facebook ជាមិត្តល្អនឹងគ្នា ជាពិសេសចាប់តាំងពី iOS ចេញជំនាន់ iOS 6។
គួរបញ្ជាក់ផងដែរថា បណ្ដាញសង្គម Facebook មិនត្រឹមតែកំពុងចរចា ជាមួយនឹងក្រុមហ៊ុន Apple ប៉ុណ្ណោះទេ បើតាមការឲ្យដឹង នៅពេលនេះ Facebook ក៏កំពុងតែចរចាជាមួយនឹង Microsoft ដើម្បីនាំយក Home សម្រាប់ Windows Phone ផងដែរ៕