IMF ទម្លាក់​ការ​ព្យា​ករណ៍ កំណើន​សេដ្ឋ​កិច្ច​ពិភព​លោក កើន​ឡើង​ត្រឹម ៣,៣​ភាគ​រយ

4/17/2013 0 Comments A+ a-

វ៉ាស៊ីនតោន៖ ទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួរ បានចុះផ្សាយកាលពី រាត្រីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ ថា មូលនិធិរូបិយវត្ថុអន្តរជាតិ ហៅកាត់ (IMF) បានព្យាករណ៍ថា កំណើនសេដ្ឋកិច្ចពិភពលោក នៅក្នុងឆ្នាំ២០១៣ នឹងកើនឡើងត្រឹមតែ ៣,៣ភាគរយប៉ុណ្ណោះ តួលេខនេះធៀបនឹងការព្យាករណ៍ក្នុងខែ មករាទាបជាង ០,២ភាគរយ ។
នៅក្នុងរបាយការណ៍ ឆ្លុះបញ្ចាំងសេដ្ឋកិច្ចពិភពលោក ដែលបានចេញចុងក្រោយបង្អស់ របស់មូលនិធិខាងលើ បានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ពិភពលោក ក្នុងឆ្នាំ២០១៤ នឹងអាចកើនឡើងដល់ ៤,០ភាគរយ តួលេខនេះធៀបនឹងការព្យាករណ៍ នៅគ្រាមុនគឺប្រហាក់ប្រហែលគ្នា ។
សូមបញ្ជាក់ថា មូលនិធិមួយនេះបានលើកឡើង ជារបាយការណ៍ ដោយធ្វើមុនពេលដែលកិច្ចប្រជុំធំ រវាងធនាគារពិភពលោក និងអាយ អឹម អេហ្វ ធ្វើឡើងនៅថ្ងៃទី១៩ ខែនេះ ដោយបានគូសបញ្ជាក់ យ៉ាងច្បាស់ថា "សេដ្ឋកិច្ចពិភពលោក នឹងកើនឡើងជាំបន្តបន្ទាប់ តែការកើនឡើងមិនទាន់ល្អប្រសើរ ដូចមុននោះទេ" ។
តាមការរំពឹងទុករបស់ អាយ អឹម អេហ្វ តួលេខដំបូង សេដ្ឋកិច្ចនឹងកើនឡើងត្រឹមតែ១,២ភាគរយ ក្នុងឆ្នាំនេះ និងបន្តកើនឡើង ២,២ភាគរយនៅឆ្នាំក្រោយ ។ ទាំងនេះជាការព្យាករណ៍ នៅគ្រាដំបូងតែប៉ុណ្ណោះ ។ លើសពីនេះ ការរំពឹងទុករបស់មូលនិធិដដែលនេះ ក៏បានបង្ហាញផងដែរថា សន្ទុះទីផ្សារឈានឡើង ប្រមាណ ៥,៣ភាគរយ គិតក្នុងឆ្នាំ២០១៣នេះ ៕