ថ្ងៃចូលឆ្នាំបង្ហើយ ទំនងបានបច្ច័យច្រើន សង្ឃ ៣អង្គ បបួលគ្នាទិញស្រាផឹក ស្រវឹងពេញវត្ត
កណ្ដាលៈ លោកសង្ឃ ៣អង្គ ដែលគង់រៀនសូត្រ នៅក្នុងវត្តជលធារ៉ាសម្បត្តិ ហៅវត្ត ទួលក្រសាំង នៅថ្ងៃចូលឆ្នាំបង្ហើយ បានបបួលគ្នាទិញស្រាបៀរផឹក រហូតដល់ស្រវឹងស្រែកឡូឡា ពេញកុដិ បង្កការភ្ញាក់ផ្អើលដល់ពុទ្ធបរិស័ទ នាំគ្នាមកចោមរោមមើល ហើយចុងក្រោយត្រូវសមត្ថកិច្ចនាំខ្លួន ។
ហេតុការណ៍ភ្ញាក់ផ្អើល ព្រះសង្ឃនាំគ្នាឆាន់ស្រា រហូតស្រវឹងស្រែកឡូឡា ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង ៦និង១០នាទីល្ងាច ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៣ នៅក្នុងវត្តជលធារ៉ាសម្បត្តិ ហៅវត្តទួលក្រសាំង ស្ថិតក្នុងភូមិទួលក្រសាំង ឃុំរកាខ្ពស់ ស្រុកស្អាង ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីមន្ត្រីនគរបាល បានឲ្យដឹងថា ព្រះសង្ឃ ៣ អង្គ ដែលមកគង់នៅវត្តខាងលើ ហើយនាំគ្នាឆាន់ស្រា រហូតស្រវឹង មានព្រះនាម ទី១-យិន នឿម ព្រះជន្ម២៩ឆ្នាំ មាន ស្រុកកំណើត នៅភូមិកែរ៉ង ឃុំឈើទាល ស្រុកសណ្ដាន់ ខេត្តកំពង់ធំ, ទី២-អឹម ចាន់ថន ព្រះជន្ម ២២ ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង និងទី៣-ខាត់ សារ៉ាត់ ព្រះជន្ម ២២ ឆ្នាំ មានស្រុកកំណើត នៅភូមិ-ឃុំគោកបន្ទាយ ស្រុក រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។ ព្រះសង្ឃទាំង៣អង្គនេះ បានមកគង់ និងរៀនសូត្រនៅវត្តខាង លើ។
ប្រភពដដែលបន្តថា បន្ទាប់ពីព្រះសង្ឃទាំង ៣ អង្គ ខាងលើ ឆាន់ស្រាហើយស្រែកឡូឡាឮដល់ពុទ្ធបរិស័ទ ដែលនាំគ្នាមកធ្វើបុណ្យ មានគ្នារាប់រយ នាក់នាំគ្នាឡោមព័ទ្ធវត្ត ហើយចង់ផ្ទុះអំពើហិង្សា ក៏ព្រោះតែមានកំហឹង មិនគួរព្រះសង្ឃមកឆាន់ស្រា ធ្វើឲ្យខូចដល់ព្រះសង្ឃឯទៀត ជាពិសេស ប៉ះពាល់ដល់សាសនាព្រះពុទ្ធ ដែលជាសាសនារបស់រដ្ឋ។ ក្រោយពីប្រជាពលរដ្ឋរាប់រយនាក់ ឡោមព័ទ្ធវត្ត សមត្ថកិច្ចបានចុះទៅធ្វើអន្តរាគមន៍ ហើយ យកព្រះសង្ឃទាំង ៣អង្គខាងលើ មកកាន់វត្តឈូងលៀប ស្ថិតក្នុងឃុំរកាខ្ពស់ ស្រុកស្អាង ជាបណ្ដោះអាសន្ន ដើម្បីដោះស្រាយជាក្រោយ ៕

