កុំព្យូទ័របន្ទះស្ដើង HP Slate 7 ត្រូវបានបើកឲ្យបញ្ជាទិញនៅបារាំង
HP Slate 7 គឺជាកុំព្យូទ័របន្ទះស្ដើងដំបូងរបស់ក្រុមហ៊ុន HP ដែលដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android ហើយកាលពីពេលថ្មីៗនេះក្រុមហ៊ុនទើបតែបានប្រកាសថា កុំព្យូទ័របន្ទះស្ដើងថ្មីរបស់ខ្លួន (HP Slate 7) នឹងត្រូវពន្យារពេលនាំចេញលក់រហូតដល់ខែមិថុនា គឺមិនមែននាំចេញលក់ក្នុងខែមេសា ទេ ។
ដោយឡែកថ្ងៃនេះយើងទើបតែទទួលបានព័ត៌មានថ្មីថា កុំព្យូទ័របន្ទះស្ដើងថ្មី HP Slate 7 ត្រូវបានក្រុមហ៊ុនផ្គត់ផ្គង់សេវាទូរស័ព្ទនៅប្រទេសបារាំងមួយឈ្មោះ Rue Du Commerce បើកឲ្យមានការបញ្ជាទិញនូវកុំព្យូទ័របន្ទះស្ដើងថ្មីនេះហើយនៅលើគេហទំព័ររបស់ខ្លួនដែលមានតម្លៃ €149 ($194.19) ហើយនឹងអាចធ្វើការនាំចេញនាថ្ងៃទី១ ខែមិថុនា ។
សូមបញ្ជាក់ថា កុំព្យូទ័របន្ទះស្ដើង HP Slate 7 គឺមានអេក្រង់ត្រឹមតែ 7-inch ប៉ុណ្ណោះ ហើយចំពោះតម្លៃវិញគឺប្រហែល $160 នៅអាមេរិក និង $149 តម្លៃក្នុងទីផ្សារអឺរ៉ុប តាមរយៈនេះគេអាចនិយាយបានថា កុំព្យូទ័របន្ទះស្ដើងថ្មីនេះ គឺជាដៃគូប្រកួតពិសេសមួយ ជាមួយនឹង Google Nexus 7 ដែលកំពុងចរាចរលក់នៅលើទីផ្សារបច្ចុប្បន្ន ។ យ៉ាងណាមិញជាមួយតម្លៃប្រហាក់ប្រហែលគ្នាទៅនឹង Nexus 7 គេសង្កេតឃើញថា កុំព្យូទ័របន្ទះស្ដើង HP Slate 7 ហាក់មានប្រៀបជាង Nexus 7 ត្រង់ថា មានកាមេរ៉ាទំហំ 3MP និងថែមទាំងអាចបន្ថែម microSD card បាន ស្របពេលដែល Nexus 7 មានតែកាមេរ៉ាទំហំត្រឹម 1.2MP និងមិនមានរន្ធសម្រាប់ microSD card ។

